អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​បារី​មួយចំនួន​នៅតែ​មិន​គោរព​តាម​បទ​ប្បញ្ញត្តិ​ស្តីពី​ការ​វេច​ខ្ចប់​ផលិតផល​បារី​
11, Oct 2017 , 2:36 pm         514
រូបភាព
​ភ្នំពេញ ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៧ - ការអនុវត្ត​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​បានអនុម័ត ឆ្នាំ​២០១៥ ដែល​តម្រូវ​ឲ្យ​កញ្ចប់​ផលិតផល​ថ្នាំជក់ ដែល​ដាក់លក់​នៅលើ​ទីផ្សារ​កម្ពុជា​ទាំងអស់ ត្រូវ​បិទ​រូបភាព និង​សារ​ព្រមាន​ជា​អក្សរ​ខ្មែរ អំពី​គ្រោះថ្នាក់​ដល់​សុខភាព បណ្ដាលមកពី​ការជក់បារី គឺជា​ភាពជោគជ័យ​ធំធេង​មួយ ប៉ុន្តែ​ចន្លោះប្រហោង នៃ​ការអនុវត្តន៍ គឺ​នៅ​កើតមាន​នៅឡើយ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​មន្ត្រីនគរបាល ។

​ក្នុងអំឡុងពេល​នគរ​បាល​ចុះ​ត្រួតពិនិត្យ​នៅឯ​ខេត្តកំពត កាលពី​ខែកញ្ញា​កន្លងទៅនេះ ផលិតផល​ថ្នាំជក់​របស់​ម៉ាក​យីហោ​អន្តរជាតិ​ធំៗ  ដែល​បាន​ដាក់លក់ ភាគច្រើន​បាន​គោរព​តាម​បញ្ញត្តិ​ច្បាប់ ដែល​តម្រូវ​ឲ្យ​កញ្ចប់​ផលិតផល​បារី ត្រូវ​ប្រើប្រាស់​សារ​ព្រមាន​សុខភាព​រូបភាព​មួយ ក្នុងចំណោម​រូបភាព​ពីរ ស្មើៗ​គ្នា ដែល​បានកំណត់​ឲ្យ​បោះពុម្ព​ទំហំ ៥០% នៃ​កញ្ចប់ និង ៥ % ទៀត ត្រូវមាន​សារ​ព្រមាន​សុខភាព​ជា​អក្សរ​ខ្មែរ ដែល​បានកំណត់​ឲ្យ​ប្រើប្រាស់​។  យ៉ាងណាក៏ដោយ នគរបាល បាន​រកឃើញថា ម៉ាក​យីហោ​បារី​ក្នុងស្រុក​មួយចំនួន​ហាក់​នៅតែ​គេចវេស មិន​អនុវត្ត​ទៅតាម​ច្បាប់​នេះ​នៅឡើយ​។​    ​



​លោក ពេ​ជ អេ​លី ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពត​បាន​ពន្យល់ថា​៖ “​យើង​មាន​ក្តី​រីករាយ នៅពេល​មើលឃើញថា​ក្រុមហ៊ុន​ថ្នាំជក់ បាន​គោរព​តាម​ប​ទ្ប​ញ្ញត្តិ​នៃ​ច្បាប់​។  យ៉ាងណាមិញ យើង​ក៏បាន​រកឃើញថា ម៉ាក​យីហោ​បារី​មួយចំនួន កំពុងតែ​បំពាន​ច្បាប់​ដោយ​បើកចំហ ។ ម៉ាក​យីហោ​ទាំងនោះ​រួមមាន Cocopalm, Cambo natural, និង Luxury ដែល​យើង​រកឃើញថា មិនបាន​គោរព​តាម​ប​ញ្ញ​តិ្ត ដែល​តម្រូវ​ឲ្យ​អនុវត្ត​លើ​កញ្ចប់​បារី​របស់ខ្លួន​” ។​

