ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែលអ្នកគួរដឹងនៅពេលមានវិបត្តិនៃការរំលាយអាហារ
× ការដែលមានអារម្មណ៍ក្រហាយៗដើមទ្រូងគឺជាពេលវេលាមួយដែលជាតិអាស៊ីត ឬទឹកអាស៊ីតចេញពីក្រពះច្រាលមកបំពង់ក និងបង្កជាអារម្មណ៍ឈឺចាប់បែបក្រហាយៗនៅក្នុងដើមទ្រូង។ អារម្មណ៍ក្រហាយៗដើមទ្រូង និងការមានវិបត្តិនៃការរំលាយអាហារអាចកើតឡើងជាមួយគ្នា។ យ៉ាងណាមិញ អាការៈបែបនេះតែងតែកើតលើមនុស្សយើងភាគច្រើនក្នុងពេលវេលាណាមួយ ដែលវាអាចជាលក្ខណៈតិចតួច និងកើតឡើងម្តងម្កាល។
រោគសញ្ញា
អាការៈផ្សេងៗទៀតនៃការមានវិបត្តិនៃការរំលាយអាហារមានដូចជា៖
• មានអារម្មណ៍ថាមិនមានផាសុខភាពក្នុងពោះ ណែនៗ ឬហើមពោះ
• មានអារម្មណ៍មិនស្រួលក្នុងខ្លួន
• ភើ ឬផោមច្រើន
• ច្រាលអាហារចេញពីក្នុងក្រពះមកបំពង់កវិញ។
អាការៈទាំងនេះច្រើនតែកើតឡើងភ្លាមៗក្រោយពីញ៉ាំ ឬផឹកភេសជ្ជៈរួច ថ្វីបើវាអាចពេលខ្លះពន្យាពេលដល់ចន្លោះម៉ោងបាយទើបមានអាការៈនេះក៏ដោយ។
មូលហេតុ
ការមានវិបត្តិនៃការរំលាយអាហារច្រើនតែទាក់ទងនឹងការញ៉ាំអាហារ។ នៅពេលអ្នកញ៉ាំអាហារ ក្រពះនឹងផលិតអាស៊ីត ដែលវាពេលខ្លះអាចបង្កជាការរលាកដល់ភ្នាស់ក្រពះខ្លួនឯង ពោះវៀនតូច ឬបំពង់លើក្រពះថែមទៀត។
ការរលាកនេះអាចបង្កជាការឈឺចាប់ខ្លាំង និងធ្វើឲ្យមានអារម្មណ៍ក្រហាយៗ ជាពិសេសបើសិនជាភ្នាស់នៃប្រព័ន្ធរំលាយអាហារប៉ះពាល់នឹងអាស៊ីតច្រើនពេក។
ក្រពះមនុស្សយើងក៏អាចយឺតបានធំដែរក្រោយពីញ៉ាំអាហារច្រើនៗ ដែលជាហេតុនាំឲ្យច្រាលទឹកអាស៊ីតក្រពះឡើងទៅបំពង់ករវិញ។
ការមានវិបត្តិនៃការរំលាយអាហារក៏អាចបង្កឡើង ឬកាន់តែធ្ងន់ធ្ងរទៅៗដោយសារតែកត្តាផ្សេងៗមួយចំនួនដូចជា៖
ការប្រើថ្នាំ
ថ្នាំខ្លះដូចជា Nitrate ដែលប្រើដើម្បីពង្រីកសរសៃឈាម អាចធ្វើឲ្យសាច់ដុំខ្ជឹបនៅកក្រពះធូរ ដែលជាហេតុនាំឲ្យច្រាលទឹកអាស៊ីតក្រពេញចេញមកក្រៅបាន។
ពពួកថ្នាំ Non-steroidal Anti-inflammatory Drugs (NSAIDs) ដូចជាពពួកអាស្ពីរីន និង Ibuprofen ក៏អាចប៉ះពាល់ដល់ផ្លូវរំលាយអាហារ និងបង្កវិបត្តិនៃការរំលាយអាហារដែរ។ ចូរកុំប្រើថ្នាំនេះឲ្យសោះបើសិនជាអ្នកមានបញ្ហាក្រពះដូចជា ដំបៅក្រពះ ឬធ្លាប់មានបញ្ហានេះពីមុនមក។ ក្មេងអាយុក្រោម ១៦ឆ្នាំគឺហាមមិនឲ្យប្រើថ្នាំអាស្ពីរីនឡើយ។
ធាត់ជ្រុល
