ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីដែល​អ្នក​គួរ​ដឹង​នៅពេល​មាន​វិបត្តិ​នៃ​ការរំលាយ​អាហា​រ
21, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ដែលមាន​អារម្មណ៍​ក្រហាយៗ​ដើមទ្រូង​គឺជា​ពេលវេលា​មួយ​ដែល​ជាតិ​អាស៊ីត ឬ​ទឹក​អាស៊ីត​ចេញពី​ក្រពះ​ច្រាល​មក​បំពង់ក និង​បង្ក​ជា​អារម្មណ៍​ឈឺចាប់​បែប​ក្រហាយៗ​នៅក្នុង​ដើមទ្រូង​។ អារម្មណ៍​ក្រហាយៗ​ដើមទ្រូង និង​ការ​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​អាច​កើតឡើង​ជាមួយគ្នា​។ យ៉ាងណាមិញ អាកា​រៈ​បែបនេះ​តែងតែ​កើត​លើ​មនុស្ស​យើង​ភាគច្រើន​ក្នុងពេល​វេលា​ណាមួយ ដែល​វា​អាចជា​លក្ខណៈ​តិចតួច និង​កើតឡើង​ម្តងម្កាល​។​



​រោគសញ្ញា​
​អាកា​រៈ​ផ្សេងៗ​ទៀត​នៃ​ការ​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​មានដូចជា​៖
•    មាន​អារម្មណ៍​ថា​មិនមាន​ផាសុខភាព​ក្នុង​ពោះ ណែនៗ ឬ​ហើមពោះ​
•    មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​
•    ភើ ឬ​ផោម​ច្រើន​
•    ច្រាល​អាហារ​ចេញពី​ក្នុង​ក្រពះ​មក​បំពង់ក​វិញ​។​
​អាកា​រៈទាំង​នេះ​ច្រើនតែ​កើតឡើង​ភ្លាមៗ​ក្រោយពី​ញ៉ាំ ឬ​ផឹក​ភេសជ្ជៈ​រួច ថ្វីបើ​វា​អាច​ពេលខ្លះ​ពន្យា​ពេល​ដល់​ចន្លោះ​ម៉ោង​បាយ​ទើប​មាន​អាកា​រៈ​នេះ​ក៏ដោយ​។​

​មូលហេតុ​
​ការ​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​ច្រើនតែ​ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ​។ នៅពេល​អ្នក​ញ៉ាំ​អាហារ ក្រពះ​នឹង​ផលិត​អាស៊ីត ដែល​វា​ពេលខ្លះ​អាច​បង្ក​ជាការ​រលាក​ដល់​ភ្នាស់​ក្រពះ​ខ្លួនឯង ពោះវៀនតូច ឬ​បំពង់​លើ​ក្រពះ​ថែមទៀត​។​
​ការ​រលាក​នេះ​អាច​បង្ក​ជាការ​ឈឺចាប់​ខ្លាំង និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្រហាយៗ ជាពិសេស​បើសិនជា​ភ្នាស់​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ប៉ះពាល់​នឹង​អាស៊ីត​ច្រើនពេក​។​
​ក្រពះ​មនុស្ស​យើង​ក៏​អាច​យឺត​បាន​ធំ​ដែរ​ក្រោយពី​ញ៉ាំ​អាហារ​ច្រើនៗ ដែលជា​ហេតុ​នាំ​ឲ្យ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ឡើងទៅ​បំពង់ករ​វិញ​។​
​ការ​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​ក៏​អាច​បង្កឡើង ឬ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ដោយសារតែ​កត្តា​ផ្សេងៗ​មួយចំនួន​ដូចជា​៖

​ការប្រើ​ថ្នាំ​
​ថ្នាំ​ខ្លះ​ដូចជា Nitrate ដែល​ប្រើ​ដើម្បី​ពង្រីក​សរសៃឈាម អាចធ្វើ​ឲ្យ​សាច់ដុំ​ខ្ជឹប​នៅ​ក​ក្រពះ​ធូរ ដែលជា​ហេតុ​នាំ​ឲ្យ​ច្រាល​ទឹក​អាស៊ីត​ក្រពេញ​ចេញមកក្រៅ​បាន​។​
​ពពួក​ថ្នាំ Non-steroidal Anti-inflammatory Drugs (NSAIDs) ដូចជា​ពពួក​អាស្ពីរីន និង Ibuprofen ក៏​អាច​ប៉ះពាល់​ដល់​ផ្លូវ​រំលាយ​អាហារ និង​បង្ក​វិបត្តិ​នៃ​ការរំលាយ​អាហារ​ដែរ​។ ចូរ​កុំ​ប្រើ​ថ្នាំ​នេះ​ឲ្យ​សោះ​បើសិនជា​អ្នកមាន​បញ្ហា​ក្រពះ​ដូចជា ដំបៅ​ក្រពះ ឬ​ធ្លាប់មាន​បញ្ហា​នេះ​ពីមុនមក​។ ក្មេង​អាយុ​ក្រោម ១៦​ឆ្នាំ​គឺ​ហាម​មិន​ឲ្យ​ប្រើ​ថ្នាំ​អាស្ពីរីន​ឡើយ​។​

