ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មិន​ត្រឹម​ជា​កន្លែង​ហាត់ប្រាណ ស្តា​ត​អូឡាំពិក​ជា​សំណង់​ស្ថាបត្យកម្ម​ដែល​ពលរដ្ឋ​ចង់​ឲ្យ​រក្សាទុក​
12, Oct 2017 , 7:59 pm        
រូបភាព
ទិដ្ឋភាព​បរិវេណ​នៃ​ពហុកីឡាដ្ឋាន​ជាតិ​ អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ៤ ខែ​តុលា​ ឆ្នាំ​២០១៧។
ទិដ្ឋភាព​បរិវេណ​នៃ​ពហុកីឡាដ្ឋាន​ជាតិ​ អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ៤ ខែ​តុលា​ ឆ្នាំ​២០១៧។
ដោយ: VOA
​ភ្នំពេញ ៖ ​លោកស្រី លុយ អ៊ី​ម អាយុ​៧២​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ឆ្លងកាត់​របប​សង្គមរាស្ត្រនិយម ដែល​ដឹកនាំ​ដោយ​អតីត​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ​។ លោកស្រី​បាន​រំឭក​ពេល​មួយ ដែល​លោកស្រី​បានមក​ស្គាល់​ស្តា​ត​អូឡាំពិក ជា​លើកដំបូង កាលពី​លោកស្រី​មាន​អាយុ​ប្រហែល​២០​ឆ្នាំ​។​



​លោកស្រី លុយ អ៊ី​ម បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ការសម្តែង​បែប​ចិន​មួយ ដែល​ប្រព្រឹត្តទៅ​នៅ​ស្តា​ត​អូឡាំពិក​។​

​ក្នុងពេលនោះ លោកស្រី អ៊ី​ម ដែល​រស់នៅក្នុង​ខេត្តកំពង់ស្ពឺ បាន​មកលេង​ម្តាយមីង​នៅ​រាជធានី​ភ្នំពេញ​។ លោកស្រី​មានប្រសាសន៍ថា ពេលនោះ​មាន​មនុស្ស​ច្រើន​ចូល​ទស្សនាការ​សម្តែង​ចិន​នៅ​ស្តា​ត​អូឡាំពិក មានដូចជា ការសម្តែង​ហ៊ី និង​ការលេង​សៀក​ជាដើម​។​

​លោកស្រី​មានប្រសាសន៍ថា​៖

« ...​មនុស្ស​ច្រើនណាស់​។ សំបុត្រ​ថ្លៃ​ទៀត​។ សប្បាយចិត្ត​ពេល​បានមក​»​។​

​លោកស្រី លុយ អ៊ី​ម បាន​រៀបការ​ជាមួយ​បុរស​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បានចាប់ផ្តើម​ជីវិត​រស់នៅ​ទីក្រុង រហូតមកដល់​ពេលនេះ លើកលែង​សម័យ​ខ្មែរក្រហម​។​

​មកដល់​បច្ចុប្បន្ននេះ លោកស្រី លុយ អ៊ី​ម ដែល​ហាក់​នៅ​មាំទាំ ទោះ​មាន​អាយុ​ច្រើន​បន្តិច​ក្តី បាន​លើកឡើងថា ជាង​៣០​ឆ្នាំ​មកហើយ លោកស្រី​បានមក​ស្តា​ត​អូឡាំពិក​នេះ​ជា​រៀងរាល់​ព្រឹក ដើម្បី​ហាត់ប្រាណ​។​

​ក្រោយ​បញ្ចប់​ការហាត់​ប្រាណ​នៅ​ស្តា​ត​អូឡាំពិក នា​ព្រឹក​មួយ លោកស្រី លុយ អ៊ី​ម មានប្រសាសន៍ថា លោកស្រី​បាន​ចំណាយពេល​ពីរ​បី​ម៉ោង គឺ​ចាប់ពី​ម៉ោង​៦​ព្រឹក ហាត់ប្រាណ​តាម​បទ​ចម្រៀង​ចិន ដែល​លោកស្រី​ថា វា​ជួយ​ដល់​ជីពចរ និង​ឲ្យ​គាត់​សម្រាន្ត​លក់​ស្រួល​។​

