ជាតិ
​លោក ហង់ ជួន ណា​រ៉ុ​ន ចំណាយពេល​ពេញ​មួយថ្ងៃ​បង្រៀន​ក្មេងស្រី​ដែល​ចង់​ក្លាយជា​រដ្ឋមន្ត្រី​អប់រំ​
10, Oct 2017 , 7:19 pm        
រូបភាព
​ចាន់​គី ចង់​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​អប់រំ នាពេល​អនាគត​។ លោក ហង់ ជួន ណា​រ៉ុ​ន ក៏​មិន​ចង្អៀតចង្អល់​ចំពោះ​ការតាំង​ចិត្ត នេះ ដែរ​។ តាមរយៈ​កម្មវិធី «​ខ្ញុំ​ដើម្បី​ខ្ញុំ​» របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ លោក​រដ្ឋមន្ត្រី បាន​ចំណាយ ពេល​ពេញ មួយថ្ងៃ ជាមួយ​ជ័យ​លា ភី​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​ពី​ខេត្តសៀមរាប​រូបនេះ ដើម្បី​ចែករំលែក និង​បង្ហាញ​ពី​ការងារ​ដែល​លោក​ប្រតិបត្តិ​ជាប្រចាំ ។​



«​របៀបរបប​ដឹកនាំ​ការងារ ការរៀបចំ​ផែនការ និង​ការដឹកនាំ​កិច្ចប្រជុំ ជាដើម​»​។ ទាំងនេះ គឺ​ផ្នែក​នៃ​ការងារ​ស្នូល ដែល​យុវតី ចាន់​គី បាន​រៀនសូត្រ​ពី​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ក្រោយ​ការ​ចំណាយពេល​ពេញ​មួយថ្ងៃ​នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៧ ។​



​ចាន់​គី ទើបតែ​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ខេត្តសៀមរាប ហើយ​កំពុង​ត្រៀមប្រឡង​នៅ​សាលា​គរុកោសល្យ​ដើម្បី​តោង​យក​អាជីព​ជា​គ្រូបង្រៀន​ម្នាក់​។ ទោះបីជា​យ៉ាង​ក៏ដោយ យុវតី​វ័យ​១៨​ឆ្នាំ​រូបនេះ មាន​គោលដៅ​ខ្ពស់ និង​ច្បាស់លាស់​មួយនា​ពេលអនាគត ដោយ​នាង​ចង់​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​។​

​តាមរយៈ​កម្មវិធី «​ខ្ញុំ​ដើម្បី​ខ្ញុំ​» របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ នាង​មានឱកាស​ជួប​លោក ហង់ ជួន ណា​រ៉ុ​ន ដែលជា​អាយ​ដូ​ល [​និមិត្តរូប​] របស់ខ្លួន ដើម្បី​រៀនសូត្រ​ពី​ការងារ​ក្នុងតួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​យុវជន កំណត់​គោលដៅ និង​មហិច្ឆតា​ច្បាស់លាស់​សម្រាប់​អនាគត​ខ្លួន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហង់ ជួន ណា​រ៉ុ​ន ដោយ​អះអាងថា ក្រសួង​អប់រំ ស្វាគមន៍ និង​ផ្តល់ឱកាស​ជានិច្ច​ចំពោះ​យុវជន ដែលមាន​គោលដៅ​ពិតប្រាកដ​។​



​សម្រាប់​កញ្ញា ចាន់​គី ការចំណាយ​ពេល​ពេញ​មួយថ្ងៃ ដោយ​ដើរតួនាទី​ជា​អ្នកកាន់ការ​ងារ​ជំនួស​រដ្ឋមន្ត្រី​អប់រំ គឺ​កម្លាំងចិត្ត​មួយ​ដែល​នាំ​ឲ្យ​នាង​បន្ត​ឈោង​ចាប់​ក្តី​ស្រមៃ​របស់ខ្លួន​។ នាង​តាំងចិត្ត​ថា​៖ «​ខ្ញុំ​ទទួលស្គាល់ថា ការងារ​នេះ​ពិតជា​ពិបាក ប៉ុន្តែ​ខ្ញុំ​មិន​បោះបង់​ក្តី​ស្រមៃ​នោះឡើយ​។ ខ្ញុំ​ត្រូវតែ​សម្រេច​ក្តី​ស្រមៃ​នេះ​ឲ្យ​បាន​»​។​

​យុវតី​អ្នក​ខេត្តសៀមរាប​រូបនេះ បាន​អះអាងថា​៖ « ខ្ញុំ​ស្រឡាញ់​ការងារ​ក្នុង​វិស័យ​អប់រំ ព្រោះ​វិស័យ​អប់រំ ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​គ្រប់រូប ឲ្យ​មាន​អាជីព និង​មានចំណេះដឹង​»​។  លោក ហង់ ជួន ណា​រ៉ុ​ន បាន​លើកទឹកចិត្ត​ថា ការងារ​ទាំងអស់​សុទ្ធ​តែ​មិន​ងាយស្រួល ប៉ុន្តែ​ការកសាង​សមត្ថភាព ចំណេះដឹង ការប្តេជ្ញាចិត្ត បំ​និ​ន​ជីវិត និង​បទពិសោធន៍ អាច​ជម្នះ​នូវ​ឧបសគ្គ​គ្រប់បែបយ៉ាង​។​

«​ខ្ញុំ​ដើម្បី​ខ្ញុំ​» ជា​កម្មវិធី​លើកកម្ពស់​ក្មេងស្រី​នៅក្នុង​ភាពជា​អ្នកដឹកនាំ តាមរយៈ​ដើរតួនាទី​ជំនួស​ក្នុង​មុខតំណែង​សំខាន់​ណាមួយ​។ កម្មវិធី​នេះ  ធ្វើឡើង​ទន្ទឹមគ្នា​ជាមួយ​កម្មវិធី ក្មេងស្រី​នៅក្នុង​តួនាទី​ជា​អ្នកដឹកនាំ​៥០០​ផ្សេងទៀត​នៅ​ប្រទេស​ជាង​៦០ ក្នុងការ​ទាមទារ​ឲ្យ​មានការ​ប្រឆាំងនឹង​ការរើសអើង ដែល​រារាំង​ឱកាស​របស់​ស្ត្រី និង​ក្មេងស្រី​។  



​នៅ​កម្ពុជា នាឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​ក្មេងស្រី​អន្តរជាតិ​ថ្ងៃទី​១១ ខែតុលា ក្មេងស្រី​ប្រមាណ​២០​នាក់ មកពី​តំបន់​ដាច់ស្រយាល ត្រូវ​ដើរតួនាទី​ជំនួស រដ្ឋមន្ត្រីក្រសួង​អប់រំ ព្រឹទ្ធបុរស​សាកលវិទ្យាល័យ និង​នាយក​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​លោក យេន យេ​ប ក្លែ​ន​រេ​ន​ស៊ី​ង្គ (JAN JAAP KLEINRENSINK) នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​លើកឡើងថា​៖ «​តាមរយៈ​កម្មវិធី​នេះ អង្គការ​ភ្លែ​ន ចង់បង្ហាញ​ពិភពលោក​ថា ស្ត្រី និង​ក្មេងស្រី ដែលមាន​សុបិន​ធ្វើ​អ្វីមួយ គឺមាន​លទ្ធផល និង​អាច​កាន់​តួនាទី​នោះ​ផងដែរ​»៕


Tag:
 រដ្ឋមន្ត្រីក្រសួង​អប់រំ​
  អង្គការ​ភ្លែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com