ជាតិ
ទូត​កូរ៉េខាងត្បូង​ថា សាម​គ្តី​ភាព​កូរ៉េ​-​កម្ពុជា ដូច​ចង្កឹះ​មួយ​បាច់​
12, Oct 2017 , 12:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា​បានរៀបចំ​ខួប​២០​ឆ្នាំ​នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ កូរ៉េ​-​កម្ពុជា នា​ល្ងាច​ថ្ងៃទី​១១​ខែតុលា​នៅ​សណ្ឋាគារ Intercontinental​។ ប្រមុខ​ការទូត​ខ្មែរ​លោក​ប្រាក់ សុខុន ជា​តំណាង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ចូលរួម​អបអរ​ទំនាក់ទំនង​ការទូត​កូរ៉េ​-​កម្ពុជា​នេះ​។​

 
​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា លោក គីម វុន​ជីន (Kim Weon-jin) បាន​ថ្លែង​សារ​បង្ហាញ​គំនិត​សុទិដ្ឋិនិយម​ច្រើន​ចំពោះ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ផង និង​ចំពោះ​ទំនាក់​ទំនងជា​មិត្តភាព​រវាង​កូរ៉េ និង​កម្ពុជា​ផង​។ នៅ​ចំពោះមុខ​ភ្ញៀវ​ជាច្រើន​រយ​នាក់​មកពី​រដ្ឋាភិបាល អ្នកវិនិយោគ និង​សហគមន៍​កូរ៉េ ឯកអគ្គរដ្ឋទូត​កូរ៉េ អះអាងថា​ទំនាក់ទំនង​រវាង​ប្រទេស​លោក និង​កម្ពុជា នឹង​រឹតតែ​រឹងមាំ ដោយ​គ្មាន​អ្នកណា​អាច​បំបែក​បាន​។​
 
​ឈរ​ថ្លែង​សុន្ទរកថា​នៅលើ​ឆាក អមដោយ​ប្រមុខ​ការទូត​ខ្មែរ​លោក ប្រាក់ សុខុន ប្រធាន​បេសកកម្ម​ទូត​កូរ៉េ លោក គីម វុន​ជីន បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖«​អនុញ្ញាត​ឲ្យ​ខ្ញុំ​លើកឡើង​នូវ​សុភាសិត​ខ្មែរ​មួយ​ដែល​និយាយថា ចង្កឹះ​មួយ​បាច់ កាច់​មិន​បាក់​។ សាមគ្គីភាព​របស់​យើង​នឹង​ក្លាយជា «​បាច់​នៃ​កម្លាំង​» អំណត់ និង​ស្ថិតស្ថេរ​ជា​រៀងរហូត​»​។​
 
​ឯកអគ្គរដ្ឋទូត​កូរ៉េ​មាន​មូលហេតុ​គ្រប់គ្រាន់​ដើម្បី​អះអាង​អំពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​។ «​កំណើន​នៃ​វិនិយោគ និង​ទេសចរ​កូរ៉េ​មក​កម្ពុជា រួមទាំង​ជើងហោះហើរ​ត្រង់​កម្ពុជា​កូរ៉េ​ផង​នោះ បានរួម​ចំណែក​ដោយផ្ទាល់​ទៅដល់​ជីវភាព​របស់​ពលរដ្ឋ​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក គីម វុន​ជីន បន្ទាប់ពី​បានបញ្ជាក់​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បាន​ផ្លាស់ប្តូរ​សារ​គ្នា​រួចហើយ​ដែរ​អំពី​ព្រឹត្តិការណ៍​ខួប​២០​ឆ្នាំ​នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​កូរ៉េ​កម្ពុជា​៕



Tag:
 ទំនាក់ទំនង​កូរ៉េ​កម្ពុជា​
  ស្ថានទូត​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com