​លោកស្រី អ៊ី​ម ដែល​មានផ្ទះ​នៅក្បែរ​ស្តា​ត​អូឡាំពិក បាន​រៀបរាប់ថា ខ្យល់អាកាស​នៅទីនេះ​ល្អ ហើយ​កន្លែង​ហាត់ប្រាណ​មាន​ទេសភាព​ស្អាត​។​

​លោកស្រី​បាន​រំឭកថា លោកស្រី​ធ្លាប់​បានឃើញ លោក វណ្ណ មូលី​វណ្ណ ស្ថាបត្យករ​ស្តា​ត​អូឡាំពិក ដើរ​ហាត់ប្រាណ​នៅ​ស្តា​ត​នេះ កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​

​លោកស្រី​មានប្រសាសន៍ថា​៖

«​មុន​គាត់​កាន់​ឈើច្រត់​មក​តើ​! ប៉ុន្មាន​ឆ្នាំមុន ឃើញ​គាត់​។ ស្គាល់​គាត់​ទេតើ​! គេ​ប្រាប់ថា ហ្នឹង​អ្នក​សាងសង់​។ អូ​! ខ្ញុំ​ថា តា​ហ្នឹង​ពូកែ​ណាស់ តា​ហ្នឹង​»​។​

​លោកស្រី​បន្តថា​៖

«​អេ​! មោទនភាព​តើ​! មោទនភាព​! ហើយ​បាន​យើង​ហាត់ប្រាណ​បាន​ស្រួល​។ ទៅរក​ណា​! បាន​ប៉ុណ្ណឹង​ហើយ ម៉េច​ទៀត​ទៅ​លោក​អើយ​!»

​ដោយសារតែ​មានការ​អភិវឌ្ឍ​អគារ​ធំៗ​នៅ​ជុំវិញ​ស្តា​ត  លោកស្រី​មានប្រសាសន៍ថា សំណង់​ទាំងនេះ​ធ្វើ​ឲ្យ​បាត់បង់​ខ្យល់អាកាស​។ លោកស្រី​មានប្រសាសន៍ថា​៖ «​ចាញ់​ពីមុន​! ពីមុន​វា​អត់​សូវ​បាំង​ផ្ទះ​អីចឹង ខ្យល់​ច្រើន​។ ឥឡូវ​បាំង មិនសូវ​ខ្យល់​ដូច​មុន​ទេ​»​។​

​លោកស្រី​បារម្ភ​ថា ស្តា​ត​មួយ​នេះ​អាច​នឹង​ត្រូវបាន​បំបាត់ចោល​នៅពេល​ខាងមុខ ដោយសារ​ការអភិវឌ្ឍ​។​

​លោកស្រី​មានប្រសាសន៍ថា​៖

«​ខ្លាច​តែ​វាយចោល​! ខ្ញុំ​អត់​ចង់​ឲ្យ​គេ​វាយចោល​! ចង់ទុក​អនុស្សាវរីយ៍​! អូ​! បើ​ចង់បាន បាន​ហើយ (​តែ​) គេ​មាន​ស្តាប់​យើង​ឯណា​? គេ​ធ្វើ​ស្រេច​តែ​គេ​! យើង​និយាយ គេ​ស្តាប់​យើង​?»



​ក្នុងនាម​ជា​អ្នក​សហការ​ដ៏​ស្និទ្ធ​ជាមួយ​អតីតព្រះមហាក្សត្រ  លោក វណ្ណ មូលី​វណ្ណ កាលនោះ​ត្រូវបាន​ព្រះបាទ នរោត្តម​សីហនុ ស្នើ​ឲ្យ​សាងសង់​ស្តា​ត​អូឡាំពិក ដើម្បី​ទទួល​ស្វាគមន៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​១៩៦៣​។ ទោះជា​យ៉ាងណា កម្ពុជា​មិនបាន​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​នេះ​ទេ ដោយសារ​បញ្ហា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ពេលនោះ​។​

​ស្តា​ត​អូឡាំពិក​ត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ​១៩៦២ ហើយពីរ​ឆ្នាំ​ក្រោយមក​ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​។​

​ក្នុងចំណោម​ស្នាដៃ​ជាច្រើន​ទៀត​របស់លោក វណ្ណ មូលី​វណ្ណ ស្តា​ត​អូឡាំពិក​ត្រូវបាន​ប្រជាជន​កម្ពុជា និង​ជនបរទេស​កោតសរសើរ​ថា ស្ថាបត្យកម្ម ដែលមាន​ការគិតគូរ​យ៉ាង​ដិតដល់​ចំពោះ​បរិស្ថាន និង​ជា​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប​។​

