អន្តរជាតិ
ក្រៅពី​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី កងទ័ព​សិង្ហ​បុរី ដឹក​ជំនួយ​ទៅ​ជួយ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​នៅ​បង់​ក្លា​ដែ​ស​
12, Oct 2017 , 8:39 am        
រូបភាព
រូបភាព៖Human Rights Watch
រូបភាព៖Human Rights Watch
ដោយ:
​កងទ័ពជើងគោក​សិង្ហ​បុរី  បាន​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​មានតម្លៃ​ជាង ពីរ​សែន​ដុល្លារ​សិង្ហ​បុរី​ទៅកាន់​បង់​ក្លា​ដែ​ស​ដើម្បី​ជួយ​ដល់​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ភៀសខ្លួន​ទៅកាន់​ទីនោះ ក្រោយពី​មានការ​ប៉ះទង្គិច​ប្រដាប់អាវុធ​នៅក្នុង​រដ្ឋ Rakhine កាលពី​ចុងខែ​សីហា​កន្លងទៅ ។



​យន្តហោះ​ប្រភេទ KC-135R របស់​កងទ័ព​សិង្ហ​បុរី នៅ​ថ្ងៃទី​១០ តុលា បាន​ដឹក​ជំនួយ​មនុស្សធម៌ សិង្ហ​បុរី ដែលមាន​តម្លៃ ២៧០ ០០០ ដុល្លារ​សិង្ហ​បុរី​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​។ នេះ គឺជា​ការនាំយក​ជំនួយ​មនុស្សធម៌​លើកដំបូង​របស់​សិង្ហ​បុរី​ទៅ​ជួយ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា ដែល​កំពុងស្នាក់នៅ​បង់​ក្លា​ដែ​ស​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​ដែល​ផ្ទុះឡើង​កាលពី​ចុងខែ​សីហា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ។​

​ជំនួយ​មនុស្សធម៌​ដែល​កងទ័ព​សិង្ហ​បុរី បាន​ដឹកជញ្ជូន​ទៅដល់​បង់​ក្លា​ដែ​ស​ហើយ​នោះ រួមមាន​ទាំង​អាហារ ភួយ អំពូល​ភ្លើង សាប៊ូ និង​សម្ភារៈ​ចាំបាច់​មួយចំនួនទៀត ដែល​ភាគច្រើន​ផ្តោតលើ​ស្ត្រី និង​កុមារ ដែល​សុទ្ធសឹងតែ​ជា​ជន​ងាយ​រងគ្រោះ ។

​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​សិង្ហ​បុរី​លោក Mohamad Maliki Osman បាន​និយាយថា វិបត្តិ​ជនភៀសខ្លួន​នេះ គឺជា​រឿង​ដែល​នឹកស្មាន​មិន​ដល់ ហើយ​សិង្ហ​បុរី​សង្ឃឹមថា ជំនួយ​របស់​សិង្ហ​បុរី​ក្នុងនាម​ជា​ប្រទេស​តូច​មួយ នឹង​អាចជួយ​ចូលរួមចំណែក​ក្នុង​ការជួយ​សហគមន៍​ដែល​រងគ្រោះ​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ក៏ដូចជា​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ ។ 

​បើតាម​របាយការណ៍រ​បស់​ភ្នាក់ងារ​អង្គការសហប្រជាជាតិ មាន​ជនភៀសខ្លួន​មិនតិចជាង​៣០​ម៉ឺន​នាក់​ឡើយ ដែល​បាន​ចាកចេញ​ពីរ​ដ្ឋ Rakhine  ទៅកាន់​បង់​ក្លា​ដែ​ស ដោយសារតែ​ការប៉ះទង្គិច​នៅ​ចុង​ខែសីហា​កន្លងទៅ ។ របាយការណ៍​ដដែល​ក៏បាន​អះអាង​ដែរ​ថា ជនភៀសខ្លួន​នៅតែ​បន្ត​ចាកចេញ បើទោះបីជា​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម បាន​ស្ងប់ស្ងាត់​ទៅហើយ​ក្តី​។​

​ជុំវិញ​វិបត្តិ​ជនភៀសខ្លួន​នេះដែរ មាន​រដ្ឋ​អាស៊ាន​មួយចំនួន​ដែល​រួមមាន ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ជាដើម​នោះ​កន្លងទៅ បាន​ដឹកជញ្ជូន​ស្បៀង​ទៅកាន់​ជំរំ​បណ្តោះអាសន្ន​ដែល​ជនភៀសខ្លួន​កំពុងតែ​ស្នាក់នៅ​រួច​ខ្លះ​ហើយ ខណៈ ប្រទេស​មួយចំនួន ក៏បាន​ប្រកាស​ត្រៀម​រៀបចំ​ទទួល​ពួកគេ​ដើម្បី​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​រហូត​ដល់​ស្ថានភាព​នៅ​រដ្ឋ​មាន​ជម្លោះ​ប្រដាប់អាវុធ​ខាងលើ​វិល​ទៅរក​ភាពល្អប្រសើរ​វិញ ៕


Tag:
 អាស៊ាន​
  សិង្ហ​បុរី​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com