បើសិនជាអ្នកធាត់ ឬធាត់ជ្រុល អ្នកទំណងជាងាយមានវិបត្តិនៃការរំលាយអាហារណាស់។ រឿងនេះដោយសារតែមានការកើនសម្ពាធក្នុងក្រពះ ជាពិសេសក្រោយពីញ៉ាំអាហារច្រើនៗរួច និងបង្កជាការច្រាលអាស៊ីតក្នុងក្រពះមកបំពង់ករ។
មានផ្ទៃពោះ
វិបត្តិនៃការរំលាយអាហារក្នុងពេលមានផ្ទៃពោះបង្កឡើងដោយបម្រែបម្រួលអ័រម៉ូន និងការលូតលាស់របស់ស្បូនធ្វើឲ្យសង្កត់លើក្រពះជាពិសេសក្នុងដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះតែម្តង។ ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ១០នាក់ គឺមាន ៨នាក់ហើយដែលមានបញ្ហាមួយនេះ។
ការជក់បារី និងញ៉ាំគ្រឿងស្រវឹង
សារធាតុគីមីដែលមានក្នុងផ្សែងបារីអាចនាំឲ្យមានវិបត្តិនៃការរំលាយអាហារដែរ។ វាអាចធ្វើឲ្យសាច់ដុំនៅចន្លោះបំពង់លើក្រពះ និងក្រពះធូ និងបង្កជាការច្រាលទឹកអាស៊ីតក្រពះចេញមកខាងលើបាន។
ការញ៉ាំគញរឿងស្រវឹងច្រើនៗក៏អាចធ្វើឲ្យប្រឈមខ្ពស់នឹងវិបត្តិនៃការរំលាយអាហារដែរ។ គ្រឿងស្រវឹងធ្វើឲ្យក្រពះផលិតអាស៊ីតច្រើនជាងធម្មតា ដែលជាហេតុនាំឲ្យបង្កជាការរលាកក្នុងក្រពះបាន។
ស្ត្រេស ឬថប់អារម្មណ៍
ស្ត្រេស ឬថប់អារម្មណ៍ពេលខ្លះអាចនាំឲ្យមានរោគសញ្ញានៃវិបត្តិនៃការរំលាយអាហារដែឬ។
ជំងឺ Hiatal Hernia
ក្លនកើតឡើងនៅពេលផ្នែកខាងក្នុងណាមួយនៃរាងកាយរុញមកខាងក្រៅ ឬសង្កត់ទៅខាងក្រៅតាមកន្លែងដែលមានភាពខ្សោយនៅជុំវិញនោះ បង្កើតបានជាថ្នក់តែម្តង។
ចំពោះក្លន Hiatal Hernia វិញ គឺកើតឡើងនៅលើក្រពះតែម្តង ដែលវាអាចធ្វើឲ្យច្រាលទឹកអាស៊ីតក្រពះមកបំពង់ករបាន។
ការបង្ករោគដោយមេរោគក្នុងក្រពះ H. Pylori
ការបង្ករោគក្នុងក្រពះដោយបាក់តេរី H. Pylori គឺជារឿងមួយដែលកើតមានជាញឹកញាប់។ ពេលខ្លះវាអាចបង្កជាជំងឺដំបៅក្រពះថែមទៀតផង ថ្វីបើករណីភាគច្រើនមិនបង្កជារោគសញ្ញាអ្វីទាំងអស់ក៏ដោយ។
អ្នកខ្លះប្រហែលជាមានអាការៈវិបត្តិនៃការរំលាយអហាារច្រើនក្រោយពីមានការបង្ករោគក្នុងក្រពះ។ ករណីបែបនេះ ទាល់តែព្យាបាលដោយថ្នាំផ្សះទើបបាន។
ជំងឺច្រាលទឹកអាស៊ីតពីក្រពះមកបំពង់លើក្រពះ (GERD)
ជំងឺនេះច្រើនតែកើតមានជាញឹកញាប់ដែរ ហើយក៏ជាមូលហេតុដ៏ចំបងមួយនៃវិបត្តិនៃការរំលាយអាហារ។ ការដែលច្រាលទឹកអាស៊ីតតិចតួចគឺជារឿងធម្មតា ហើយក៏កម្រនៃបង្កជាបញ្ហាអ្វីដែរ។ ប៉ុន្តែករណីជំងឺ GERD វិញ គឺជាការច្រាលទឹកអាស៊ីតពីក្រពះច្រើនៗរហូតដល់ធ្វើឲ្យបំពង់លើក្រពះរលាកបាន។ កាលណារឿងនេះកើតឡើងច្រើនដង វាអាចធ្វើឲ្យក្រហាយក្នុងដើមទ្រូង និងឈឺចាប់ពេលលេបអាហារ។