​សម្រាប់​អតីតព្រះមហាក្សត្រ សម្តេចឪ ដែល​បាន​សោយ​ទិវង្គត​កាលពី​ឆ្នាំ​២០១២  ស្តា​ត​អូឡាំពិក​បាន​ដើរតួនាទី​សំខាន់​មួយ​សម្រាប់​«​ទំនាក់ទំនង​ក្រៅប្រទេស​»​។​

​លោក Julio Jeldres អតីត​លេខា​ផ្ទាល់​របស់​ព្រះមហាវីរក្សត្រ​ព្រះបាទ នរោត្តម សីហនុ បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​ថា នៅក្នុង​របប​សង្គមរាស្ត្រនិយម ព្រះមហាក្សត្រ​បាន​យក​ស្តា​ត​អូឡាំពិក​ដើម្បី​ស្វាគមន៍​អតីត​ប្រធានាធិបតី​បារាំង លោក Charles de Gaulle និង​មេដឹកនាំ​ប្រទេស​ផ្សេងៗ​ទៀត ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​លោក​មានប្រសាសន៍ថា​៖

«​នៅ​ស្តា​ត​អូឡាំពិក លោក Charles de Gaulle បាន​ថ្លែង​កាលពី​ខែកញ្ញា ឆ្នាំ​១៩៦៦ ថ្កោលទោស​ការអន្តរាគមន៍​របស់​អាមេរិកាំង​នៅក្នុង​ប្រទេស​វៀតណាម ហើយ​បានប្រកាស​ការគាំទ្រ​ពេញទំហឹង​របស់​បារាំង​សម្រាប់​គោលនយោបាយ​អ​ព្យា​ក្រឹត្យ ដែល​អតីតព្រះមហាក្សត្រ​បានជ្រើសរើស​សម្រាប់​ទំនាក់​ទំនង​ក្រៅប្រទេស​របស់​កម្ពុជា​»​។​

​ស្តា​ត​អូឡាំពិក​ប្រែក្លាយជា​កន្លែង​ហាត់ប្រាណ​

​រហូតមកដល់​ពេលនេះ ស្តា​ត​អូឡាំពិក ដែលមាន​ទីតាំងនៅ​ចំ​ទីប្រជុំជន បាន​ក្លាយជា​កន្លែង​លំហែកាយ និង​ហាត់ប្រាណ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ពេលព្រឹក​ព្រលឹម​រហូត​ដល់ពេល​ល្ងាច​។​

​លោក គិ​ន ប៊ុនថន អាយុ​៦៣​ឆ្នាំ បាន​ចំណាយពេល​ជិត​១២​ឆ្នាំ​មកហើយ មក​ហាត់ប្រាណ​នៅ​ស្តា​ត​អូឡាំពិក ប្រមាណ​ជាង​២​ម៉ោង​ក្នុង​មួយថ្ងៃ គឺ​ចាប់ពី​ម៉ោងជាង​៤​កន្លះ​ព្រឹក​ដល់​ម៉ោង ៧​កន្លះ​។ បច្ចុប្បន្ននេះ លោក​បាន​ចំណាយពេល​ដើរ​ហាត់ប្រាណ​នៅ​ជុំវិញ​ស្តា​ត​។​

​លោក​មានប្រសាសន៍ថា ស្តា​ត​ជា​កន្លែង​ដែល​អាច​ផ្តល់​ខ្យល់អាកាស​ល្អ ហើយ​លោក​បាន​ស្គាល់​មិត្ត​ភ័ក្ដិ​ជាច្រើន និង​បាន​ពិភាក្សា​ពី​ការរកស៊ី និង​បញ្ហា​សុខភាព​ជាមួយគ្នា ពេល​មក​ហាត់ប្រាណ​នៅទីនេះ​។​

​ទោះជា​យ៉ាងណា  លោក​និយាយថា ការសាងសង់​អគារ​ខ្ពស់ៗ​នៅ​ជុំវិញ​ស្តា​ត ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ខ្យល់អាកាស​នៅ​ទីនោះ​។​

​លោក​មានប្រសាសន៍ថា​៖

«​បើសិនជា​វាល​ដូច​មុន វា​ល្អ ១០០​ភាគរយ​ហើយ​។ ប៉ុន្តែ​ឥឡូវ ជុំវិញ​វា​ជិត​អស់ហើយ​! មិនដឹង​ទៅ​ត្រង់ណា យើង​មក​ត្រង់​ហ្នឹង​អា​ដែល​មក​!»