​ធាត់​ជ្រុល​
​បើសិនជា​អ្នក​ធាត់ ឬ​ធាត់​ជ្រុល អ្នក​ទំណងជា​ងាយ​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​ណាស់​។ រឿងនេះ​ដោយសារតែ​មានការ​កើន​សម្ពាធ​ក្នុង​ក្រពះ ជាពិសេស​ក្រោយពី​ញ៉ាំ​អាហារ​ច្រើនៗ​រួច និង​បង្ក​ជាការ​ច្រាល​អាស៊ីត​ក្នុង​ក្រពះ​មក​បំពង់ករ​។​

​មាន​ផ្ទៃពោះ​
​វិបត្តិ​នៃ​ការរំលាយ​អាហារ​ក្នុងពេល​មាន​ផ្ទៃពោះ​បង្កឡើង​ដោយ​បម្រែបម្រួល​អ័រម៉ូន និង​ការលូតលាស់​របស់​ស្បូន​ធ្វើ​ឲ្យ​សង្កត់​លើ​ក្រពះ​ជាពិសេស​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ​តែម្តង​។ ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ១០​នាក់ គឺមាន ៨​នាក់​ហើយ​ដែលមាន​បញ្ហា​មួយ​នេះ​។​

​ការជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​
​សារធាតុ​គីមី​ដែលមាន​ក្នុង​ផ្សែង​បារី​អាច​នាំ​ឲ្យ​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​ដែរ​។ វា​អាចធ្វើ​ឲ្យ​សាច់ដុំ​នៅ​ចន្លោះ​បំពង់​លើ​ក្រពះ និង​ក្រពះ​ធូ និង​បង្ក​ជាការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ចេញមក​ខាងលើ​បាន​។​
​ការ​ញ៉ាំ​គ​ញ​រឿង​ស្រវឹង​ច្រើនៗ​ក៏​អាចធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​វិបត្តិ​នៃ​ការរំលាយ​អាហារ​ដែរ​។ គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ក្រពះ​ផលិត​អាស៊ីត​ច្រើនជាង​ធម្មតា ដែលជា​ហេតុ​នាំ​ឲ្យ​បង្ក​ជាការ​រលាក​ក្នុង​ក្រពះ​បាន​។​

​ស្ត្រេ​ស ឬ​ថប់​អារម្មណ៍​
​ស្ត្រេ​ស ឬ​ថប់​អារម្មណ៍​ពេលខ្លះ​អាច​នាំ​ឲ្យ​មាន​រោគសញ្ញា​នៃ​វិបត្តិ​នៃ​ការរំលាយ​អាហារ​ដែ​ឬ​។​

​ជំងឺ Hiatal Hernia
​ក្លន​កើតឡើង​នៅពេល​ផ្នែក​ខាងក្នុង​ណាមួយ​នៃ​រាងកាយ​រុញ​មក​ខាងក្រៅ ឬ​សង្កត់​ទៅខាង​ក្រៅ​តាម​កន្លែង​ដែលមាន​ភាព​ខ្សោយ​នៅ​ជុំវិញ​នោះ បង្កើតបានជា​ថ្នក់​តែម្តង​។​
​ចំពោះ​ក្លន Hiatal Hernia វិញ គឺ​កើតឡើង​នៅលើ​ក្រពះ​តែម្តង ដែល​វា​អាចធ្វើ​ឲ្យ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​មក​បំពង់ករ​បាន​។​

