កីឡាជាតិ
ជាតិ
ក្រោយចាញ់វៀតណាម ៥-០ ជំនួបពីរលើកចុងក្រោយរបស់កម្ពុជា ទំនងគ្រាន់តែបង្ក្រប់កិច្ច
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិប្រេស៊ីលលោក Leonardo Vitorino បានប្រកួតចាញ់ក្រុមវៀតណាមយ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ៥-០ នាការប្រកួតវគ្គជម្រុះជើងទី២នៃព្រឹត្តិការណ៍ AFC Asian Cup 2019 កាលពីយប់ថ្ងៃទី១០ តុលា នៅកីឡដ្ឋាន My Dinh Stadium នៅទីក្រុងហាណូយប្រទេសវៀតណាម។ ការបរាជ័យនេះបានធ្វើឲ្យឱកាសឡើងទៅវគ្គបន្តរបស់ក្រុមជម្រើសជាតិកម្ពុជាកាន់តែមានភាពតូចចង្អៀត។
ក្រោយបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងវៀតណាម ៥-០ ក្នុងជើងទី២នៅយប់ថ្ងៃទី១០ តុលា បានធ្វើឲ្យឱកាសឡើងទៅវគ្គបន្តរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 កាន់តែតូចចង្អៀត។ ហើយការបរាជ័យនេះជាសម្ពាធបង្ខំឲ្យក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក Leonardo Vitorino ត្រូវយកឈ្នះទាំងពីរប្រកួតដែលនៅសល់។
ក្រុមជម្រើសជាតិកម្ពុជាត្រូវទទួលស្វាគមន៍ក្រុមហ្ស៊កដានីក្នុងជើងទី២នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ មុនធ្វើដំណើរទៅជួបក្រុមអាហ្វហ្គានីស្ថាននៅកីឡដ្ឋាន Pamir Stadium ក្នុងទីក្រុងឌូស្ហាន់បេប្រទេសតាហ្ស៊ីគីស្ថាននាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។ គួរបញ្ជាក់ថា កាលពីជើងទី១កម្ពុជាបានចាញ់ហ្ស៊កដានីក្នុងលទ្ធផល ៧-០ និងយកឈ្នះអាហ្វហ្គានីស្ថានក្នុងលទ្ធផល ១-០។
បច្ចុប្បន្នកម្ពុជាឈរលេខរៀងទី៣ដោយមាន៣ពិន្ទុក្រោយឈ្នះ១ ចាញ់៣ ខណៈហ្ស៊កដានីឈរកំពូលតារាង និងវៀតណាមឈរលេខ២ដោយមាន៨ពិន្ទុដូចគ្នា រីឯអាហ្វហ្គានីស្ថានឈរបាតតារាងមាន២ពិន្ទុ។
សម្រាប់ការប្រកួតនៅកីឡដ្ឋាន Republican Central Stadium ក្នុងទីក្រុងឌូស្ហាន់បេប្រទេសតាហ្ស៊ីគីស្ថានក្រុមអាហ្វហ្គានីស្ថានបានយកស្មើក្រុមហ្ស៊កដានីក្នុងលទ្ធផល ៣-៣។
ក្រុមជម្រើសជាតិកម្ពុជារួមជាមួយគ្រូបង្វឹក និងមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧៕
Tag:
បាល់ទាត់
AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com