​លោក​ក៏បាន​កោតសរសើរ​ស្នាដៃ​របស់លោក វណ្ណ មូលី​វណ្ណ ជាពិសេស​ការ​រចនា​អគារ​ស្តា​ត ដោយមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។​

​លោក​មានប្រសាសន៍ថា​៖

«​មើល​ក្នុង​ស្តា​ត​ទាំងមូល កន្លែង​វ៉ៃ​បុក​ហ្នឹង មាន​ដាក់​កង្ហារ​មួយ​ទេ​? អត់​មាន​ទេ​!  កន្លែង​អង្គុយ អត់​មាន​កង្ហារ​មួយ​ទេ​។ ហេតុ​អី​ក៏​ត្រជាក់​? វា​មានរឿង​របស់គេ ដែល​ត្រូវធ្វើ​ហ្នឹង​»​។​



​លោក គិ​ន ប៊ុនថន បាន​រំឭកថា ថ្ងៃមួយ  លោក​បាន​មកលេង​ស្តា​ត​អូឡាំពិក​ជា​លើកដំបូង ក្នុង​ឆ្នាំ​១៩៦៥ ឬ​១៩៦៦ ដែល​ពេលនោះ លោក​បាន​មកលេង​កម្សាន្ត ហែល​ទឹក និង​មើល​ការហាត់​កីឡា​នៅ​ទីនោះ​។ លោក​បាន​កោតសរសើរ​ស្តា​ត​អូឡាំពិក​ចាប់តាំងពី​ពេលនោះ​មក​។​

​ចំណែក​នៅ​ខាងក្នុង​អគារ​មេ​នៃ​ស្តា​ត​អូឡាំពិក មានការ​លេង​កីឡា​ប្រភេទ​បាល់បោះ​។​

​នា​ព្រឹក​មួយ លោក ហេង សេរី​ម៉េង អាយុ​៣៧​ឆ្នាំ បាន​មកលេង​បាល់បោះ​នៅ​ទីនោះ​។ លោក​បាន​មកលេង​កីឡា​នៅ​ស្តា​ត​អូឡាំពិក​នេះ ចាប់តាំងពី​ឆ្នាំ​១៩៩៦​។ បច្ចុប្បន្ននេះ លោក​បាន​ចំណាយពេល​ពីរ​ម៉ោង​លេង​កីឡា​នៅ​ស្តា​ត ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៥​កន្លះ​ព្រឹក​។​

​លោក​បាន​សរសើរ​ថា នៅ​ខាងក្នុង​អគារ​នេះ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ដែល​លោក​ថា នេះ​ជាការ​គិតគូ​មួយ​របស់​ស្ថាបត្យករ​។​

​លោក​មានប្រសាសន៍ថា​៖

«​ខ្យល់អាកាស​ហ្នឹង​គឺ​គេ​ធ្វើ​មក​ល្អ​របស់គេ​! គឺ​មានន័យថា មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។ បើ​បរិយាកាស​អី វា​ប៉ុណ្ណឹង វា​ល្អ​ហើយ​។ បើ​ខាងក្រៅ មើលទៅ យើង​ឃើញ​គេ ឃើញ​ឯង​ច្រើនជាង​ហ្នឹង​ទៀត​»​។​

​លោក​មានប្រសាសន៍​បន្ថែ​ម​ថា​៖

«​គឺ​មានន័យថា ការដែល​គេ​សាងសង់​ហ្នឹង​គឺ​មានន័យថា វិស្វករ​(​ស្ថាបត្យករ​)​ពីមុន គឺ​គាត់​បាន​គិតគូរ​ល្អិតល្អន់​របស់គាត់​។ ពួក​ខ្ញុំ  ក្មេងជំនាន់ក្រោយ​នេះ ខ្ញុំ​សូម​កោតសរសើរ​ស្នាដៃ​របស់​គាត់​។ ឃើញ​គាត់​ធ្វើបាន ហើយ​ល្អ អត់​ទាន់​មាន​វិស្វករ​ណា ដែល​អាចធ្វើ​បាន​ដូច​គាត់​ទេ​»​។​

​ម្តងម្កាល ស្តា​ត​អូឡាំពិក ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​ប្រកួត​កីឡា​ធំៗ ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ដទៃទៀត ដោយមាន​មនុស្ស​រាប់ម៉ឺន​នាក់​ចូល​ទស្សនា ជាពិសេស​ការចាប់អារម្មណ៍​ពី​សំណាក់​យុវជន​កម្ពុជា​។​

​យុវជន ប៉ាក តុលា អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២​ផ្នែក​ព័ត៌មានវិទ្យា បាន​មកលេង​កម្សាន្ត​នៅ​ស្តា​ជាមួយ​មិត្ត​ភ័ក្ដិ ក្នុងពេល​ទំនេរ​ពី​ការសិក្សា នា​ព្រឹក​មួយ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក វណ្ណ មូលី​វណ្ណ បានទទួល​មរណភាព​។​

​លោក​និយាយថា លោក​មាន​ចំណូលចិត្ត​មក​ទីនេះ ដើម្បី​លំហែកាយ និង​ជជែក​លេង​ជាមួយ​មិត្ត​ភ័ក្ដិ​។​

​លោក​បន្តថា​៖

«​នៅទីនេះ វា​មាន​ទីធ្លា​ធំ​ទូលាយ ហើយ​វា​មាន​ខ្យល់អាកាស​បរិសុទ្ធ​ល្អ​»​។​

​យុវជន​រូបនោះ​បាន​ឲ្យ​ដឹង​ទៀតថា លោក​តែងតែ​ទិញ​សំបុត្រ​មក​ទស្សនា​បាល់ទាត់ នៅពេល​មានការ​ប្រកួត​ណាមួយ ដោយសារ​លោក​ក៏​ជា​អ្នក​ចូលចិត្ត​លេង​បាល់ទាត់​មួយរូប​ដែរ​។​

​លោក​មានប្រសាសន៍ថា​៖

«​ឲ្យ​តែមាន​ការប្រកួត​គឺ មក​មើល​»​។​



​លោក​បាន​រំឭកថា នៅពេល​លោក​បានមក​រៀន​នៅ​ភ្នំពេញ លោក​ចង់​ស្គាល់​ស្តា​ត​មួយ​នេះ ហើយ​ក៏បាន​ព្យាយាម​ស្វែងរក​ទីតាំង​។ លោក​ចង់​ឲ្យ​ទីកន្លែង​មួយ​នេះ​ត្រូវបាន​អភិរក្ស​សម្រាប់​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់​។​

​នៅពេល​មានការ​ប្រកួត​បាល់ទាត់​ធំៗ អ្នក​ចូល​ទស្សនា​មាន​ទៅដល់ ៥​ម៉ឺន​នាក់​។ បើ​យោងតាម​មន្ត្រី​ដែល​គ្រប់គ្រង​ស្តា​ត ក្នុង​មួយថ្ងៃ មនុស្ស​ប្រហែល ១.៥០០​នាក់ បាន​ចូលមក​ស្តា​ត​អូឡាំពិក ដែល​ភាគច្រើន​មក​ហាត់ប្រាណ និង​លេង​កីឡា​ផ្សេងៗ​។​

​មិន​ត្រឹមតែ​ជា​កន្លែង​ហាត់ប្រាណ ប្រជាជន​មួយចំនួន​បាន​ពឹងផ្អែក​ការលក់ដូរ​តិចតួច​នៅក្នុង​ស្តា​ត​នេះ ជាង​១០​ឆ្នាំ​មកហើយ​។​

​លោកស្រី ប៉ែន សុភឿន អាយុ​៥៥​ឆ្នាំ មានប្រសាសន៍ថា លោកស្រី​បានចាប់ផ្តើម​លក់ដូរ​នៅទីនេះ ចាប់តាំងពី​ឆ្នាំ​២០០៤ ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​ក្រុមគ្រួសារ ដែល​មានកូន​បីនាក់​ក្នុងបន្ទុក​។​

​ទោះជា​យ៉ាងណា លោកស្រី​មានការ​រអ៊ូរទាំ​ថា ការលក់ដូរ​បច្ចុប្បន្ន​នេះ​មិន​ដូច​មុន​នោះទេ ដោយសារ​ខាង​ស្តា​តបិទ​មិន​ឲ្យ​មាន​ការលេង​បាល់ទាត់ និង​បាល់ទះ នៅ​ជិត​កន្លែង​លក់ដូរ​។​

