កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​កីឡាករ​បាល់ទាត់​ឆ្នើម​ដែល​ឈ្នះ Ballon d’Or ឈានមុខគេសម្រាប់តំណែង​ប្រធានាធិបតី​លី​បេ​រី​យ៉ា​
12, Oct 2017 , 2:45 pm        
រូបភាព
ដោយ: ធីតា
​លោក George Weah អតីត​ខ្សែប្រយុទ្ធ​ឆ្នើម ដែល​បានឈ្នះ​ពាន Ballon d’Or កាលពី​ឆ្នាំ​១៩៩៥ ទទួលបានសំឡេងឆ្នោតឈានមុខគេក្នុងការក្លាយ​​ជា​ប្រធានាធិបតី​លី​បេ​រី​យ៉ា ដើម្បី​ជំនួស​លោកស្រី Ellen Johnson-Sirleaf​។​


 
​ប្រជាពលរដ្ឋ​លី​បេ​រី​យ៉ា ជាង​២​លាន​នាក់ បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​ប្រធានាធិបតី​ថ្មី​កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែតុលា​។ លទ្ធផល​បាន​បង្ហាញថា គណបក្ស Congress for Democratic Change របស់​អតីត​កីឡាករ​បាល់ទាត់​ឆ្នើម George Weah ទទួលបាន​សំឡេងគាំទ្រ​លើស​គូប្រជែង​១៩​ផ្សេងទៀត​។​



​លោក George Weah ទំនងជា​​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​លី​បេ​រី​យ៉ា បន្ត​ពី​លោកស្រី Ellen Johnson-Sirleaf ដែល​បាន​ដឹកនាំ​ប្រទេស​អាហ្វ្រិក​មួយ​នេះ នា​រយៈពេល​១២​ឆ្នាំកន្លងមក ហើយ​អណ​ត្តិ​របស់​លោកស្រី​បញ្ចប់​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ខាងមុខ​។​

​លោក George Weah បច្ចុប្បន្ន​វ័យ​៥១​ឆ្នាំ បាន​ប្រឡូក​ក្នុង​ឆាកនយោបាយ​ចាប់តាំងពី​២០០៥ ខណៈ​លី​បេ​រី​យ៉ា ស្ថិតក្នុង​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​។ លោក​បាន​ប្រជែង​ជាមួយ​លោកស្រី Ellen Johnson-Sirleaf ពីរ​អណ​ត្តិ​កន្លងមកហើយ ដោយ​កាលពី​ចុងឆ្នាំ​២០១៤ លោក​បាន​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ក្រុង Monrovia​។​



​អ្នកនយោបាយ​រូបនេះ មានឈ្មោះ​ល្បីល្បាញ តាមរយៈ​ការប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​។ លោក Weah លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​លី​បេ​រី​យ៉ា ចន្លោះ​ពី​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​២០០៧ និង​លេង​ឲ្យ​ក្លិប​ជាច្រើន​ដូចជា AS Monaco, PSG, AC Milan, Chelsea, Manchester City, Marseille​។​

​នៅ​ឆ្នាំ​១៩៩៥ លោក Weah ជា​កីឡាករ​អាហ្វ្រិក​ដំបូង​បំផុត​ដែល​បានឈ្នះ​ពាន Ballon d’Or  ខណៈ​លោក​ផ្ទេរ​ពី​ក្លិប AC Milan ទៅ PSG ដោយ​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង លោក Jurgen Klinsmann និង Jari Litmanen៕


Tag:
 Ballon d’Or
  លី​បេ​រី​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com