កីឡាជាតិ
ជាតិ
យុវជន​កម្ពុជា​១៥​រូប​ទទួលបាន​ឱកាស​ទស្សនកិច្ច និង​ផ្លាស់​ប្តូរ​ជំនាញ​លេង​បាល់ឱប​នៅ​ប្រទេស​ជប៉ុន​
12, Oct 2017 , 8:59 am        
រូបភាព
ដោយ:
​ក្រុមយុវជន​កម្ពុជា​ចំនួន​១៥​រូប​ទទួលបាន​ឱកាស​ទៅ​ចែករំលែក​បទពិសោធ ​និង​ចំណេះដឹង​ពី​ការលេង​បាល់ឱប​ជាមួយ​យុវជន​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នៅ​ខេត្ត​ស៊ីន​ហ្សឹ​អ៊ុ​កាប្រទេស​ជប៉ុន​។ ក្រៅពី​ផ្លាស់ប្តូរ​ចំណេះដឹង​ពី​កីឡា​បាល់ឱប​ដំណើរ​ទស្សនកិច្ច​ក្រោម​គម្រោង​«​ក្រុមយុវជន​កីឡា​បាល់ឱប​បណ្តា​ប្រទេស​អាស៊ាន​-​ជប៉ុន​»​យុវជន​កម្ពុជា​នឹងទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​មួយចំនួន​នៅ​ជប៉ុន​ផងដែរ​។​



​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថា​ទូត​ជប៉ុន​កាលពី​ថ្ងៃទី​៦ តុលា យុវជន​កីឡា​បាល់ឱប​កម្ពុជា​ចំនួន​១៥​រូប​ទទួលបាន​ឱកាស​ពី​ក្រសួងការបរទេស​ជប៉ុន ដើម្បី​ទៅ​ចែករំលែក​បទពិសោធ​ទាក់ទង​នឹង​កីឡា​បាល់ឱប​ជាមួយ​ជប៉ុន និង​យុវជន​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ និង​ទី​ម័​រ​ខាងកើត​នៅ​ខេត្ត​ស៊ី​ហ្សឹ​អ៊ុ​កាប្រទេស​ជប៉ុន​ចន្លោះ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧​។

​ក្រៅពី​ចែករំលែក​បទពិសោធ​និង​ផ្លាស់ប្តូរ​ចំណេះដឹង​ពី​កីឡា​បាល់ឱប​តាមរយៈ​កម្មវិធី​«​ក្រុមយុវជន​កីឡា​បាល់ឱប​បណ្តា​ប្រទេស​អាស៊ាន​-​ជប៉ុន​»​ដែល​រៀបចំ​ដោយ​ក្រសួងការបរទេស​ជប៉ុន យុវជន​កម្ពុជា​រួមទាំង​យុវជន​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់​នឹងធ្វើ​ដំណើរ​ទ​ស្សន​កិច្ច​តំបន់​ប្រវត្តិសាស្ត្រ​មួយចំនួន​នៅ​ប្រទេស​ជប៉ុន​ទៀតផង​។

​កម្មវិធី JENESYS 2017 នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ការយល់ដឹង និង​សាង​ទំនាក់ទំនង​រវាង​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​រួមទាំង​ទី​ម័​រ​ខាងកើត​។ ម្យ៉ាងទៀត ដើម្បី​សាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​ឲ្យ​កាន់តែ​រឹងមាំ​ទៅ​ថ្ងៃ​អនាគត​។

​គួរ​បញ្ជាក់ថា តាំងពី​ឆ្នាំ​២០០៧​មកដល់​បច្ចុប្បន្ន​ក្រសួងការបរទេស​ជប៉ុន​បានផ្តល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា​ប្រមាណ​ជា​២​ពាន់​នាក់​ហើយ ដើម្បី​ទៅ​ចែករំលែក​បទពិសោធ និង​ចំណេះដឹង​ផ្សេងៗ​នៅ​ប្រទេស​ជប៉ុន​តាមរយៈ​កម្មវិធី​ខាងលើ​៕ 

Tag:
 បាល់ឱប​
  ជប៉ុន​
  យុវជន​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com