អន្តរជាតិ
អាស៊ាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើ​ឲ្យ​រថយន្ត​ដឹក​អ្នកដំណើរ​ឆ្លងកាត់​តំបន់​កាន់តែ​ងាយស្រួល​
12, Oct 2017 , 9:19 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី Khaw Boon Wan
រូបភាព៖ ហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី Khaw Boon Wan
ដោយ: ថ្មីៗ
​កិច្ចព្រមព្រៀង​សម្រួល​ដល់​ការដឹកជញ្ជូន​តាម​រថ​យន្ត​ដឹក​អ្នកដំណើរ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃ​សុក្រ​ទី ១៣ ខែតុលា​នេះ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី ២៣ នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ កិច្ចព្រមព្រៀង​នេះ​នឹង​ដើរតួនាទី​សំខាន់​ជួយ​ជំរុញ​លំហូរ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​នាពេល​អនាគត​។



​ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី Teo Chee Hean បាន​លើកឡើងថា កិច្ចព្រមព្រៀង​បង្ក​ភាពងាយស្រួល​ដល់​រថយន្ត​ដឹក​អ្នកដំណើរ​ក្នុង​តំបន់​អាស៊ាន​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​ទាំង​ដប់​នៅ​ថ្ងៃ​សុក្រ​ទី ១៣ តុលា​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី ២៣ នៅ​សិង្ហ​បុរី​។

​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក Teo បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ថ្មី​ដែលមាន​ឈ្មោះថា កិច្ចព្រមព្រៀង​ក្របខណ្ឌ​អាស៊ាន​សម្រាប់​សម្រួល​ដល់​ការដឹកជញ្ជូន​អ្នកដំណើរ​ឆ្លងដែន​តាម​យានយន្ត​» (ASEAN Framework Agreement for the Facilitation of Cross-Border Transport of Passengers by Road Vehicles)​នឹង​រួមចំណែក​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​ក្នុង​តំបន់​។

​លោក​បាន​បន្តថា​៖ វា​ជាការ​សញ្ញា​មួយ​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ថា តំបន់​យើង​ប្តេជ្ញាចិត្ត​ជំរុញ​ការបើកចំហ ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច និង​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​តំបន់​យើង​ផងដែរ​»​។

​សម្រាប់​លោក Teo Chee Hean វិស័យ​ដឹកជញ្ជូន​ជា​ឆ្អឹងខ្នង​នៃ​លំហូរ​ពាណិជ្ជកម្ម និង ទេសចរណ៍​។ ដូច្នេះហើយ​លោក​បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន​ពង្រឹង​កិច្ចសហការ និង​ជំរុញ​សមាហរណកម្ម​វិស័យ​ដឹកជញ្ជូន​ផងដែរ​។​

​តាម​សម្តី​របស់​ឧបនាយករដ្ឋមន្ត្រី​សិង្ហ​បុរី​នេះ ក្រៅពី​កិច្ចព្រមព្រៀង​សម្រួលការ​ធ្វើដំណើរ​សម្រាប់​រថយន្ត​ដឹក​អ្នកដំណើរ កិច្ចព្រមព្រៀង​ជាច្រើន​ទៀត​ដែល​ជំរុញ​ឲ្យ​មានការ​បើកចំហ ផ្លូវអាកាស និង​លើកកម្ពស់​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​ការធ្វើដំណើរ​ផ្លូវអាកាស​ផង​នោះ​នឹងត្រូវ​ចុះហត្ថលេខា​នៅក្នុង​កិច្ចប្រជុំ​នេះដែរ​។​

​ដោយឡែក អាស៊ាន​ក៏​នឹង​ព្យាយាម​លើកកម្ពស់​ការតភ្ជាប់​នៃ​វិស័យ​ដឹកជញ្ជូន​នេះ​ជាមួយ​បណ្តា​ដៃគូ​សំខាន់ៗ​ក្រៅពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។ បើតាម​ការបញ្ជា​ក់រប​ស់លោក Teo ការជំរុញ​ការតភ្ជាប់​ជាមួយ​ដៃគូ​នេះ​ស្តែងឡើង​តាម​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ (RCEP) និង​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ក្របខណ្ឌ​ខ្សែក្រវាត់​មួយ​វិថី​មួយ​របស់​ចិន (BRI)​។ មួយទៀត​គឺ ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​គ្រប់​ជ្រុងជ្រោយ​តាមផ្លូវ​អាកាស ( Comprehensive Air Transport Agreement) ជាមួយ​សហភាព​អឺរ៉ុប​ផងដែរ​៕


Tag:
 អាស៊ាន​
  ការដឹកជញ្ជូន​
  សិង្ហ​បុរី​
  Teo Chee Hean
© រក្សាសិទ្ធិដោយ thmeythmey.com