​ការបង្ក​រោគ​ដោយ​មេរោគ​ក្នុង​ក្រពះ H. Pylori
​ការបង្ក​រោគ​ក្នុង​ក្រពះ​ដោយ​បាក់តេរី H. Pylori គឺជា​រឿង​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​។ ពេលខ្លះ​វា​អាច​បង្ក​ជា​ជំងឺ​ដំបៅ​ក្រពះ​ថែម​ទៀតផង ថ្វីបើ​ករណី​ភាគច្រើន​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទាំងអស់​ក៏ដោយ​។​
​អ្នកខ្លះ​ប្រហែល​ជាមាន​អាកា​រៈ​វិបត្តិ​នៃ​ការរំលាយ​អហា​ា​រ​ច្រើន​ក្រោយពី​មានការ​បង្ក​រោគ​ក្នុង​ក្រពះ​។ ករណីបែបនេះ ទាល់តែ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ទើបបាន​។​

​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មក​បំពង់​លើ​ក្រពះ (GERD)
​ជំងឺ​នេះ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​ដែរ ហើយក៏​ជា​មូលហេតុ​ដ៏​ចំបង​មួយ​នៃ​វិបត្តិ​នៃ​ការរំលាយ​អាហារ​។ ការដែល​ច្រាល​ទឹក​អាស៊ីត​តិចតួច​គឺជា​រឿង​ធម្មតា ហើយក៏​កម្រ​នៃ​បង្ក​ជា​បញ្ហា​អ្វី​ដែរ​។ ប៉ុន្តែ​ករណី​ជំងឺ GERD វិញ គឺជា​ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​ច្រើនៗ​រហូតដល់​ធ្វើ​ឲ្យ​បំពង់​លើ​ក្រពះ​រលាក​បាន​។ កាលណា​រឿងនេះ​កើតឡើង​ច្រើនដង វា​អាចធ្វើ​ឲ្យ​ក្រហាយ​ក្នុង​ដើមទ្រូង និង​ឈឺចាប់​ពេល​លេប​អាហារ​។​

​ដំបៅ​ក្នុង​ក្រពះ​
​ជំងឺ​ដំបៅ​ក្រពះ​គឺជា​ដំបៅ​បើកមុខ​មួយ​ដែល​កើតឡើង​នៅលើ​ភ្នាស់​របស់​ក្រពះ ឬ​ពោះវៀនតូច​ដែរ​។ ករណី​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ ប្រហែលជា​រោគសញ្ញា​មួយ​ដែរ​បើសិនជា​អ្នកមាន​ជំងឺ​ដំបៅ​ក្រពះ​។​
​ជំងឺ​ដំបៅ​ក្រពះ​កើតឡើង​នៅពេល​អាស៊ីត​ក្រពះ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ភ្នាស់​របស់​ក្រពះ ឬ​ពោះវៀនតូច​។ ករណី​ភាគច្រើន​ការខូចខាត​នេះ​បង្កឡើង​ដោយ​មេរោគ​ក្នុង​ក្រពះ​តែម្តង​។​

​ជំងឺមហារីក​ក្រពះ​
​ករណី​ដ៏​កម្រ​មួយ​គឺថា ការដែល​ឧស្សាហ៍​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​អាចជា​រោគសញ្ញា​មួយ​នៃ​ជំងឺមហារីក​ក្រពះ​តែម្តង​។ កោសិកា​មហារីក​ក្នុង​ក្រពះ​អាច​បំផ្លាញ​ភ្នាស់​ការពារ​របស់​ក្រពះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អាស៊ីត​ក្រពះ​ឆ្លង​ធ្លុះ​ជញ្ជាំង​ក្រពះ​បាន​។​

​ពេលដែល​ត្រូវ​ជួប​ពេទ្យ​
​ការ​ទៅ​ជួប​ពេទ្យ​មិនមែនជា​រឿង​ដែល​ត្រូវតែ​ធ្វើជា​និច្ច​នោះទេ​បើសិន​ជាការ​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​កើតឡើង​តិចតួច និង​មិន​ញឹកញាប់​នោះ​។ យ៉ាងណាមិញ អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​បើសិនជា​អាកា​រៈ​មួយ​នេះ​កើតឡើង​ម្តង​ហើយ​ម្តងទៀត​ជាមួយនឹង​លក្ខណៈ​៖
•    អាយុ ៥៥​ឆ្នាំ​ឡើងទៅ​
•    ធ្លាប់​ស្រក​ទម្ងន់​ច្រើនៗ​ដោយ​មិនដឹង​ខ្លួន​
•    ពិបាក​លេប​អាហារ​
•    ក្អួត​ជាប់​រហូត​
•    កង្វះ​គ្រាប់​ឈាម​ដោយសារតែ​ជាតិ​ដែក​មិន​គ្រប់​
•    មាន​ដុំ​សាច់​ក្នុង​ក្រពះ​
•    ក្អួត​ធ្លាក់ឈាម ឬ​មាន​ឈាម​ក្នុង​លាមក​
​រោគសញ្ញា​ទាំងនេះ​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដែរ​ដូចជា ដំបៅ​ក្រពះ ឬ​មហារីកក្រពះ​តែម្តង​។​

