កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អ៊ុយរូហ្គាយ អាហ្សង់ទីន និងកូឡុំប៊ី បានកៅអី ប៉េរូជាប់ជម្រុះ ស៊ីលីខកចិត្ត
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ អាហ្សង់ទីន និងកូឡុំប៊ី ត្រូវរួមដំណើរជាមួយប្រេស៊ីល សម្រាប់ការប្រកួត FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ក្នុងនាមជាក្រុមតំណាងឲ្យសហព័ន្ធ CONMEBOL។ ប៉េរូដែលជាប់លេខ៥ ត្រូវប្រជែងជាមួយនូវេលសេឡង់ ខណៈស៊ីលី បញ្ចប់ការប្រកួតដោយទឹកភ្នែក។
សម្រាប់ការប្រកួតជម្រុះនៅតំបន់អាមេរិកឡាទីន (CONMEBOL) អ៊ុយរូហ្គាយ បានទទួលចំណាត់ថ្នាក់លេខ២ ក្រោយជ័យជម្នះ ៤-២ លើភ្ញៀវបូលីវី។ Luis Suarez រកបាន២គ្រាប់ ហើយ Martin Caceres និង Edinson Cavani រួមចំណែកបានម្នាក់១គ្រាប់សម្រាប់អ៊ុយរូហ្គាយ ខណៈ២គ្រាប់របស់បូលីវី ជាគ្រាប់បាល់បញ្ចូលទីខ្លួនឯងរបស់ Gaston Silva និង Diego Godin។
ងាកទៅអាហ្សង់ទីន ដែលមានការចាប់ផ្តើមរអាក់រអួល បានបញ្ចប់ចំណាត់ថ្នាក់លេខ៣ ដោយ Lionel Messi វាយបកបាន៣គ្រាប់ជាបន្តបន្ទាប់ ក្រោយ Romario Ibarra នាំមុខតាំងពីនាទីដំបូងឲ្យអេក្វាឌ័រ។
កូឡុំប៊ី បានតោងជាប់ចំណាត់ថ្នាក់លេខ៤ ក្រោយបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយម្ចាស់ផ្ទះប៉េរូ។ James Rodriguez រកគ្រាប់បាល់នាំមុខឲ្យកូឡុំប៊ី ហើយ Paolo Guerrero វាយបកតាមស្មើវិញ ដើម្បីនាំឲ្យប៉េរូ ទទួលបានកៅអីប្រកួតវគ្គ Playoff ជាមួយក្រុមនៅតំបន់អូសេអានី (OFC) ដែលមាននូវេលសេឡង់ នៅរង់ចាំ។
ស៊ីលី ដែលត្រូវការត្រឹមស្មើនោះ បែរជាទទួលនូវការខកចិត្តយ៉ាងធ្ងន់ធ្ងរ ដោយក្រុមជើងឯកនៅតំបន់អាមេរិកឡាទីនមួយនេះ រងគ្រោះយ៉ាងដំណំនៅលើទឹកដីប្រេស៊ីល។ បើទោះបីជាពួកគេមានកៅអីទៅរុស្ស៊ីដោយស្វ័យប្រវត្តិក៏ដោយ ប៉ុន្តែប្រេស៊ីល បានបន្តកំណត់ត្រានៃជ័យជម្នះ តាមរយៈការបំបាក់ស៊ីលី ៣-០ ដែលសម្រេចបានដោយ Paulinho, និង Gabriel Jesus ពីរគ្រាប់។
ដូច្នេះសម្រាប់តំបន់ CONMEBOL ប្រេស៊ីល អ៊ុយរូហ្គាយ អាហ្សង់ទីន និងកូឡុំប៊ី បានកៅអីទៅរុស្ស៊ី ខណៈប៉េរូ ត្រូវឆ្លងកាត់ការប្រកួតជម្រុះពីនូវេលសេឡង់ រីឯស៊ីលី ប៉ារ៉ាហ្គាយ អេក្វាឌ័រ បូលីវី និងវេណេស៊ុយអេឡា ត្រូវរងចាំឱកាស World Cup ក្រោយទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com