កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ព័រ​ទុយ​ហ្គា​ល់ និង​បារាំង ឡើង ខណៈ​ហូ​ឡង់​រង​ការឈឺចាប់​
11, Oct 2017 , 9:12 am        
រូបភាព
ដោយ: រួបរួម
​ព័រ​ទុយ​ហ្គា​ល់ និង​បារាំង បានទទួល​ជ័យជម្នះ​ក្នុង​ពូ​ល​រៀងៗ ដើម្បី​កក់​បាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​។​



​នា​ជំនួប​ពូ​ល B នៅ​ក្រុង Lisbon ជើងឯក Euro ព័រ​ទុយ​ហ្គា​ល់ បាន​យកឈ្នះ​ស្វី​ស ២-០ ដោយសារ​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Johan Djourou និង​ការបន្ថែម​គ្រាប់​ទី​ពីរ​របស់ Andre Silva​។​

​សម្រាប់​ការប្រកួត​ពូ​ល A ជើងឯក​រង Euro បារាំង បាន​យកឈ្នះ​ភ្ញៀវ​បេឡា​រុស ២-១ ។ Antoine Griezmann និង Olivier Giroud ស៊ុត​បាល់​បញ្ចូល​ទី​ជា​បន្តបន្ទាប់​សម្រាប់​បារាំង ហើយ Anton Saroka វាយបក​១​គ្រាប់​វិញ​សម្រាប់​បេឡា​រុស មុន​បញ្ចប់​វគ្គ​ទី​១ ។​

​វា​ជា​រាត្រី​ដ៏​ខកចិត្ត​បំផុត​សម្រាប់​ហូ​ឡង់​នៅក្នុង​ការប្រកួត​ពូ​ល A ដែល​ពួកគេ​ត្រូវការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងហោច​៧​គ្រាប់​លើ​ភ្ញៀវ​ស៊ុយអែត​។ ការប្រឹងប្រែង​របស់​ពួកគេ​នាំ​ឲ្យ Arjen Robben រកបាន​២​គ្រាប់​នៅ​វគ្គ​ទី​១ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ឡើយ​ក្នុងការ​ទទួលបាន​សំបុត្រ​ទៅកាន់​រុស្ស៊ី​។​

​បារាំង និង​ព័រ​ទុយ​ហ្គា​ល់ ត្រូវ​រួម​ដំណើរ​ជាមួយ​ក្រុម​អឺរ៉ុប​ផ្សេងទៀត រួមមាន​អាល្លឺម៉ង់ ស៊ែ​ប៊ី ប៉ូឡូញ អង់គ្លេស អេ​ស្ប៉ា​ញ និង​អ៊ី​ស្លង់ ខណៈ​៨​ក្រុម​ផ្សេងទៀត​ត្រូវ​ប្រជែង​គ្នា​សម្រាប់​កៅអី​៤​ចុងក្រោយ​។ ក្រុម​ទាំងនោះ​មាន​ស៊ុយអែត ស្វី​ស អៀរ​ឡង់​ខាងជើង សាធារណរដ្ឋ​អៀរ​ឡង់ ដា​ណឺ​ម៉ាក អ៊ីតាលី ក្រិ​ក និង​ក្រូ​អាស៊ី​៕


Tag:
 World Cup
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com