ដំបៅក្នុងក្រពះ
ជំងឺដំបៅក្រពះគឺជាដំបៅបើកមុខមួយដែលកើតឡើងនៅលើភ្នាស់របស់ក្រពះ ឬពោះវៀនតូចដែរ។ ករណីមានវិបត្តិនៃការរំលាយអាហារ ប្រហែលជារោគសញ្ញាមួយដែរបើសិនជាអ្នកមានជំងឺដំបៅក្រពះ។
ជំងឺដំបៅក្រពះកើតឡើងនៅពេលអាស៊ីតក្រពះធ្វើឲ្យខូចខាតដល់ភ្នាស់របស់ក្រពះ ឬពោះវៀនតូច។ ករណីភាគច្រើនការខូចខាតនេះបង្កឡើងដោយមេរោគក្នុងក្រពះតែម្តង។
ជំងឺមហារីកក្រពះ
ករណីដ៏កម្រមួយគឺថា ការដែលឧស្សាហ៍មានវិបត្តិនៃការរំលាយអាហារអាចជារោគសញ្ញាមួយនៃជំងឺមហារីកក្រពះតែម្តង។ កោសិកាមហារីកក្នុងក្រពះអាចបំផ្លាញភ្នាស់ការពាររបស់ក្រពះ ដែលជាហេតុធ្វើឲ្យអាស៊ីតក្រពះឆ្លងធ្លុះជញ្ជាំងក្រពះបាន។
ពេលដែលត្រូវជួបពេទ្យ
ការទៅជួបពេទ្យមិនមែនជារឿងដែលត្រូវតែធ្វើជានិច្ចនោះទេបើសិនជាការមានវិបត្តិនៃការរំលាយអាហារកើតឡើងតិចតួច និងមិនញឹកញាប់នោះ។ យ៉ាងណាមិញ អ្នកគួរតែទៅជួបពេទ្យបើសិនជាអាការៈមួយនេះកើតឡើងម្តងហើយម្តងទៀតជាមួយនឹងលក្ខណៈ៖
• អាយុ ៥៥ឆ្នាំឡើងទៅ
• ធ្លាប់ស្រកទម្ងន់ច្រើនៗដោយមិនដឹងខ្លួន
• ពិបាកលេបអាហារ
• ក្អួតជាប់រហូត
• កង្វះគ្រាប់ឈាមដោយសារតែជាតិដែកមិនគ្រប់
• មានដុំសាច់ក្នុងក្រពះ
• ក្អួតធ្លាក់ឈាម ឬមានឈាមក្នុងលាមក
រោគសញ្ញាទាំងនេះអាចជាសញ្ញាមួយនៃជំងឺធ្ងន់ធ្ងរដែរដូចជា ដំបៅក្រពះ ឬមហារីកក្រពះតែម្តង។
ការស្រាវជ្រាវបន្ថែម
យោងទៅតាមរោគសញ្ញាដែលអ្នកមាន គ្រូពេទ្យអាចនឹងស្រាវជ្រាវបន្ថែមទៀត ដោយាសរតែការមានវិបត្តិនៃការរំលាយអាហារអាចពេលខ្លះជារោគសញ្ញាមួយនៃជំងឺណាមួយផ្សេងទេដូចជា ការបង្ករោគដោយមេរោគក្នុងក្រពះ ដំបៅក្រពះ ឬមហារីកក្រពះ។
គ្រូពេទ្យអាចនឹងធ្វើការឆ្លុះក្រពះដើម្បីទាត់ចោលនូវមូលហេតុធ្ងន់ធ្ងរនៃការមានវិបត្តិនៃការរំលាយអាហារផ្សេងៗទៀត។ ដើម្បីថតឆ្លុះក្នុងក្រពះបាន យ៉ាងហោចណាស់អ្នកត្រូវឈប់ប្រើថ្នាំពពួក PPI និង H2-receptor Antagonist រយៈពេល ២សប្តាហ៍មុនដែរ។
ការកំណត់រោគវិនិច្ឆ័យការបង្ករោគដោយមេរោគក្រពះ H. Pylori
បើសិនជាគ្រូពេទ្យគិតថា រោគសញ្ញាអ្នកអាចបង្កឡើងដោយការបង្ករោគដោយបាក់តេរី H. Pylori អ្នកប្រហែលជាត្រូវធ្វើតេស្តដូចខាងក្រោមនេះ៖
• តេស្តលាមកដើម្បីមើលអង់ទីហ្សែន
• តេស្តដោយការដកដង្ហើម
• តេស្តឈាម ដើម្បីរកមើលអង់ទីគ័របាក់តេរី H. Pylori។
