ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
លោក ហង់ ជួន ណារ៉ុន ចំណាយពេលពេញមួយថ្ងៃបង្រៀនក្មេងស្រីដែលចង់ក្លាយជារដ្ឋមន្ត្រីអប់រំ
10, Oct 2017 ,
7:19 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ចាន់គី ចង់ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ នាពេលអនាគត។ លោក ហង់ ជួន ណារ៉ុន ក៏មិនចង្អៀតចង្អល់ចំពោះការតាំងចិត្ត នេះ ដែរ។ តាមរយៈកម្មវិធី «ខ្ញុំដើម្បីខ្ញុំ» របស់អង្គការភ្លែនអន្តរជាតិ លោករដ្ឋមន្ត្រី បានចំណាយ ពេលពេញ មួយថ្ងៃ ជាមួយជ័យលា ភីដែលទើបប្រឡងជាប់បាក់ឌុបពីខេត្តសៀមរាបរូបនេះ ដើម្បីចែករំលែក និងបង្ហាញពីការងារដែលលោកប្រតិបត្តិជាប្រចាំ ។
«របៀបរបបដឹកនាំការងារ ការរៀបចំផែនការ និងការដឹកនាំកិច្ចប្រជុំ ជាដើម»។ ទាំងនេះ គឺផ្នែកនៃការងារស្នូល ដែលយុវតី ចាន់គី បានរៀនសូត្រពីលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោយការចំណាយពេលពេញមួយថ្ងៃនៅទីស្តីការក្រសួង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ។
ចាន់គី ទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តសៀមរាប ហើយកំពុងត្រៀមប្រឡងនៅសាលាគរុកោសល្យដើម្បីតោងយកអាជីពជាគ្រូបង្រៀនម្នាក់។ ទោះបីជាយ៉ាងក៏ដោយ យុវតីវ័យ១៨ឆ្នាំរូបនេះ មានគោលដៅខ្ពស់ និងច្បាស់លាស់មួយនាពេលអនាគត ដោយនាងចង់ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ។
តាមរយៈកម្មវិធី «ខ្ញុំដើម្បីខ្ញុំ» របស់អង្គការភ្លែនអន្តរជាតិ នាងមានឱកាសជួបលោក ហង់ ជួន ណារ៉ុន ដែលជាអាយដូល [និមិត្តរូប] របស់ខ្លួន ដើម្បីរៀនសូត្រពីការងារក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ «ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលយុវជន កំណត់គោលដៅ និងមហិច្ឆតាច្បាស់លាស់សម្រាប់អនាគតខ្លួន»។ នេះជាការលើកឡើងរបស់លោក ហង់ ជួន ណារ៉ុន ដោយអះអាងថា ក្រសួងអប់រំ ស្វាគមន៍ និងផ្តល់ឱកាសជានិច្ចចំពោះយុវជន ដែលមានគោលដៅពិតប្រាកដ។
សម្រាប់កញ្ញា ចាន់គី ការចំណាយពេលពេញមួយថ្ងៃ ដោយដើរតួនាទីជាអ្នកកាន់ការងារជំនួសរដ្ឋមន្ត្រីអប់រំ គឺកម្លាំងចិត្តមួយដែលនាំឲ្យនាងបន្តឈោងចាប់ក្តីស្រមៃរបស់ខ្លួន។ នាងតាំងចិត្តថា៖ «ខ្ញុំទទួលស្គាល់ថា ការងារនេះពិតជាពិបាក ប៉ុន្តែខ្ញុំមិនបោះបង់ក្តីស្រមៃនោះឡើយ។ ខ្ញុំត្រូវតែសម្រេចក្តីស្រមៃនេះឲ្យបាន»។
យុវតីអ្នកខេត្តសៀមរាបរូបនេះ បានអះអាងថា៖ « ខ្ញុំស្រឡាញ់ការងារក្នុងវិស័យអប់រំ ព្រោះវិស័យអប់រំ ជួយបណ្ដុះបណ្ដាលធនធានមនុស្សគ្រប់រូប ឲ្យមានអាជីព និងមានចំណេះដឹង»។ លោក ហង់ ជួន ណារ៉ុន បានលើកទឹកចិត្តថា ការងារទាំងអស់សុទ្ធតែមិនងាយស្រួល ប៉ុន្តែការកសាងសមត្ថភាព ចំណេះដឹង ការប្តេជ្ញាចិត្ត បំនិនជីវិត និងបទពិសោធន៍ អាចជម្នះនូវឧបសគ្គគ្រប់បែបយ៉ាង។
«ខ្ញុំដើម្បីខ្ញុំ» ជាកម្មវិធីលើកកម្ពស់ក្មេងស្រីនៅក្នុងភាពជាអ្នកដឹកនាំ តាមរយៈដើរតួនាទីជំនួសក្នុងមុខតំណែងសំខាន់ណាមួយ។ កម្មវិធីនេះ ធ្វើឡើងទន្ទឹមគ្នាជាមួយកម្មវិធី ក្មេងស្រីនៅក្នុងតួនាទីជាអ្នកដឹកនាំ៥០០ផ្សេងទៀតនៅប្រទេសជាង៦០ ក្នុងការទាមទារឲ្យមានការប្រឆាំងនឹងការរើសអើង ដែលរារាំងឱកាសរបស់ស្ត្រី និងក្មេងស្រី។
នៅកម្ពុជា នាឱកាសនៃការប្រារព្ធទិវាក្មេងស្រីអន្តរជាតិថ្ងៃទី១១ ខែតុលា ក្មេងស្រីប្រមាណ២០នាក់ មកពីតំបន់ដាច់ស្រយាល ត្រូវដើរតួនាទីជំនួស រដ្ឋមន្ត្រីក្រសួងអប់រំ ព្រឹទ្ធបុរសសាកលវិទ្យាល័យ និងនាយកអង្គការមិនមែនរដ្ឋាភិបាល។
លោក យេន យេប ក្លែនរេនស៊ីង្គ (JAN JAAP KLEINRENSINK) នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា៖ «តាមរយៈកម្មវិធីនេះ អង្គការភ្លែន ចង់បង្ហាញពិភពលោកថា ស្ត្រី និងក្មេងស្រី ដែលមានសុបិនធ្វើអ្វីមួយ គឺមានលទ្ធផល និងអាចកាន់តួនាទីនោះផងដែរ»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រដ្ឋមន្ត្រីក្រសួងអប់រំ
អង្គការភ្លែន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម