ជាតិ
កញ្ញា គន់ ពន្លឺ​៖ ការងារ​ស្ម័គ្រចិត្ត​ដែល​ត្រូវ​ជំនាញ​សិក្សា​ជា​ទុន​ដ៏​សំខាន់​របស់​យុវជន​
12, Oct 2017 , 8:19 pm        
រូបភាព
«​ដំណើរ​រាប់ពាន់​យោជន៍​ចាប់ផ្តើម​ពី​ជំហាន​ទីមួយ​»! កញ្ញា គន់ ពន្លឺ ក៏​យល់​មិន​ខុសពី​ទស្សនវិទូ​ចិន ឡៅ ស៊ឺ (Lao Tzu) នោះដែរ​។ សមាជិក​លេខាធិការដ្ឋាន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រូបនេះ បាន​អះអាងថា ការផ្តើម​ប្រឡូក​ការងារ​ដោយ​ស្ម័គ្រចិត្ត ជា​ទុន​ដ៏​សំខាន់​នាំ​ឲ្យ​ខ្លួន ជោគជ័យ​ក្នុង​ពិភព​ការងារ​។​



​កញ្ញា គន់ ពន្លឺ បាន​ចាក​ចេញពី​គ្រួសារ​ដើម្បី​មក​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ​។ ទោះបីជា​មមាញឹក​លើ​ការសិក្សា​ជំនាញ​រដ្ឋបាល​សាធារណៈ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ក៏ដោយ ក៏​យុវតី​ដែលមាន​កំណើត​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ រូបនេះ ឆ្លៀតពេល​ធ្វើការ​ស្ម័គ្រចិត្ត​នៅតាម​អង្គការ និង​ក្រុមហ៊ុន ជាច្រើន​។​

​សម្រាប់​ពន្លឺ ការងារ​ស្ម័គ្រចិត្ត គឺជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​សម្រាប់​យុវជន មុន​ឈោង​ចាប់យក​អាជីព​ណាមួយ​។ យុវតី ដែល​នឹង​ឈានដល់​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​អះអាងថា​៖ «​ការងារ​ស្ម័គ្រចិត្ត បាន​បង្រៀន​ឲ្យ​យើង​ចេះ​ធ្វើការ​ជា​ក្រុម [Teamwork] និង​ផ្តល់​ការសង្កេត​ផ្សេងៗ​ទាក់ទង​នឹង​បរិយាកាស​ការងារ​»​។​



​ចាប់តាំងពី​ដើមឆ្នាំ​២០១៦​មក កញ្ញា ពន្លឺ បាន​បម្រើការ​នៅក្នុង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​ការងារ​ស្ម័គ្រចិត្ត មុននឹង​ក្លាយជា​មន្ត្រី​នៅ​លេខាធិការដ្ឋាន​ក្នុង​បណ្តាញ​យុវជន​មួយ​នេះ ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​។

​អ្នកធ្វើការ​ស្ម័គ្រចិត្ត ត្រូវបាន​គេ​បោក​ប្រើ​ឬ​យ៉ាងណា​? កញ្ញា ពន្លឺ មិន​យល់ស្រប​នឹង​ការយល់ឃើញ​បែបនេះ​ឡើយ​។ គាត់​បាន​លើកឡើងថា​៖ «​គ្មាន​ការងារ​ណាមួយ​ដែល​មិន​គិតពី​ផលប្រយោជន៍​នោះទេ​។ គេ​ជ្រើសរើស​យើង ដោយសារតែ​គេច​ង់​ឲ្យ​ការងារ​គេ​រលូន​ទៅមុខ ហើយ​យើង​សម្រេច​ទៅ​បម្រើ​ការងារ​ឲ្យ​គេ ក៏​ដោយសារតែ​យើង​ចង់បាន​បទពិសោធន៍​ការងារ​ផងដែរ​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ កញ្ញា​ដ៏​ស្រស់ស្អាត​រូបនេះ បាន​បន្ថែមថា មុននឹង​សម្រេចចិត្ត​ធ្វើ​ការងារ​ស្ម័គ្រចិត្ត យុវជន​គប្បី​ស្វែងរក​ការងារ​ណា​ដែល​សមស្រប​ទៅនឹង​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​។ អ្នក​ត្បូងឃ្មុំ​រូបនេះ ទើបតែ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញរ​ដ្ឋ​បាល​សាធារណៈ​ក្នុង​ឆ្នាំ​២០១៧ ប៉ុន្តែ​គាត់​បាន​ចុះ​អនុវត្ត​ជំនាញ​របស់ខ្លួន ជាង​១​ឆ្នាំ​មកហើយ ក្នុងនាម​ជា​សមាជិក​ម្នាក់​នៃ​ក្រុមការងារ​របស់​អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ា​នី និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