តេស្តទាំងនេះអាចនឹងត្រូវការពន្យាពេលរហូតដល់ ២សប្តាហ៍ក្រោយពីអ្នកប្រើប្រាស់ពពួកថ្នាំ PPI ចុងក្រោយ និង ៤សប្តាហ៍ក្រោយពីប្រើថ្នាំផ្សះរួច។
ការកំណត់រោគវិនិច្ឆ័យជំងឺផ្សេងៗទៀត
អ្នកប្រហែលជាត្រូវធ្វើតេស្តជាច្រើនទៀតដើម្បីទាល់ចោលនូវជំងឺផ្សេងៗដែលធ្វើឲ្យមានអាការៈវិបត្តិនៃការរំលាយអាហារ។ ឧទាហរណ៍ ការឈឺក្នុងពោះ និងមិនស្រួលក្នុងពោះអាចបង្កឡើងដោយបញ្ហានៅផ្លូវទឹកប្រមាត់ផងដែរ។
គ្រូពេទ្យអាចនឹងសុំធ្វើតេស្តមើលមុខងារថ្លើមដើម្បីចង់ដឹងថាថ្លើមធ្វើការបានល្អឬអត់។ អ្នកក៏ប្រហែលជាត្រូវធ្វើអេកូនៅពោះដែរដើម្បីមើលអ្វីៗដែលអាចគិតថាមិនប្រក្រតីក្នុងពោះ។
ការព្យាបាល
ការព្យាបាលលើករណីវិបត្តិនៃការរំលាយអាហារអាចនឹងប្រែប្រួលទៅតាមមូលហេតុរបស់វា និងភាពធ្ងន់ធ្ងរដែលអ្នកមាន។ អ្នកជំងឺភាគច្រើនអាចគ្រប់គ្រងស្ថានភាពអាការៈនេះដោយខ្លួនឯងបានតាមរយៈការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅ ឬប្រើថ្នាំបន្សាបអាស៊ីត។
ការផ្លាស់ប្តូររបៀបរស់នៅ និងរបបអាហារ
អ្នកប្រហែលជាអាចបំបាត់អាការៈនៃវិបត្តិនៃការរំលាយអាហារបានតាមរយៈការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅដូចខាងក្រោមនេះ៖
• ព្យាយាមសម្រកទ្ងំន់បើសិនជាធាត់ តាមរយៈការហាត់ប្រាណទៀងទាត់ ញ៉ាំអាហារផ្តល់តុល្យភាព និងសុខភាព
• ចៀសវាងអាហារដែលធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ដូចជា អាហារហិរ អាហារមានជាតិខ្លាញ់ច្រើន កាត់បន្ថយជាតិកាហ្វេអ៊ីនដូចជា តែ កាហ្វេ កូកាកូឡា ព្រមទាំងគ្រឿងស្រវឹងផងដែរ
• ឈប់ជក់បារី
• ចូរចៀសវាងការញ៉ាំអាហារមុនពេលចូលគេង ៣ ទៅ៤ម៉ោង
• ចូរចៀសវាងការគេងភ្លាមៗពេលញ៉ាំឆ្អែត
• នៅពេលគេង គួរតែកើយក្បាលឲ្យខ្ពស់បន្តិច។
ការផ្លាស់ប្តូរការប្រើប្រាស់ថ្នាំ
បើសិនជាពេទ្យគិតថា ថ្នាំដែលអ្នកកំពុងតែអាចបង្កជាវិបត្តិនៃការរំលាយអាហារ គាត់អាចនឹងផ្លាស់ប្តូរថ្នាំផ្សេងឲ្យអ្នកប្រើ តែមានប្រសិទ្ធភាពដូចគ្នា។
ថ្នាំសម្រាប់បំបាត់វិបត្តិនៃការរំលាយអាហារភ្លាមៗ
• Antacid ជាប្រភេទថ្នាំដែលអាចបំបាត់អាការៈវិបត្តិនៃការរំលាយអាហារបានពីកម្រិតតិចតួចដល់មធ្យម។ វាមាននាទីបន្សាបអាស៊ីតរបស់ក្រពះ។
