អន្តរជាតិ
កងទ័ពថៃទទួលបានរថក្រោះដែលខ្លួនបញ្ជាទិញពីចិននៅដើមសប្តាហ៍នេះ រូបភាព៖ Reuters
× រថក្រោះម៉ាក VT4 ក្រុមដំបូងក្នុងចំណោមរថក្រោះសរុប ២៨ គ្រឿងដែលរដ្ឋាភិបាលថៃបញ្ជាទិញពីចិននោះបានមកដល់ថៃតាមការគ្រោងទុកនៅដើមសប្តាហ៍នេះ។ រថក្រោះទាំងនេះនឹងត្រូវចូលបម្រើក្នុងកងពលធំរថពាសដែកលេខ ៣ ដែលស្ថិតនៅខេត្ត Khon Kaen។
យោធាថៃបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា រថក្រោះផលិតនៅចិនម៉ាក VT4 ក្រុមដំបូងបានបញ្ជូនមកដល់ប្រទេសថៃហើយនៅថ្ងៃចន្ទ ទី៩ ខែតុលាដើមសប្តាហ៍នេះ។ រថក្រោះដែលថៃបានបញ្ជាទិញពីចិនសរុបទាំងចំនួន ២៨ គ្រឿងដែលមានតម្លៃស្មើ ៤,៩ពាន់លានបាតឯណោះ។
សារព័ត៌មានថៃបាងកកប៉ុស្តិ៍ បានផ្សាយថា រថក្រោះទាំងអស់ដែលថៃទិញមកពីចិននេះត្រូវបានគេដឹកមកដល់កំពង់ផែ Thung Prong នាខេត្ត Chon Buri ហើយវាត្រូវបានបញ្ជូនបន្តទៅកាន់ខេត្ត Saraburi ដើម្បីទទួលការត្រួតពិនិត្យសិន។ ចុងក្រោយវានឹងត្រូវបញ្ជូនទៅបម្រើការងារនៅកងពលធំរថពាសដែកលេខ ៣ ដែលស្ថិតនៅក្នុងស្រុក Nam Phong នាខេត្ត Khon Kaen ។
មេបញ្ជាការកងទ័ពថៃ Chalermchai Sitthisad បានបញ្ជាក់ថា ក្រោយពេលដែលសព្វាវុធទាំងនេះត្រូវបានត្រួតពិនិត្យចប់សព្វគ្រប់ហើយនោះ គេនឹងអនុញ្ញាតឲ្យខាងសារព័ត៌មានចូលទស្សនាផងដែរ។
ចំណែកពាក់ព័ន្ធនឹងការនាំចូលសព្វាវុធ ២៨គ្រឿងនេះ មន្ត្រីយោធាជាន់ខ្ពស់រូបនេះក៏បានបកស្រាយផងថា ការសម្រេចទិញរថក្រោះធ្វើឡើងដោយគណៈកម្មាធិការកងទ័ពកាលពីដើមឆ្នាំ ២០១៦ ។ មន្ត្រីយោធាថៃក៏បានធ្វើដំណើរទៅចិនកន្លងមកដែរដើម្បីត្រួតពិនិត្យសព្វាវុធទាំងនេះមុននាំចូលមក។ បន្ថែមពីលើរថក្រោះ ២៨គ្រឿងនេះ នៅពាក់កណ្តាលឆ្នាំនេះរដ្ឋាភិបាលថៃក៏ផ្តល់ភ្លើងបៃតងសម្រាប់ការបញ្ជាទិញរថក្រោះ ១១ គ្រឿងទៀតពីចិនដូចគ្នា។
តាមពិតទៅថៃសម្រេចនាំចូលរថក្រោះពីចិនវិញ បន្ទាប់ពីអ៊ុយក្រែនបរាជ័យក្នុងការបញ្ជូនរថក្រោះ T-84 មកឲ្យថៃតាមការកំណត់ ដោយសារតែបញ្ហាប្រឈមក្នុងស្រុកកន្លងមក។ ក្នុងរយៈពេលបីឆ្នាំមកនេះ ថៃបានទទួលរថក្រោះពីអ៊ុយក្រែនត្រឹម ដប់គ្រឿងប៉ុណ្ណោះ។
មួយទៀតយោធាថៃបង្ហើបថា ការសម្រេចចិត្តនេះក៏ដោយសារនៅពេលខាងមុខ កងទ័ពចិន និងថៃ នឹងបង្កើតរោងចក្រជួសជុលសព្វាវុធនៅក្នុងប្រទេសថៃផងដែរ៕
Tag:
ចិន
ថៃ
Chalermchai Sitthisad
© រក្សាសិទ្ធិដោយ thmeythmey.com