​ការស្រាវជ្រាវ​បន្ថែម​
​យោងទៅតាម​រោគសញ្ញា​ដែល​អ្នកមាន គ្រូពេទ្យ​អាច​នឹង​ស្រាវជ្រាវ​បន្ថែមទៀត ដោ​យាសរ​តែ​ការ​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​អាច​ពេលខ្លះ​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ណាមួយ​ផ្សេង​ទេ​ដូចជា ការបង្ក​រោគ​ដោយ​មេរោគ​ក្នុង​ក្រពះ ដំបៅ​ក្រពះ ឬ​មហារីកក្រពះ​។​
​គ្រូពេទ្យ​អាច​នឹងធ្វើ​ការឆ្លុះ​ក្រពះ​ដើម្បី​ទាត់ចោល​នូវ​មូលហេតុ​ធ្ងន់ធ្ងរ​នៃ​ការ​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​ផ្សេងៗ​ទៀត​។ ដើម្បី​ថត​ឆ្លុះ​ក្នុង​ក្រពះ​បាន យ៉ាងហោចណាស់​អ្នក​ត្រូវ​ឈប់​ប្រើ​ថ្នាំ​ពពួក PPI និង H2-receptor Antagonist រយៈពេល ២​សប្តាហ៍​មុន​ដែរ​។​

​ការកំណត់​រោគវិនិច្ឆ័យ​ការបង្ក​រោគ​ដោយ​មេរោគ​ក្រពះ H. Pylori
​បើសិនជា​គ្រូពេទ្យ​គិតថា រោគសញ្ញា​អ្នក​អាច​បង្កឡើង​ដោយ​ការបង្ក​រោគ​ដោយ​បាក់តេរី H. Pylori អ្នក​ប្រហែលជា​ត្រូវ​ធ្វើតេស្ត​ដូចខាងក្រោម​នេះ​៖
•    តេស្ត​លាមក​ដើម្បី​មើល​អង់​ទី​ហ្សែ​ន​
•    តេស្ត​ដោយ​ការដកដង្ហើម​
•    តេស្ត​ឈាម ដើម្បី​រកមើល​អង់ទីគ័​រ​បាក់តេរី H. Pylori​។​
​តេស្ត​ទាំងនេះ​អាច​នឹងត្រូវ​ការពន្យា​ពេល​រហូតដល់ ២​សប្តាហ៍​ក្រោយពី​អ្នកប្រើប្រាស់​ពពួក​ថ្នាំ PPI ចុងក្រោយ និង ៤​សប្តាហ៍​ក្រោយពី​ប្រើ​ថ្នាំ​ផ្សះ​រួច​។​

​ការកំណត់​រោគវិនិច្ឆ័យ​ជំងឺ​ផ្សេងៗ​ទៀត​
​អ្នក​ប្រហែលជា​ត្រូវធ្វើ​តេស្ត​ជាច្រើន​ទៀត​ដើម្បី​ទាល់​ចោល​នូវ​ជំងឺ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​មាន​អាកា​រៈ​វិបត្តិ​នៃ​ការរំលាយ​អាហារ​។ ឧទាហរណ៍ ការឈឺ​ក្នុង​ពោះ និង​មិន​ស្រួល​ក្នុង​ពោះ​អាច​បង្កឡើង​ដោយ​បញ្ហា​នៅ​ផ្លូវទឹក​ប្រមាត់​ផងដែរ​។​
​គ្រូពេទ្យ​អាច​នឹង​សុំ​ធ្វើតេស្ត​មើល​មុខងារ​ថ្លើម​ដើម្បី​ចង់ដឹងថា​ថ្លើម​ធ្វើការ​បានល្អ​ឬ​អត់​។ អ្នក​ក៏​ប្រហែលជា​ត្រូវធ្វើ​អេកូ​នៅ​ពោះ​ដែរ​ដើម្បី​មើល​អ្វីៗ​ដែល​អាច​គិតថា​មិន​ប្រក្រតី​ក្នុង​ពោះ​។​

