ជាតិ
សេដ្ឋកិច្ច
World bank៖ ប្រាក់​បញ្ញើ​ពលករ​ចំណាកស្រុក​នៅ​អាស៊ាន​មាន​ចំនួន ៦២​ពាន់​លាន​ដុល្លារ​
10, Oct 2017 , 5:11 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារពិភពលោក (World Bank) អះអាងថា ទំហំ​ទឹកប្រាក់​សរុប​ដែល​ពលករ​ចំណាកស្រុក​នៅ​តំបន់​អាស៊ាន​បាន​ផ្ញើមក​ស្រុកកំណើត​របស់ខ្លួន​មាន​ចំនួន​ប្រមាណ ៦២​ពាន់​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​២០១៥ ។ នេះ​បើតាម​របាយ​របស់​ធនា​គារ​មួយ​នេះ ដែល​អង្កេត​ពី​ការធ្វើ​ចំណាកស្រុក​របស់​ពលក​រ​ក្នុង​តំបន់​អាស៊ាន​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០១៥ ហើយ​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៩​ខែតុលា​។​



​ប្រាក់​ដែល​ពលករ​ផ្ញើ​ទៅកាន​ប្រទេស​កំណើត​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ាន ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន ៦២​ពាន់​លាន​ដុល្លារ​។ ការផ្ញើ​ប្រាក់​នេះ​របស់​ពលករ​ហ្វីលីពីន គឺ​ស្មើ ១០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP), ពលករ​វៀតណាម ៧​ភាគរយ​នៃ​GDP, ពលករ​មី​យ៉ាន់​ម៉ា ៥​ភាគរយ និង​ពលករ​កម្ពុជា គឺ​ស្មើ ៣​ភាគរយ​នៃ GDP ។​

​របាយការណ៍​ដដែល​នេះ​ឲ្យ​ដឹង​ទៀតថា ចំណាកស្រុក​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ាន បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ចន្លោះ​ពី​ឆ្នាំ ១៩៩៥ ដល់​ឆ្នាំ ២០១៥ ដោយបាន​ប្រែក្លាយ​ប្រទេស ម៉ាឡេស៊ី សិង្ហ​បុរី និង​ប្រទេស​ថៃ ទៅជា​មជ្ឈមណ្ឌល​សម្រាប់​ពលករ​ចំណាកស្រុក ចំនួន ៦,៥​លាន​នាក់​រស់នៅ គឺ​ស្មើនឹង ៩៦​ភាគរយ​ទៅហើយ​នៃ​ចំនួន​ពលករ​ចំណាកស្រុក​សរុប​ក្នុង​តំបន់​អាស៊ាន​។​

​ពលករ​ចំណាកស្រុក​នៃ​ប្រទេស​អាស៊ាន​ដែលមាន​ជំនាញ​ទាប និង​ភាគច្រើន​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ បានធ្វើ​បម្លាស់​ទី​ដើម្បី​ស្វែងរក​ឱកាស​សេដ្ឋកិច្ច ហើយ​ពួកគេ​ភាគច្រើន​ធ្វើការ​នៅក្នុង​វិស័យ​សំណង់ ដាំ​ដុះ និង​បម្រើការ​តាម​ផ្ទះ​។ របាយការណ៍​បន្ថែមថា អាស៊ាន​ចាប់ផ្ដើម​សម្របសម្រួល​ដល់​បម្លាស់​ទី​ពលកម្ម​ហើយ ប៉ុន្តែ​បទបញ្ញត្តិ​ជាច្រើន គឺ​គ្របដ​ណ្ដា​ប់​តែ​ទៅលើ​មុខរបរ​ជំនាញ​ជាក់លាក់​ប៉ុណ្ណោះ​។

​បញ្ហា​ប្រឈម​សំខាន់​នោះ គឺ​នីតិវិធី​ទទួលយក​ពលករ​ចំណាកស្រុក​នៅ​ទូទាំង​តំបន់​អាស៊ាន​នៅមានកម្រិត​នៅឡើយ​។ របាំង​ជាច្រើន ដូចជា​ដំណើរការ​ជ្រើសរើស​ពល​ករ​ត្រូវ​ចំណាយ​ខ្ពស់ និង​ប្រើ​រយៈពេល​យូរ ការ​រឹតត្បិត​លើ​កូតា​ពលករ​បរទេស និង​គោលនយោបាយ​ការងារ​តឹងរឹង បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខមាលភាព​របស់​ពល​ករ​។ ការ​រឹតត្បិត​នេះ​ដោយសារ​ប្រទេស​ទទួល​ពលករ​យល់ថា លំហូរ​ពលករ​នេះ​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​អវិជ្ជមាន​ទៅលើ​សេដ្ឋកិច្ច​ប្រទេស​ខ្លួន តែ​ជាក់ស្ដែង​លំហូរ​ពលករ​នេះ​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​ទាំងនោះ​ទៅវិញ​ទេ​។ នេះ​បើតាម​របាយការណ៍​ខាងលើ​។​

​ដំណើរការ​នីតិវិធី​ផ្លូវ​ការងាយៗ ជា​ដំណោះស្រាយ​ជួយ​កាត់បន្ថយ​តម្លៃ​បម្លាស់​ទី​របស់​ពលករ​។ សេដ្ឋវិទូ​របស់​ធនាគា​រ​ពិភពលោក លោក Mauro Testaverde ដែលជា​អ្នកដឹកនាំ​សរសេរ​របាយការណ៍​នេះ បាន​សង្កត់ធ្ងន់​លើ​បញ្ហា​ថ្លៃ​ចំណាយ​ដូច្នេះ​ថា​៖«​មិន​ថា​ពលករ​ចង់​ធ្វើ​ចំណាកស្រុក​ទៅកាន់​ទីណា​ទេ​ក្នុង​តំបន់​អាស៊ាន​នេះ ពួកគេ​ប្រឈម​នឹង​ការ​បម្លាស់​ទី​ដែល​ចំណាយ ៣ ឬ​៤​ដង​នៃ​ប្រាក់បៀវត្សរ៍​មធ្យម​ប្រចាំឆ្នាំ​របស់ខ្លួន​។ ការកែលម្អ​ចំណាកស្រុក អាចជួយ​កាត់​បន្ថយថ្លៃ​ចំណាយ​របស់​ពលករ​ទាំង​នោះ​នៅពេល​អនាគត និង​ជួយ​ប្រទេស​ទាំងនេះ​ឆ្លើយតបបាន​ប្រសើ​ទៅនឹង​តម្រូវការ​ពលកម្ម​រប​ស់​ខ្លួន​»​។​



Tag:
 ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com