អន្តរជាតិ
UN៖ «​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បំផ្លាញ​ផ្ទះ និង​ទ្រព្យសម្បត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដើម្បី​កុំ​ឲ្យ​ពួកគេ​ត្រឡប់មកវិញ​»
12, Oct 2017 , 8:39 pm        
រូបភាព
ដោយ:
​មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ប្រើពាក្យ​ចោទថា មី​យ៉ាន់​ម៉ា បំផ្លាញ​ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​ជនជាតិភាគតិច​នេះ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ត្រឡប់មកវិញ​។  ការចោទប្រកាន់​នេះ​ធ្វើឡើង​ដោយ​សម្អាង​លើ​កិច្ចសម្ភាសន៍​ជាមួយនឹង​ជនរងគ្រោះ ដែល​កំពុងតែ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ជំរំ​បង់​ក្លា​ដែ​ស ។



​ប្រធានការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក លោកស្រី Jyoti Sanghera បាន​ទទូច​ឲ្យ​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បញ្ឈប់​ហិង្សា ហើយ​លោក ក៏បាន​សម្តែង​ការព្រួយបារម្ភ​ពី​អនាគត​របស់​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា ក្រោយ​មាន​វិបត្តិ​នេះ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​១១ ខែតុលា ។

​លោកស្រី​ប្រធានការិយាល័យ បាន​ថ្លែង​ក្នុងការ​សង្ខេប​ព័ត៌មាន​ថា​៖«​ប្រសិនបើ​ភូមិ​(​របស់​ជនភៀសខ្លួន​) ត្រូវបាន​បំផ្លាញ​ទាំងស្រុង អ្វីដែល​យើង​ព្រួយបារម្ភ​ខ្លាំង​នោះ ពួកគេ អាច​ត្រូវ​បង្ខាំង​ទុក ឬ​រស់នៅក្នុង​ជំរំ​ហើយ​»​។

​របាយការណ៍​អង្គការសហប្រជាជាតិ​ដែល​យោងតាម​កិច្ចសម្ភាសន៍​ជាមួយនឹង​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​បាន​ទៅដល់​បង់​ក្លា​ដែ​ស​កាលពី​ខែ​មុន​បង្ហាញថា ប្រតិបត្តិការ​បោសសម្អាត​របស់​អាជ្ញាធ​រ បានចាប់ផ្តើម​មុនពេល​នៃ​ការវាយប្រហារ​របស់​ក្រុម​ឧទ្ទាម​ទៅលើ​ប៉ុស្តិ៍​ប៉ូលិស​ទៅទៀត ។

​របាយការណ៍​នោះ ក៏បាន​រកឃើញ​ផងដែរ​ថា អាជ្ញាធរ​មី​យ៉ាន់​ម៉ា បាន​កម្ទេច​ទ្រព្យសម្បត្តិ​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ភូមិ​របស់​ពួកគេ​នៅក្នុង​រដ្ឋ Rakhine ទាំងស្រុង ក្នុង​គោលបំណង​មិន​ត្រឹមតែ​ឲ្យ​ពួកគេ​ចាកចេញ​ប៉ុណ្ណោះ​ទេ តែ​ក៏​រារាំង​ពួកគេ មិន​ឲ្យ​ត្រលប់​មកវិញ​ផងដែរ​៕


Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com