អន្តរជាតិ
អាស៊ានចុះកិច្ចព្រមព្រៀងធ្វើឲ្យរថយន្តដឹកអ្នកដំណើរឆ្លងកាត់តំបន់កាន់តែងាយស្រួល រូបភាព៖ ហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី Khaw Boon Wan
× កិច្ចព្រមព្រៀងសម្រួលដល់ការដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរក្នុងតំបន់អាស៊ានទាំងមូលនឹងត្រូវចុះហត្ថលេខានៅថ្ងៃសុក្រទី ១៣ ខែតុលានេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៣ នៅក្នុងប្រទេសសិង្ហបុរី។ កិច្ចព្រមព្រៀងនេះនឹងដើរតួនាទីសំខាន់ជួយជំរុញលំហូរទេសចរណ៍ និងពាណិជ្ជកម្មក្នុងតំបន់នាពេលអនាគត។
ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី Teo Chee Hean បានលើកឡើងថា កិច្ចព្រមព្រៀងបង្កភាពងាយស្រួលដល់រថយន្តដឹកអ្នកដំណើរក្នុងតំបន់អាស៊ាននឹងត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានទាំងដប់នៅថ្ងៃសុក្រទី ១៣ តុលាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៣ នៅសិង្ហបុរី។
ទូរទស្សន៍សិង្ហបុរី Channel News Asia លោក Teo បានបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីដែលមានឈ្មោះថា កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានសម្រាប់សម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរឆ្លងដែនតាមយានយន្ត» (ASEAN Framework Agreement for the Facilitation of Cross-Border Transport of Passengers by Road Vehicles)នឹងរួមចំណែកសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀតក្នុងតំបន់។
លោកបានបន្តថា៖ វាជាការសញ្ញាមួយបង្ហាញទៅសហគមន៍អន្តរជាតិថា តំបន់យើងប្តេជ្ញាចិត្តជំរុញការបើកចំហ ជំរុញសមាហរណកម្មសេដ្ឋកិច្ច និងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មតំបន់យើងផងដែរ»។
សម្រាប់លោក Teo Chee Hean វិស័យដឹកជញ្ជូនជាឆ្អឹងខ្នងនៃលំហូរពាណិជ្ជកម្ម និង ទេសចរណ៍។ ដូច្នេះហើយលោកបានអំពាវនាវឲ្យបណ្តាប្រទេសអាស៊ានពង្រឹងកិច្ចសហការ និងជំរុញសមាហរណកម្មវិស័យដឹកជញ្ជូនផងដែរ។
តាមសម្តីរបស់ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីនេះ ក្រៅពីកិច្ចព្រមព្រៀងសម្រួលការធ្វើដំណើរសម្រាប់រថយន្តដឹកអ្នកដំណើរ កិច្ចព្រមព្រៀងជាច្រើនទៀតដែលជំរុញឲ្យមានការបើកចំហ ផ្លូវអាកាស និងលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពនៃការធ្វើដំណើរផ្លូវអាកាសផងនោះនឹងត្រូវចុះហត្ថលេខានៅក្នុងកិច្ចប្រជុំនេះដែរ។
ដោយឡែក អាស៊ានក៏នឹងព្យាយាមលើកកម្ពស់ការតភ្ជាប់នៃវិស័យដឹកជញ្ជូននេះជាមួយបណ្តាដៃគូសំខាន់ៗក្រៅពីប្រទេសក្នុងតំបន់អាស៊ានផងដែរ។ បើតាមការបញ្ជាក់របស់លោក Teo ការជំរុញការតភ្ជាប់ជាមួយដៃគូនេះស្តែងឡើងតាមការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធក្រោមក្របខណ្ឌខ្សែក្រវាត់មួយវិថីមួយរបស់ចិន (BRI)។ មួយទៀតគឺ ការចរចាបង្កើតកិច្ចព្រមព្រៀងដឹកជញ្ជូនគ្រប់ជ្រុងជ្រោយតាមផ្លូវអាកាស ( Comprehensive Air Transport Agreement) ជាមួយសហភាពអឺរ៉ុបផងដែរ៕
Tag:
អាស៊ាន
ការដឹកជញ្ជូន
សិង្ហបុរី
Teo Chee Hean
© រក្សាសិទ្ធិដោយ thmeythmey.com