​រូបភាព​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហាញ​អំពី​វិធានការ​របស់​នគរបាល បង្ហាញ​ឲ្យ​ឃើញ​ពី​កញ្ចប់​បារី​ដែល​ខុសច្បាប់​ជាច្រើន ។ ការ​វេច​ខ្ចប់​ខ្លះ បែរជា​ដាក់​សារ​ខុស ឬ​ជា​អក្សរ​បរទេស​ទៅវិញ ហើយ​ខ្លះទៀត​ក៏​ពុំ​ព្រម​ដាក់​សារ​ព្រមាន​ជា​រូបភាព និង​អក្សរ​ខ្មែរ​ថ្មី ហើយ​ក្នុង​ករណីខ្លះ រកឃើញថា មានតែ​កញ្ចប់​ពីរ​ដំបូង​ប៉ុណ្ណោះ​នៅក្នុង​សុង​បារី ដែល​បាន​អនុលោម​តាមច្បាប់ ហើយ​កញ្ចប់​ផ្សេងទៀត​សុទ្ធតែ​ល្មើ​សនឹង​ច្បាប់ ។​

​មន្ត្រីនគរបាល​រូបនោះ បាន​មានប្រសាសន៍​ទៀតថា​៖ “​ខណៈដែល​យើង​កំពុង​ស៊ើបអង្កេត​ករណីនេះ​បន្ថែមទៀត យើង​ក៏​អំពាវនាវ ឲ្យ​ក្រុមហ៊ុន​ទាំងអស់​គោរព​ទៅតាម​ច្បាប់ ហើយ​អ្នក​លក់រាយ និង​អ្នក​បោះ​ដុំ​ទាំងអស់ ត្រូវតែ​ប្រាកដថា​ពួកគាត់​ស្តុក​លក់​តែ​បារី​ណា ដែលមាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព​៥០% និង​អក្សរ​ខ្មែរ ៥% តែប៉ុណ្ណោះ​”​។​

​លោក​បាន​បញ្ជាក់ថា នៅពេល​ចុះ​ត្រួតពិនិត្យ​នៅ​ខែ​ក្រោយនេះ ប្រសិនបើ​អ្នកលក់​ត្រូវបាន​រកឃើញថា នៅតែ​បន្ត​លក់​ផលិតផល​ដែល​មិន​គោរព​តាមច្បាប់ នឹងត្រូវ​អញ្ជើញ​មកកាន់​ការិយាល័យ​នគរបាល​ដើម្បី​មាន​វិធាន​ការបន្ត​។​

​លោក​ក៏បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​បារី​ទាំងអស់​គោរព​តាមច្បាប់​របស់​ប្រទេស​កម្ពុជា​។ ទាល់តែ​គ្រប់គ្នា​អនុវត្តតាម​ច្បាប់​ឲ្យ​បាន​ដូចៗ​គ្នា ទើប​ឧស្សាហកម្ម​របស់​យើង អាច​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ជាតិ​ក្នុងការ ដើម្បី​លើកកម្ពស់​ការអប់រំ​ដល់​ពលរដ្ឋ ជុំវិញ​ការជក់បារី ហើយ​ជួយ​ប្រជាជន​កម្ពុជា​ក្នុងការ​សម្រេចចិត្ត​ត្រឹមត្រូវ​មុននឹង​ទិញ​ផលិតផល​បារី​។​



​ច្បាប់​នេះ​មានបំណង​ការពារ​សុខភាព​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការគ្រប់គ្រង​ត្រួតពិនិត្យ​លើ​ការផលិត និង​ការលក់​ផលិតផល​ថ្នាំជក់​។​

​មាត្រា​១០ នៃ​ច្បាប់​បាន​ចែងថា​៖ “​ផលិតករ​ថ្នាំជក់​ក្នុងស្រុក និង​អ្នក​នាំចូល​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​សម្រាប់​ធ្វើការ​ចែកចាយ​លក់ និង​ប្រើប្រាស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​ភាសា​ខ្មែរ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ អំពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​។ សារ​ព្រមាន​សុខ​ភាពជា​រូបភាព​ត្រូវមាន​ទំហំ ៥០ ភាគរយ​យ៉ាងតិច​” ។

​ច្បាប់​នេះ​បាន​បញ្ជាក់ថា ផលិតករ និង​អ្នក​នាំចូល​ផលិតផល​ថ្នាំជក់  ដែល​ត្រូវបាន​រកឃើញថា​ល្មើស​នឹង​ច្បាប់​នឹងត្រូវ​ប្រឈម​ដោយ​ការផាកពិន័យ​ពី ៤​លាន ទៅ ២០​លាន​រៀល ជាមួយ​ការផាកពិន័យ​ជាច្រើនលើក​ទៀត​ក្នុង​រយៈពេល ២​ឆ្នាំ និង​ឈានទៅដល់​ការផាកពិន័យ​ទ្វេដង ៕

(អត្ថបទពាណិជ្ជកម្ម)
Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង