កីឡាជាតិ
ជាតិ
ក្បូន​ម៉ូតូ​ស​១២​គ្រឿង​ត្រៀម​ដង្ហែ​ម្ចាស់​មេដាយមាស​ពិភពលោក​កាយ​វប្បកម្ម​
11, Oct 2017 , 7:59 am        
រូបភាព
ដោយ:
​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ក្បួន​ដង្ហែ​ដោយមាន​ម៉ូតូ​សអម​១២​គ្រឿង​ដើម្បី​ទទួល​ក្រុម​អត្ត​ព​លិ​ក​កីឡា​កាយ​វប្បកម្ម​ដែល​បាន​សាង​ភាពល្បីល្បាញ​ឲ្យ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​តាមរយៈ​ការ​ឈ្នះ​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​១​ពី​ការប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​ប្រទេស​ម៉ុង​ហ្គោ​លី​។ ក្បួន​ដង្ហែ​នៅ​ថ្ងៃទី​១១ តុលា នេះ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាត់​ដង​មហាវិថី​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បញ្ចប់​នៅ​ទី​ស្នាក់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។



​ដើម្បី​ជាការ​អបអរ​ដ៏​ដូចជា​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៩​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​ប្រទេស​ម៉ុង​ហ្គោ​លី រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​ក្បួន​រថយន្ត​ដោយមាន​ម៉ូតូ​សអម​ចំនួន​១២​គ្រឿង ដើម្បី​ដង្ហែ​ប្រតិភូ​កីឡា​កាយ​វប្បកម្ម​ដែល​មកដល់​មាតុប្រទេស​នា​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ នេះ​។

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​ថ្ងៃទី​១០ តុលា ក្បួន​ដង្ហែ​នឹង​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​៣​រសៀល ដោយ​ធ្វើដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្ពោះទៅកាន់​មហាវិថី​ព្រះ​នរោត្តម រួច​បន្តដំណើរ​ទៅកាន់​វិមានឯករាជ្យ​។ បន្ទាប់មក​បត់​តាមផ្លូវ​សុធារស​ដង្ហែ​ព័ន្ធ​សួនច្បារ​នាគ​បាញ់​ទឹក​ចូលទៅ​មហាវិថី​ព្រះ​នរោត្តម​កាត់​តាម​វិមានឯករាជ្យ រួចហើយ​បន្តដំណើរ​តាម​មហាវិថី​ព្រះសីហនុ​ឆ្ពោះទៅកាន់​ទីស្នាក់ការ NOCC ដើម្បី​បញ្ចប់​ក្បួន​ដង្ហែ​។

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក WBPF World Bodybuilding & Physique Sports Championships ប្រចាំឆ្នាំ​២០១៧ រៀបចំ​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​ប្រទេស​ម៉ុង​ហ្គោ​លី​ចន្លោះ​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៩ ខែតុលា ដោយមាន​ជាង​៧០​ប្រទេស​ចូលរួម​។ កម្ពុជា​បាន​បញ្ជូន​កីឡាករ​៣​រូប​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ជា​លទ្ធផល​កីឡាករ សំបូរ ណាន ឈ្នះ​មេដាយមាស ខណៈ​កីឡាករ តឹក ប៊ុន​វី ទទួលបាន​មេដាយប្រាក់ និង​កីឡាករ ណុំ សុ​បិ​ន្ត ទទួលបាន​មេដាយ​សំរឹទ្ធ​៕  


Tag:
 កាយ​វប្បកម្ម​
  តឹង ប៊ុន​វី​
  សំបូរ ណាន​
  ណុំ សុ​បិ​ន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com