​ការព្យាបាល
​ការព្យាបាល​លើ​ករណី​វិបត្តិ​នៃ​ការរំលាយ​អាហារ​អាច​នឹង​ប្រែប្រួល​ទៅតាម​មូលហេតុ​របស់​វា និង​ភាព​ធ្ងន់ធ្ងរ​ដែល​អ្នកមាន​។ អ្នកជំងឺ​ភាគច្រើន​អាច​គ្រប់គ្រង​ស្ថានភាព​អាកា​រៈ​នេះ​ដោយ​ខ្លួនឯងបាន​តាមរយៈ​ការផ្លាស់ប្តូរ​របប​អាហារ និង​របៀប​រស់នៅ ឬ​ប្រើ​ថ្នាំបន្សាប​អាស៊ីត​។​

​ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ និង​របប​អាហារ
​អ្នក​ប្រហែលជា​អាច​បំបាត់​អាកា​រៈ​នៃ​វិបត្តិ​នៃ​ការរំលាយ​អាហារ​បាន​តាមរយៈ​ការផ្លាស់ប្តូរ​របប​អាហារ និង​របៀប​រស់នៅ​ដូចខាងក្រោម​នេះ​៖
•    ព្យាយាម​សម្រក​ទ្ងំ​ន់​បើសិនជា​ធាត់ តាមរយៈ​ការហាត់​ប្រាណ​ទៀងទាត់ ញ៉ាំ​អាហារ​ផ្តល់​តុល្យភាព និង​សុខភាព​
•    ចៀសវាង​អាហារ​ដែល​ធ្វើ​ឲ្យ​អាកា​រៈ​នេះ​កាន់តែ​ធ្ងន់​ដូចជា អាហារ​ហិ​រ អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន កាត់បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន​ដូចជា តែ កាហ្វេ កូកាកូឡា ព្រមទាំង​គ្រឿង​ស្រវឹង​ផងដែរ​
•    ឈប់​ជក់បារី​
•    ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​មុនពេល​ចូល​គេង ៣ ទៅ​៤​ម៉ោង​
•    ចូរ​ចៀសវាង​ការ​គេង​ភ្លាមៗ​ពេល​ញ៉ាំ​ឆ្អែត​
•    នៅពេល​គេង គួរតែ​កើយ​ក្បាល​ឲ្យ​ខ្ពស់​បន្តិច​។​

​ការផ្លាស់ប្តូរ​ការប្រើប្រាស់​ថ្នាំ​
​បើសិនជា​ពេទ្យ​គិតថា ថ្នាំ​ដែល​អ្នក​កំពុងតែ​អាច​បង្ក​ជា​វិបត្តិ​នៃ​ការរំលាយ​អាហារ គាត់​អាច​នឹង​ផ្លាស់ប្តូរ​ថ្នាំ​ផ្សេង​ឲ្យ​អ្នក​ប្រើ តែមាន​ប្រសិទ្ធ​ភាពដូចគ្នា​។​
​ថ្នាំ​សម្រាប់​បំបាត់​វិបត្តិ​នៃ​ការរំលាយ​អាហារ​ភ្លាមៗ​
•    Antacid ជា​ប្រភេទ​ថ្នាំ​ដែល​អាច​បំបាត់​អាកា​រៈ​វិបត្តិ​នៃ​ការរំលាយ​អាហារ​បាន​ពី​កម្រិត​តិចតួច​ដល់​មធ្យម​។ វា​មាន​នាទី​បន្សាប​អាស៊ីត​របស់​ក្រពះ​។​
•    Aginate ជា​ប្រភេទ​ថ្នាំ Antacid ដែរ តែ​វា​អាច​ជួប​បំបាត់​អាកា​រៈ​វិបត្តិ​នៃ​ការរំលាយ​អាហារ​ដែល​បង្កឡើង​ដោយ​ការ​ច្រាល​អាស៊ីត​ក្នុង​ក្រពះ ជាពិសេស​ពេល​ច្រាល​ទៅលើ​បំពង់​លើ​ក្រពះ​តែម្តង​។​

