ជាតិ
សេដ្ឋកិច្ច
World bank៖ ប្រាក់បញ្ញើពលករចំណាកស្រុកនៅអាស៊ានមានចំនួន ៦២ពាន់លានដុល្លារ
× ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) អះអាងថា ទំហំទឹកប្រាក់សរុបដែលពលករចំណាកស្រុកនៅតំបន់អាស៊ានបានផ្ញើមកស្រុកកំណើតរបស់ខ្លួនមានចំនួនប្រមាណ ៦២ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៥ ។ នេះបើតាមរបាយរបស់ធនាគារមួយនេះ ដែលអង្កេតពីការធ្វើចំណាកស្រុករបស់ពលករក្នុងតំបន់អាស៊ានពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៥ ហើយដែលបានចុះផ្សាយនៅថ្ងៃទី៩ខែតុលា។
ប្រាក់ដែលពលករផ្ញើទៅកានប្រទេសកំណើតរបស់ខ្លួននៅក្នុងតំបន់អាស៊ាន ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦២ពាន់លានដុល្លារ។ ការផ្ញើប្រាក់នេះរបស់ពលករហ្វីលីពីន គឺស្មើ ១០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP), ពលករវៀតណាម ៧ភាគរយនៃGDP, ពលករមីយ៉ាន់ម៉ា ៥ភាគរយ និងពលករកម្ពុជា គឺស្មើ ៣ភាគរយនៃ GDP ។
របាយការណ៍ដដែលនេះឲ្យដឹងទៀតថា ចំណាកស្រុកពីប្រទេសមួយទៅប្រទេសមួយនៅក្នុងតំបន់អាស៊ាន បានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងចន្លោះពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០១៥ ដោយបានប្រែក្លាយប្រទេស ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ ទៅជាមជ្ឈមណ្ឌលសម្រាប់ពលករចំណាកស្រុក ចំនួន ៦,៥លាននាក់រស់នៅ គឺស្មើនឹង ៩៦ភាគរយទៅហើយនៃចំនួនពលករចំណាកស្រុកសរុបក្នុងតំបន់អាស៊ាន។
ពលករចំណាកស្រុកនៃប្រទេសអាស៊ានដែលមានជំនាញទាប និងភាគច្រើនគ្មានលិខិតស្នាមត្រឹមត្រូវ បានធ្វើបម្លាស់ទីដើម្បីស្វែងរកឱកាសសេដ្ឋកិច្ច ហើយពួកគេភាគច្រើនធ្វើការនៅក្នុងវិស័យសំណង់ ដាំដុះ និងបម្រើការតាមផ្ទះ។ របាយការណ៍បន្ថែមថា អាស៊ានចាប់ផ្ដើមសម្របសម្រួលដល់បម្លាស់ទីពលកម្មហើយ ប៉ុន្តែបទបញ្ញត្តិជាច្រើន គឺគ្របដណ្ដាប់តែទៅលើមុខរបរជំនាញជាក់លាក់ប៉ុណ្ណោះ។
បញ្ហាប្រឈមសំខាន់នោះ គឺនីតិវិធីទទួលយកពលករចំណាកស្រុកនៅទូទាំងតំបន់អាស៊ាននៅមានកម្រិតនៅឡើយ។ របាំងជាច្រើន ដូចជាដំណើរការជ្រើសរើសពលករត្រូវចំណាយខ្ពស់ និងប្រើរយៈពេលយូរ ការរឹតត្បិតលើកូតាពលករបរទេស និងគោលនយោបាយការងារតឹងរឹង បានធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពរបស់ពលករ។ ការរឹតត្បិតនេះដោយសារប្រទេសទទួលពលករយល់ថា លំហូរពលករនេះធ្វើឲ្យបះពាល់ដល់អវិជ្ជមានទៅលើសេដ្ឋកិច្ចប្រទេសខ្លួន តែជាក់ស្ដែងលំហូរពលករនេះបានជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងនោះទៅវិញទេ។ នេះបើតាមរបាយការណ៍ខាងលើ។
ដំណើរការនីតិវិធីផ្លូវការងាយៗ ជាដំណោះស្រាយជួយកាត់បន្ថយតម្លៃបម្លាស់ទីរបស់ពលករ។ សេដ្ឋវិទូរបស់ធនាគារពិភពលោក លោក Mauro Testaverde ដែលជាអ្នកដឹកនាំសរសេររបាយការណ៍នេះ បានសង្កត់ធ្ងន់លើបញ្ហាថ្លៃចំណាយដូច្នេះថា៖«មិនថាពលករចង់ធ្វើចំណាកស្រុកទៅកាន់ទីណាទេក្នុងតំបន់អាស៊ាននេះ ពួកគេប្រឈមនឹងការបម្លាស់ទីដែលចំណាយ ៣ ឬ៤ដងនៃប្រាក់បៀវត្សរ៍មធ្យមប្រចាំឆ្នាំរបស់ខ្លួន។ ការកែលម្អចំណាកស្រុក អាចជួយកាត់បន្ថយថ្លៃចំណាយរបស់ពលករទាំងនោះនៅពេលអនាគត និងជួយប្រទេសទាំងនេះឆ្លើយតបបានប្រសើទៅនឹងតម្រូវការពលកម្មរបស់ខ្លួន»។
© រក្សាសិទ្ធិដោយ thmeythmey.com