«​ការងារ​ស្ម័គ្រចិត្ត គឺជា​យាន​ដ៏​សំខាន់​សម្រាប់​យុវជន​ក្នុងការ​អនុវត្ត​ទ្រឹស្តី​ដែល​សិក្សា​នៅ​សាលា​»​។ ពន្លឺ បាន​អះអាង​យ៉ាង​ដូច្នេះ មុននឹង​បង្ហើប​ក្តី​ស្រមៃ​របស់ខ្លួន​ក្នុងការ​ក្លាយជា​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ម្នាក់​។ នាង​រៀបរាប់ថា​៖ «​តាំងពី​អាយុ​១៥​ឆ្នាំ ពោល​កាលពី​រៀន​ថ្នាក់​វិទ្យាល័យ ខ្ញុំ​បាន​មើលឃើញ​ពី​ភាពខ្វះ​ចន្លោះ​មួយចំនួន​ក្នុង​ប្រព័ន្ធ​រដ្ឋបាល ដូច្នេះ​ខ្ញុំ​មាន​ក្តី​សុបិន​ចង់​ក្លាយជា​អភិបាលស្រុក​មួយរូប ហើយ​ការតាំង​ចិត្ត​នេះ មិន​សាបរលាប​នោះឡើយ​»​។​

​ពន្លឺ បាន​កត់សម្គាល់ថា អ្វីដែល​ពលរដ្ឋ​ចង់បាន គឺ​ការយកចិត្តទុកដាក់ និង​ភាព​រួសរាយ​រាក់ទាក់​ពី​ថ្នាក់ដឹកនាំ មិន​សំខាន់​ថា អ្នក​ទាំងនោះ​រៀន​ដល់​ថ្នាក់អនុបណ្ឌិត ឬ​បណ្ឌិត​នោះឡើយ​។ « បង​ប្រធាន [​លោក ហ៊ុន ម៉ា​នី​] តែង​ណែនាំ​ថា កុំ​ធ្វើខ្លួន​ឲ្យ​ទើស​ដល់​អ្នកដទៃ​។ ពិតជា​មានន័យ​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​ការលើកឡើង​របស់គាត់ គឺ​ចង់​ឲ្យ​យើងទាំងអស់គ្នា​រៀន​រស់នៅ​ដោយ​ចេះ​សម្រប​ខ្លួន​គ្រប់​កាលៈទេសៈ​»​។​


 
​កញ្ញា គន់ ពន្លឺ បានផ្តល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ថ្មីៗ ខណៈដែល​នាង​ស្ថិតក្នុង​ដំណើរ​តាម​រថភ្លើង​ពី​ក្រុង​ប៉េកាំង ទៅ​ក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី ជាមួយ​ប្រតិភូ​យុវជន​ប្រមាណ​៥០០​នាក់ ដែល​ចូលរួម​ក្នុង​ទិវា​យុវជន​អាស៊ី​-​អាហ្វ្រិក​លើក​ទី​ពីរ​។

​ស៊ី​អាន ដែលជា​អតីត​រាជធានី ឆាង​អាន គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ផ្លូវ​ពាណិជ្ជកម្ម​ចិន ជាពិសេស​ជំនួញ​សូត្រ ដែល​ត​ភ្ជាប់​បណ្តា​ប្រទេស​នានា​នៅ​អាស៊ី រហូតដល់​អឺរ៉ុប និង​អាហ្វ្រិក តាំងពី​សតវត្ស​ទី​ពីរ​មុន​គ្រឹ​ស្ត​សករាជ​។ អនុវត្តតាម​គន្លង​ពាណិជ្ជកម្ម​បុរាណ​របស់ខ្លួន ប្រមុខរដ្ឋ​ចិន លោក ស៊ី ជិន​ពីង កាលពី​ឆ្នាំ​២០១៣ បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ វិថី​មួយ  (OBOR)  ឬ​វិថី​សូត្រ ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច និង គំនិត​ផ្តួចផ្តើម​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ២១ (The Silk Road Economic Belt and the 21st Century Maritime Road Initiative) ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​ឡើងវិញ​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។  ចំណុច​នេះហើយ ដែល កញ្ញា ពន្លឺ ផ្តល់​តម្លៃ​ជាពិសេស​លើ​ការចាប់ផ្តើម​៕


Tag:
 ជីវ​ព័ត៌មាន​
  គន់ ពន្លឺ​
© រក្សាសិទ្ធិដោយ thmeythmey.com