ជាតិ
ទូតកូរ៉េខាងត្បូងថា សាមគ្តីភាពកូរ៉េ-កម្ពុជា ដូចចង្កឹះមួយបាច់
× ស្ថានទូតកូរ៉េប្រចាំកម្ពុជាបានរៀបចំខួប២០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ កូរ៉េ-កម្ពុជា នាល្ងាចថ្ងៃទី១១ខែតុលានៅសណ្ឋាគារ Intercontinental។ ប្រមុខការទូតខ្មែរលោកប្រាក់ សុខុន ជាតំណាងរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមអបអរទំនាក់ទំនងការទូតកូរ៉េ-កម្ពុជានេះ។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក គីម វុនជីន (Kim Weon-jin) បានថ្លែងសារបង្ហាញគំនិតសុទិដ្ឋិនិយមច្រើនចំពោះការរីកចម្រើនរបស់កម្ពុជាផង និងចំពោះទំនាក់ទំនងជាមិត្តភាពរវាងកូរ៉េ និងកម្ពុជាផង។ នៅចំពោះមុខភ្ញៀវជាច្រើនរយនាក់មកពីរដ្ឋាភិបាល អ្នកវិនិយោគ និងសហគមន៍កូរ៉េ ឯកអគ្គរដ្ឋទូតកូរ៉េ អះអាងថាទំនាក់ទំនងរវាងប្រទេសលោក និងកម្ពុជា នឹងរឹតតែរឹងមាំ ដោយគ្មានអ្នកណាអាចបំបែកបាន។
ឈរថ្លែងសុន្ទរកថានៅលើឆាក អមដោយប្រមុខការទូតខ្មែរលោក ប្រាក់ សុខុន ប្រធានបេសកកម្មទូតកូរ៉េ លោក គីម វុនជីន បានថ្លែងយ៉ាងដូច្នេះ៖«អនុញ្ញាតឲ្យខ្ញុំលើកឡើងនូវសុភាសិតខ្មែរមួយដែលនិយាយថា ចង្កឹះមួយបាច់ កាច់មិនបាក់។ សាមគ្គីភាពរបស់យើងនឹងក្លាយជា «បាច់នៃកម្លាំង» អំណត់ និងស្ថិតស្ថេរជារៀងរហូត»។
ឯកអគ្គរដ្ឋទូតកូរ៉េមានមូលហេតុគ្រប់គ្រាន់ដើម្បីអះអាងអំពីភាពរីកចម្រើននៃទំនាក់ទំនងនៃប្រទេសទាំងពីរ។ «កំណើននៃវិនិយោគ និងទេសចរកូរ៉េមកកម្ពុជា រួមទាំងជើងហោះហើរត្រង់កម្ពុជាកូរ៉េផងនោះ បានរួមចំណែកដោយផ្ទាល់ទៅដល់ជីវភាពរបស់ពលរដ្ឋកម្ពុជា»។ នេះជាការលើកឡើងរបស់លោក គីម វុនជីន បន្ទាប់ពីបានបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានផ្លាស់ប្តូរសារគ្នារួចហើយដែរអំពីព្រឹត្តិការណ៍ខួប២០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញកូរ៉េកម្ពុជា៕
Tag:
ទំនាក់ទំនងកូរ៉េកម្ពុជា
ស្ថានទូតកូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com