​ករណី​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​ជាប់​រហូត​
​បើសិនជា​អ្នកមាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​ជាប់​រហូត ឬ​កើតឡើង​ម្តង​ហើយ​ម្តងទៀត ការព្យាបាល​ជាមួយ​ថ្នាំ Antacids និង Alginates ប្រហែលជា​មិនមាន​ប្រសិទ្ធភាព​គ្រប់គ្រង​អាកា​រៈ​រប​ស់វា​ឡើយ​។ គ្រូពេទ្យ​អាច​នឹង​ណែនាំ​ប្រើ​ថ្នាំ​ផ្សេង​មួយទៀត​ក្នុង​កម្រិត​ប្រើប្រាស់​ទាប​ដើម្បី​គ្រប់គ្រង​រោគសញ្ញា​នោះ​គឺ​ពពួក​ថ្នាំ PPIs ដែល​វា​មាន​នាទី​ទប់ស្កាត់​ការផលិត​របស់​អាស៊ីត​ក្នុង​ក្រពះ​។​
​ផល​រំខាន​ថ្នាំ​នេះ​ពេលខ្លះ​អាចមាន​ដែរ ប៉ុន្តែ​តិចតួច​ទេ​ដូចជា​៖
•    ឈឺក្បាល​
•    រាករូស​
•    ទល់លាមក​
•    មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​
•    ក្អួត​
•    ផោម​ច្រើន​
•    ឈឺ​ក្នុង​ក្រពះ​
•    វិលមុខ​
•    កន្ទួល​រមាស់​លើ​ស្បែក​
​ចំណែក​ថ្នាំ​ប្រភេទ H2-receptor Antagonist វិញ​អាច​នឹងត្រូវ​ការប្រើ​ដែរ​ក្នុងការ​គ្រប់គ្រង​រោគសញ្ញា​វិបត្តិ​នៃ​ការរំលាយ​អាហារ​។​

​ករណី​មានការ​បង្ក​រោគ​ក្រពះ H. Pylori
​បើសិនជា​អាកា​រៈ​វិបត្តិ​នៃ​ការរំលាយ​អាហារ​បង្កឡើង​ដោយ​ការបង្ក​រោគ​ក្រពះ H. Pylori អ្នក​ត្រូវតែ​ព្យាបាល​ដោយ​ការស្លាប់​បាក់តេរី​នេះ ជាមួយ​ថ្នាំ​ផ្សះ និង​ថ្នាំកែរោគ​ក្រពះ​ដូចខាងក្រោម​នេះ​៖
•    ថ្នាំ​ផ្សះ​ពីរ​មុខ​ខុសគ្នា​
•    ថ្នាំ​ពពួក PPI មួយ​មុខ​
​ចំពោះ​ការប្រើប្រាស់​គឺ​ចំនួន​ពីរដង​ក្នុង​មួយថ្ងៃ​រយៈពេល ៧​ថ្ងៃ​។ ការដែល​ប្រើ​វិធីសាស្ត្រ​នេះ​ព្យាបាល​គឺមាន​ប្រសិទ្ធភាព​សម្លាប់​បាក់តេរី​ក្នុង​ក្រពះ​រហូតដល់ ៨៥​ភាគរយ​ឯណោះ​។ យ៉ាងណាមិញ អ្នក​ប្រហែលជា​ត្រូវការ​ព្យាបាល​មួយឈុត​បន្ថែមទៀត​បើសិនជា​បាក់តេរី​មិនទាន់​ស្លាប់​ក្នុង​រយៈពេល​ដំបូង​ទេនោះ​។​
​ផលវិបាក​វិបត្តិ​នៃ​ការរំលាយ​អាហារ​
​ករណីខ្លះ ការ​មាន​វិបត្តិ​នៃ​ការរំលាយ​អាហារ​ធ្ងន់ធ្ងរ​ក៏​អាច​បង្ក​ជា​ផលវិបាក​របស់​វា​ដែរ​ដូចជា​៖
•    Oesophageal Stricture៖ ជា​ជំងឺ​ដែល​បំពង់​លើ​ក្រពះ​រួម​តូច​ដោយសារតែ​រលាក​ដោយ​សារ​អាស៊ីត​ក្រពះ​យូរពេក​។ ករណីបែបនេះ​អាច​បង្ក​ជាការ​ពិបាក​លេប​អាហារ ឆ្លាក់​អាហារ​ក្នុង​បំពង់ក ឬ​ឈឺទ្រូង​។​
•    Pyloric Stenosis៖ ជាការ​រួម​តូច​របស់​ចុង​ក្រ​ពោះ ដោយសារតែ​រលាក​អាស៊ីត​ក្រពះ​យូរពេក ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​អ្នកជំងឺ​ក្អួត​រហូត ហើយ​មិនអាច​ញ៉ាំ​អាហារ​បានល្អ​នោះទេ​។​
•    Barrett’s Oesophagus៖ នេះ​គឺជា​ផលវិបាក​មួយ​នៃ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​ទៅ​បំពង់ករ (GERD)​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com