​ពីមុនមក លោកស្រី​អាច​រកបាន​២០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ តែ​ឥឡូវ​បានតែ​៤​ទៅ​៦​ម៉ឺន​រៀល​តែប៉ុណ្ណោះ ក្នុង​មួយថ្ងៃ​។​

​លោកស្រី​មានប្រសាសន៍ថា​៖

«​លើក​មុន វា​គ្រាន់បើ​មែន​! ប៉ុន្តែ​ឥឡូវ​ហ្នឹង ដូចជា​យ៉ាប់​មែនទែន​ហើយ​! ពិបាក​មែនទែន​!»

​លោកស្រី​បាន​បន្ថែមថា​៖

«​ខ្ញុំ​គិតថា កំពុងតែ​ដាក់​ផ្ទះ​លក់​អីចឹង​ណា​! ចង់​លក់​ផ្ទះ​អីចឹង រក​ផ្ទះ​ក្រោម​នៅ រក​ទីតាំង​កន្លែង​ណា​បែប​ត្រូវការ​លក់ដូរ​ចិញ្ចឹម​កូន ព្រោះ​នៅទីនេះ អនាគត​ទៅ​មិនល្អ​ទេ​»​។​

​ម្តង​ម្តា​ល ស្តា​ត​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្រឹត្តិការណ៍​មួយចំនួន ដូចជា​ការប្រគំ​តន្ត្រី និង​ការតាំងពិព័រណ៍​ផលិតផល និង​អាហារ​មួយចំនួន​។ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រើប្រាស់​កន្លែង​នេះ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​មួយចំនួន​។​

​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ រដ្ឋាភិបាល​បាន​យក​ទីកន្លែង​មួយ​នេះ ប្រារព្ធ​ពិធី​អបអរសាទរ​ការដាក់​បញ្ចូល​ប្រាសាទសំបូរព្រៃគុក​ក្នុង​ខេត្តកំពង់ធំ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។​

​សុបិន​អាក្រក់​សម្រាប់​ស្តា​ត​អូឡាំពិក​

​បច្ចុប្បន្ននេះ ស្តា​ត​អូឡាំពិក​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​សំណង់​អគារ​ខ្ពស់ៗ ហើយ​សំណង់​ផ្សេងៗ​ទៀត​កំពុងដំណើរការ​។ ប្រជាជនមាន​ការព្រួយបារម្ភ​ថា តំបន់​នោះ​នឹងត្រូវ​អភិវឌ្ឍ ដែល​នាំ​ឲ្យ​បាត់បង់​កន្លែង​ហាត់ប្រាណ និង​ស្នាដៃ​របស់លោក វណ្ណ មូលី​វណ្ណ​។​

​ស្តា​ត​អូឡាំពិក​ថ្មី​មួយ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដែលមាន​តម្លៃ​ប្រមាណ ១០០​លាន​ដុល្លារ​កំពុង​ត្រូវបាន​ស្ថាបនា​ដើម្បី​ទទួល​ស្វាគមន៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​ទោះជា​យ៉ាងណា  លោក ម៉េ​ត មាស​ភក្តី  អ្នកនាំពាក្យ​របស់​សាលាក្រុង បាន​ថ្លែងប្រាប់ VOA ថា រហូតមកដល់​ពេលនេះ សាលាក្រុង​មិនទាន់មាន​គម្រោង​អ្វី​ទាក់ទង​នឹង​ស្តា​ត​អូឡាំពិក​នៅឡើយ​ទេ​។ លោក​បញ្ជាក់ថា ប្រសិនបើ​មានការ​ប្រែក្លាយ​ស្តា​ត​អូឡាំពិក​ជា​តំបន់​អភិវឌ្ឍន៍ នោះ​ជាការ​សម្រេច​របស់​រដ្ឋា​ភិ​បាល​។​



​កាលពី​ឆ្នាំ ២០១៦ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (World Monuments Fund) ដែល​បានទទួល​ជំនួយ​ខ្លះ​ពី​រដ្ឋាភិបាល​អាមេរិក​ក្នុងការ​អភិរក្ស​ប្រាសាទ​មួយចំនួន​នៅ​កម្ពុជា បានដាក់​បញ្ចូល​ស្តា​ត​អូឡាំពិក​ទៅក្នុង​បញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ដែល​រង​ការគំរាមកំហែង​។​

