កីឡាជាតិ
ជាតិ
មេដាយមាស​ពិភពលោក​ធ្វើ​ឲ្យ​អ្នកលេង​សាច់ដុំ សំបូរ ណាន ស្រក់​ទឹកភ្នែក​ពីរលើក​
12, Oct 2017 , 1:56 pm        
រូបភាព
កីឡាករ សំបូរ ណាន (ឆ្វេង) និង តឹក ប៊ុនវី លើកបង្ហាញមេដាយលើរថយន្តក្បួនដង្ហែនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
កីឡាករ សំបូរ ណាន (ឆ្វេង) និង តឹក ប៊ុនវី លើកបង្ហាញមេដាយលើរថយន្តក្បួនដង្ហែនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ដោយ:
​ការ​ឈ្នះ​មេដាយមាស​ពិភពលោក​ពី​ការប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៩​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​ប្រទេស​ម៉ុង​ហ្គោ​លី​បានធ្វើ​ឲ្យ​ម្ចាស់​ជ័យលាភី​មេដាយមាស សំបូរ ណាន និង​មិត្ត​រួម​ក្រុម​រំភើប​ស្រក់​ទឹកភ្នែក​រហូត​ពីរលើក​។ ប្រតិភូ​កីឡា​កាយ​វប្ប​កម្មបាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១១ តុលា ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​និង​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ លើសពីនេះ​ទទួលបាន​ក្បួន​ដង្ហែ​មាន​ម៉ូតូ​សអម​១២​គ្រឿង​ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ទៀតផង​។



​ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​កាយ​វប្បកម្ម​កីឡាករ សំបូរ ណាន និង​មិត្ត​រួម​ក្រុម​រំភើប​រហូត​ស្រក់​ទឹកភ្នែក​ពេល​គណៈកម្មការ​ដាក់ពិន្ទុ​វិនិច្ឆ័យ​ឲ្យ​រូបគេ​ឈ្នះ​មេដាយមាស​និង​កីឡាករ តឹក ប៊ុន​វី ឈ្នះ​មេដាយប្រាក់​លើ​វិញ្ញាសា​តែមួយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដែលមាន​កីឡាករ​៥​រូប​ចូលរួម​។ ការ​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​នេះ​ដោយសារ​រូបគេ​មិន​នឹកស្មានថា កីឡា​កាយ​វប្បកម្ម​អាច​សាង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​លើ​ឆាក​អន្តរជាតិ​សម្រាប់​កីឡា​កាយ​វប្បកម្ម ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​បែបនេះ​ទេ​។​



​មេដាយមាស​ពិភពលោក​លើ​វិញ្ញាសា​បង្ហាញ​សាច់ដុំ​កម្ពស់​១,៧៥​ម៉ែត្រ​របស់​កីឡាករ សំបូរ ណាន បាន​នាំ​ឲ្យ​រូបគេ​ក៏ដូចជា​មិត្ត​រួម​ក្រុម​ព្រមទាំង​ប្រតិភូ​កីឡា​កាយ​វប្បកម្ម​ដែល​ចូលរួម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​ទទួលបាន​ជិះ​រថយន្ត​ក្បូន​ដង្ហែ​ដោយមាន​ម៉ូតូ​សអម​១២​គ្រឿង​ដែលជា​ក្បួន​សម្រាប់​អម​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា ជា​លើកដំបូង​។ ការ​ជិះ​រថយន្ត​ក្បួន​ដង្ហែ​លើកដំបូង និង​ការស្វាគមន៍​របស់​ថ្នាក់ដឹកនាំ​កីឡា និង​មិត្ត​រួម​អាជីព​ព្រមទាំង​សាច់ញាតិ​យ៉ាងច្រើន​កុះករ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បានធ្វើ​ឲ្យ​ក្រុមកីឡា​កាយ​វប្បកម្ម​រំភើប​រហូត​ស្រក់​ទឹកភ្នែក​ជា​លើក​ទី​២​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ទីស្នាក់ការ NOCC កីឡាករ សំបូរ ណាន បង្ហាញ​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​រំភើប​ខ្លាំង​រហូត​ស្រក់​ទឹកភ្នែក ព្រោះ​យើង​មិន​រំពឹងថា យើង​អាច​ធ្វើបាន ហើយ​បាន​ជិះឡាន​អមដោយ​ម៉ូតូ​ស​១២​គ្រឿង​ដូចនេះ​ទេ វា​ជា​កិត្តិ​យក​ធំ​បំផុត​សម្រាប់​ពួក​ខ្ញុំ​»​។​



​ម្ចាស់​មេដាយមាស​រូបនេះ​បាន​និយាយថា រូបគេ​បាន​ស្រក់​ទឹកភ្នែក​ម្តង​រួចមកហើយ​ពេល​បំពាក់​មេដាយ​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​។​«​ពួក​ខ្ញុំ​បាន​ស្រក់​ទឹកភ្នែក​ម្តង​រួម​មកហើយ​នៅពេល​បានលឺ​ភ្លេងជាតិ និង​ការ​បង្ហូតទង់ជាតិ​កម្ពុ​ជា​ពេល​បំពាក់​មេដាយ​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​ប្រទេស​ម៉ុង​ហ្គោ​លី​។ ខ្ញុំ​គិតថា ពួក​ខ្ញុំ​បាន​សាង​ប្រវត្តិ​មួយ​ដ៏​ធំធេង​សម្រាប់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​»​។ នេះ​ជាការ​រៀបរាប់​ពី​ស្នាដៃ​ដ៏​ធំធេង​សម្រាប់​ខ្លួន និង​ប្រទេសជាតិ​នៅលើ​ឆាក​អន្តរជាតិ​របស់​កីឡាករ សំបូរ ណាន​។

​ក្រុម​កីឡាករ​កាយ​វប្បកម្ម​រួមមាន​កីឡាករ សំបូរ ណាន​, តឹក ប៊ុន​វី និង ណុំ សុ​បិ​ន្ត ព្រមទាំង​ប្រតិភូ​បាន​នាំយក​មេ​យក​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​៩​នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​ប្រទេស​ម៉ុង​ហ្គោ​លី​មក​កម្ពុជា​ហើយ​កាលពី​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​។ សម្រាប់​ដំណើរ​វិ​វត្ត​មក​កម្ពុជា​នេះ ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក ថោង ខុន ប្រធាន NOCC, លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕      







Tag:
 កាយ​វប្បកម្ម​
  ណុំ សុ​បិ​ន្ត​
  តឹក ប៊ុន​វី​
  សំបូរ ណាន
© រក្សាសិទ្ធិដោយ thmeythmey.com