• Aginate ជាប្រភេទថ្នាំ Antacid ដែរ តែវាអាចជួបបំបាត់អាការៈវិបត្តិនៃការរំលាយអាហារដែលបង្កឡើងដោយការច្រាលអាស៊ីតក្នុងក្រពះ ជាពិសេសពេលច្រាលទៅលើបំពង់លើក្រពះតែម្តង។
ករណីមានវិបត្តិនៃការរំលាយអាហារជាប់រហូត
បើសិនជាអ្នកមានវិបត្តិនៃការរំលាយអាហារជាប់រហូត ឬកើតឡើងម្តងហើយម្តងទៀត ការព្យាបាលជាមួយថ្នាំ Antacids និង Alginates ប្រហែលជាមិនមានប្រសិទ្ធភាពគ្រប់គ្រងអាការៈរបស់វាឡើយ។ គ្រូពេទ្យអាចនឹងណែនាំប្រើថ្នាំផ្សេងមួយទៀតក្នុងកម្រិតប្រើប្រាស់ទាបដើម្បីគ្រប់គ្រងរោគសញ្ញានោះគឺពពួកថ្នាំ PPIs ដែលវាមាននាទីទប់ស្កាត់ការផលិតរបស់អាស៊ីតក្នុងក្រពះ។
ផលរំខានថ្នាំនេះពេលខ្លះអាចមានដែរ ប៉ុន្តែតិចតួចទេដូចជា៖
• ឈឺក្បាល
• រាករូស
• ទល់លាមក
• មានអារម្មណ៍មិនស្រួលក្នុងខ្លួន
• ក្អួត
• ផោមច្រើន
• ឈឺក្នុងក្រពះ
• វិលមុខ
• កន្ទួលរមាស់លើស្បែក
ចំណែកថ្នាំប្រភេទ H2-receptor Antagonist វិញអាចនឹងត្រូវការប្រើដែរក្នុងការគ្រប់គ្រងរោគសញ្ញាវិបត្តិនៃការរំលាយអាហារ។
ករណីមានការបង្ករោគក្រពះ H. Pylori
បើសិនជាអាការៈវិបត្តិនៃការរំលាយអាហារបង្កឡើងដោយការបង្ករោគក្រពះ H. Pylori អ្នកត្រូវតែព្យាបាលដោយការស្លាប់បាក់តេរីនេះ ជាមួយថ្នាំផ្សះ និងថ្នាំកែរោគក្រពះដូចខាងក្រោមនេះ៖
• ថ្នាំផ្សះពីរមុខខុសគ្នា
• ថ្នាំពពួក PPI មួយមុខ
ចំពោះការប្រើប្រាស់គឺចំនួនពីរដងក្នុងមួយថ្ងៃរយៈពេល ៧ថ្ងៃ។ ការដែលប្រើវិធីសាស្ត្រនេះព្យាបាលគឺមានប្រសិទ្ធភាពសម្លាប់បាក់តេរីក្នុងក្រពះរហូតដល់ ៨៥ភាគរយឯណោះ។ យ៉ាងណាមិញ អ្នកប្រហែលជាត្រូវការព្យាបាលមួយឈុតបន្ថែមទៀតបើសិនជាបាក់តេរីមិនទាន់ស្លាប់ក្នុងរយៈពេលដំបូងទេនោះ។
ផលវិបាកវិបត្តិនៃការរំលាយអាហារ
ករណីខ្លះ ការមានវិបត្តិនៃការរំលាយអាហារធ្ងន់ធ្ងរក៏អាចបង្កជាផលវិបាករបស់វាដែរដូចជា៖
• Oesophageal Stricture៖ ជាជំងឺដែលបំពង់លើក្រពះរួមតូចដោយសារតែរលាកដោយសារអាស៊ីតក្រពះយូរពេក។ ករណីបែបនេះអាចបង្កជាការពិបាកលេបអាហារ ឆ្លាក់អាហារក្នុងបំពង់ក ឬឈឺទ្រូង។
• Pyloric Stenosis៖ ជាការរួមតូចរបស់ចុងក្រពោះ ដោយសារតែរលាកអាស៊ីតក្រពះយូរពេក ដូច្នេះវានឹងធ្វើឲ្យអ្នកជំងឺក្អួតរហូត ហើយមិនអាចញ៉ាំអាហារបានល្អនោះទេ។
• Barrett’s Oesophagus៖ នេះគឺជាផលវិបាកមួយនៃជំងឺច្រាលទឹកអាស៊ីតពីក្រពះទៅបំពង់ករ (GERD)។
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com