លោក George Weah អតីតខ្សែប្រយុទ្ធឆ្នើម ដែលបានឈ្នះពាន Ballon d’Or កាលពីឆ្នាំ១៩៩៥ ទទួលបានសំឡេងឆ្នោតឈានមុខគេក្នុងការក្លាយជាប្រធានាធិបតីលីបេរីយ៉ា ដើម្បីជំនួសលោកស្រី Ellen Johnson-Sirleaf។
ប្រជាពលរដ្ឋលីបេរីយ៉ា ជាង២លាននាក់ បានចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងប្រធានាធិបតីថ្មីកាលពីថ្ងៃអង្គារ ទី១០ ខែតុលា។ លទ្ធផលបានបង្ហាញថា គណបក្ស Congress for Democratic Change របស់អតីតកីឡាករបាល់ទាត់ឆ្នើម George Weah ទទួលបានសំឡេងគាំទ្រលើសគូប្រជែង១៩ផ្សេងទៀត។
លោក George Weah ទំនងជាឡើងកាន់តំណែងជាប្រធានាធិបតីលីបេរីយ៉ា បន្តពីលោកស្រី Ellen Johnson-Sirleaf ដែលបានដឹកនាំប្រទេសអាហ្វ្រិកមួយនេះ នារយៈពេល១២ឆ្នាំកន្លងមក ហើយអណត្តិរបស់លោកស្រីបញ្ចប់នៅថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខ។
លោក George Weah បច្ចុប្បន្នវ័យ៥១ឆ្នាំ បានប្រឡូកក្នុងឆាកនយោបាយចាប់តាំងពី២០០៥ ខណៈលីបេរីយ៉ា ស្ថិតក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ លោកបានប្រជែងជាមួយលោកស្រី Ellen Johnson-Sirleaf ពីរអណត្តិកន្លងមកហើយ ដោយកាលពីចុងឆ្នាំ២០១៤ លោកបានជាប់ជាសមាជិកព្រឹទ្ធសភាប្រចាំក្រុង Monrovia។
អ្នកនយោបាយរូបនេះ មានឈ្មោះល្បីល្បាញ តាមរយៈការប្រកបអាជីពជាកីឡាករបាល់ទាត់លំដាប់ពិភពលោក។ លោក Weah លេងឲ្យក្រុមជម្រើសជាតិលីបេរីយ៉ា ចន្លោះពីឆ្នាំ១៩៨៧ ដល់ឆ្នាំ២០០៧ និងលេងឲ្យក្លិបជាច្រើនដូចជា AS Monaco, PSG, AC Milan, Chelsea, Manchester City, Marseille។
នៅឆ្នាំ១៩៩៥ លោក Weah ជាកីឡាករអាហ្វ្រិកដំបូងបំផុតដែលបានឈ្នះពាន Ballon d’Or ខណៈលោកផ្ទេរពីក្លិប AC Milan ទៅ PSG ដោយទទួលបានសំឡេងគាំទ្រច្រើនជាង លោក Jurgen Klinsmann និង Jari Litmanen៕