​លោកស្រី Ginevra Boatto តំណាង​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី បាន​ថ្លែងប្រាប់ VOA តាមរយៈ​អ៊ី​ម៉ែ​ល​ថា ការដាក់បញ្ចូល​ស្តា​ត​អូឡាំពិក​ទៅក្នុង​បញ្ជី​មូលនិធិ​ប្រាសាទ​ពិភពលោក​នេះ​គឺ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​អន្តរជាតិ​ទៅលើ​តម្លៃ​ស្ថាបត្យកម្ម​នៃ​សំណង់​អគារ​។ លោកស្រី​បន្តថា ស្តា​ត​មួយ​នេះ​គួរ​ត្រូវបាន​រក្សាទុក​សម្រាប់​ជា​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប​។​

​លោកស្រី​មានប្រសាសន៍ថា​៖

«​ស្តា​ត​អូឡាំពិក​កីឡា​ជាតិ​គួរតែ​ត្រូវបាន​អភិរក្ស​ដោយ​គ្រប់​មធ្យោបាយ​។ វា​គួរតែ​ត្រូវបាន​អភិរក្ស និង​ត្រូវបាន​ប្រើប្រាស់​ជា​បន្តបន្ទាប់ ជា​កន្លែង​សាធារណៈ​សម្រាប់​អ្នករស់នៅ​ភ្នំពេញ និង​អត្តពលករ​។ កីឡា​ទាំង​កម្រិត​ថ្នាក់ជាតិ និង​អន្តរជាតិ​គួរតែ​ត្រូវបាន​ប្រារព្ធ​នៅ​ទីនោះ ប៉ុន្តែ​វា​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​សម្រាប់​ព្រឹត្តិការណ៍​វប្បធម៌​ផ្សេងៗ​»​។​

​លោកស្រី​បាន​បន្ថែមថា​៖

«​តាម​មធ្យោបាយ​នេះ អគារ​នឹង​ត្រូវបាន​រក្សាទុក ខណៈ​វា​នឹង​នៅតែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស និង​មិន​ត្រូវបាន​បំភ្លេច ឬ​បោះបង់ចោល​»​។​

​លោក ប៉ែន សិរី​បញ្ញា អាយុ​៣០​ឆ្នាំ ជា​ប្រធាន​ផ្នែក​គម្រោង​វណ្ណ មូលី​វណ្ណ (The Vann Molyvann Project) ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៩ មានប្រសាសន៍ថា គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ចងក្រង​ស្នាដៃ​របស់លោក វណ្ណ មូលី​វណ្ណ និង​ផ្សព្វផ្សាយ​ស្នាដៃ​របស់លោក​ទៅ​ក្មេងជំនាន់ក្រោយ​។​

​លោក សិរី​បញ្ញា ដែលជា​អ្នកស្រាវជ្រាវ​ផ្នែក​ស្ថាបត្យកម្ម និង​ធ្លាប់​ធ្វើការ​ជាមួយ​លោក វណ្ណ មូលី​វណ្ណ បាន​និយាយថា រហូតមកដល់​ពេលនេះ ក្រុម​របស់លោក​បាន​ចងក្រង​នូវ​គម្រោង​ប្រហែល​២០ ហើយ​ក្រុម​របស់លោក​រំពឹងថា នឹង​ពង្រីក​គម្រោង​នេះ​ទៅ​ក្រៅប្រទេស ក្នុងនោះ​មាន​ប្រទេស​ជប៉ុន និង​បារាំង ដោយសារ​ឯកសារ​ខ្លះ​ដែល​ទាក់ទង​នឹង​លោក វណ្ណ មូលី​វណ្ណ ត្រូវបាន​រក្សាទុក​នៅ​ទីនោះ​។​

​ទាក់ទង​នឹង​ស្តា​ត​អូឡាំពិក​វិញ  លោក​សិរី​បញ្ញា​មានប្រសាសន៍ថា​៖

«​ស្តា​ត​អូឡាំពិក​សំខាន់ ទាំង​ផ្នែក​ស្ថាបត្យកម្ម និង​នយោបាយ​សង្គម ដោយសារតែ​គំនិត​នៃ​ការ​រចនា​នេះ ហើយ​និង​ប្រវត្តិ​របស់​វា​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com