កីឡាជាតិ
ជាតិ
NOCC បើក​វគ្គ​បណ្តុះបណ្តាលរ​ដ្ឋ​បាល​កីឡា​ដើម្បី​សាង​ធនធានមនុស្ស​សម្រាប់​ស៊ី​ហ្គេម​
12, Oct 2017 , 11:09 am        
រូបភាព
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បើក​វគ្គ​បណ្តុះបណ្តាលរ​ដ្ឋ​បាល​កីឡា​ស្ដីពី អភិបាលកិច្ច​ល្អ គណនេយ្យភាព និង​ព័ត៌មាន​កីឡា រយៈពេល​៤​ថ្ងៃ ក្នុង​គោលបំណង​បញ្ជ្រាប​ចំណេះដឹង​នានា​ជុំវិញ​វិស័យ​កីឡា​ដល់​ក្រុម​អត្ត​ព​លិ​ក មន្ត្រី​កីឡា រួមទាំង​អ្នកសារព័ត៌មាន​។​



​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា​ស្ដីពី អភិបាលកិច្ច​ល្អ គណនេយ្យភាព និង​ព័ត៌មាន​កីឡា ដំណើរការ​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៤ ខែតុលា នៅ​ទីស្នាក់ការ NOCC ផ្ទាល់ ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​សរុប​ជាង​៦០​នាក់​។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​លើកឡើងថា​ការបង្កើត​វគ្គ​នេះ បង្កើន​ចំណេះដឹង​ដល់​ក្រុម​អត្ត​ព​លិ​ក មន្ត្រី​កីឡា និង​អ្នកសារព័ត៌មាន​កីឡា យល់ដឹង​កាន់តែច្បាស់​ក្នុង​វិស័យ​កីឡា​ជាតិ ប្រកបដោយ​វិជ្ជាជីវៈ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​កីឡា​ទៅដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែច្បាស់​។



​អគ្គលេខាធិការ NOCC បាន​បន្ថែមថា កា​រប​ង្តើ​ត​វគ្គ​នេះ​ឡើង​ក៏​ដើម្បី​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នា​ឆ្នាំ​២០២៣​ខាងមុខ ដោយ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​



​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៤​ថ្ងៃនេះ មាន​វាគ្មិន​ជំនាញ​ជាច្រើន​ចូលរួម​ធ្វើ​បទ​បង្ហាញ ដែល​ក្នុងនោះ​មាន​លោក វ៉ា​ត់ ចំរើន ដោយផ្ទាល់ លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ច័ន្ទ សំណព្វ  អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​អ្នកជំនាញ​ជាច្រើនរូប​ទៀត​៕


Tag:
 NOCC
  ស៊ី​ហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com