ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កញ្ញា គន់ ពន្លឺ៖ ការងារស្ម័គ្រចិត្តដែលត្រូវជំនាញសិក្សាជាទុនដ៏សំខាន់របស់យុវជន
12, Oct 2017 ,
8:19 pm
រូបភាព
×
ដោយ:
អុឹង ចំរើន (Ung Chamroeun)
«ដំណើររាប់ពាន់យោជន៍ចាប់ផ្តើមពីជំហានទីមួយ»! កញ្ញា គន់ ពន្លឺ ក៏យល់មិនខុសពីទស្សនវិទូចិន ឡៅ ស៊ឺ (Lao Tzu) នោះដែរ។ សមាជិកលេខាធិការដ្ឋាននៃសហភាពសហព័ន្ធយុវជនកម្ពុជា រូបនេះ បានអះអាងថា ការផ្តើមប្រឡូកការងារដោយស្ម័គ្រចិត្ត ជាទុនដ៏សំខាន់នាំឲ្យខ្លួន ជោគជ័យក្នុងពិភពការងារ។
កញ្ញា គន់ ពន្លឺ បានចាកចេញពីគ្រួសារដើម្បីមកបន្តការសិក្សានៅរាជធានីភ្នំពេញ។ ទោះបីជាមមាញឹកលើការសិក្សាជំនាញរដ្ឋបាលសាធារណៈនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក៏ដោយ ក៏យុវតីដែលមានកំណើតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ រូបនេះ ឆ្លៀតពេលធ្វើការស្ម័គ្រចិត្តនៅតាមអង្គការ និងក្រុមហ៊ុន ជាច្រើន។
សម្រាប់ពន្លឺ ការងារស្ម័គ្រចិត្ត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់យុវជន មុនឈោងចាប់យកអាជីពណាមួយ។ យុវតី ដែលនឹងឈានដល់វ័យ២៣ឆ្នាំរូបនេះ បានអះអាងថា៖ «ការងារស្ម័គ្រចិត្ត បានបង្រៀនឲ្យយើងចេះធ្វើការជាក្រុម [Teamwork] និងផ្តល់ការសង្កេតផ្សេងៗទាក់ទងនឹងបរិយាកាសការងារ»។
ចាប់តាំងពីដើមឆ្នាំ២០១៦មក កញ្ញា ពន្លឺ បានបម្រើការនៅក្នុងសហភាពសហព័ន្ធយុវជនកម្ពុជា ដោយចាប់ផ្តើមពីការងារស្ម័គ្រចិត្ត មុននឹងក្លាយជាមន្ត្រីនៅលេខាធិការដ្ឋានក្នុងបណ្តាញយុវជនមួយនេះ ដែលស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។
អ្នកធ្វើការស្ម័គ្រចិត្ត ត្រូវបានគេបោកប្រើឬយ៉ាងណា? កញ្ញា ពន្លឺ មិនយល់ស្របនឹងការយល់ឃើញបែបនេះឡើយ។ គាត់បានលើកឡើងថា៖ «គ្មានការងារណាមួយដែលមិនគិតពីផលប្រយោជន៍នោះទេ។ គេជ្រើសរើសយើង ដោយសារតែគេចង់ឲ្យការងារគេរលូនទៅមុខ ហើយយើងសម្រេចទៅបម្រើការងារឲ្យគេ ក៏ដោយសារតែយើងចង់បានបទពិសោធន៍ការងារផងដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ កញ្ញាដ៏ស្រស់ស្អាតរូបនេះ បានបន្ថែមថា មុននឹងសម្រេចចិត្តធ្វើការងារស្ម័គ្រចិត្ត យុវជនគប្បីស្វែងរកការងារណាដែលសមស្របទៅនឹងជំនាញដែលខ្លួនបានសិក្សា។ អ្នកត្បូងឃ្មុំរូបនេះ ទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញរដ្ឋបាលសាធារណៈក្នុងឆ្នាំ២០១៧ ប៉ុន្តែគាត់បានចុះអនុវត្តជំនាញរបស់ខ្លួន ជាង១ឆ្នាំមកហើយ ក្នុងនាមជាសមាជិកម្នាក់នៃក្រុមការងាររបស់អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
«ការងារស្ម័គ្រចិត្ត គឺជាយានដ៏សំខាន់សម្រាប់យុវជនក្នុងការអនុវត្តទ្រឹស្តីដែលសិក្សានៅសាលា»។ ពន្លឺ បានអះអាងយ៉ាងដូច្នេះ មុននឹងបង្ហើបក្តីស្រមៃរបស់ខ្លួនក្នុងការក្លាយជាថ្នាក់ដឹកនាំមូលដ្ឋានម្នាក់។ នាងរៀបរាប់ថា៖ «តាំងពីអាយុ១៥ឆ្នាំ ពោលកាលពីរៀនថ្នាក់វិទ្យាល័យ ខ្ញុំបានមើលឃើញពីភាពខ្វះចន្លោះមួយចំនួនក្នុងប្រព័ន្ធរដ្ឋបាល ដូច្នេះខ្ញុំមានក្តីសុបិនចង់ក្លាយជាអភិបាលស្រុកមួយរូប ហើយការតាំងចិត្តនេះ មិនសាបរលាបនោះឡើយ»។
ពន្លឺ បានកត់សម្គាល់ថា អ្វីដែលពលរដ្ឋចង់បាន គឺការយកចិត្តទុកដាក់ និងភាពរួសរាយរាក់ទាក់ពីថ្នាក់ដឹកនាំ មិនសំខាន់ថា អ្នកទាំងនោះរៀនដល់ថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនោះឡើយ។ « បងប្រធាន [លោក ហ៊ុន ម៉ានី] តែងណែនាំថា កុំធ្វើខ្លួនឲ្យទើសដល់អ្នកដទៃ។ ពិតជាមានន័យណាស់សម្រាប់ខ្ញុំ ព្រោះការលើកឡើងរបស់គាត់ គឺចង់ឲ្យយើងទាំងអស់គ្នារៀនរស់នៅដោយចេះសម្របខ្លួនគ្រប់កាលៈទេសៈ»។
កញ្ញា គន់ ពន្លឺ បានផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ ខណៈដែលនាងស្ថិតក្នុងដំណើរតាមរថភ្លើងពីក្រុងប៉េកាំង ទៅក្រុងស៊ីអាន ខេត្តសានស៊ី ជាមួយប្រតិភូយុវជនប្រមាណ៥០០នាក់ ដែលចូលរួមក្នុងទិវាយុវជនអាស៊ី-អាហ្វ្រិកលើកទីពីរ។
ស៊ីអាន ដែលជាអតីតរាជធានី ឆាងអាន គឺជាចំណុចចាប់ផ្តើមនៃផ្លូវពាណិជ្ជកម្មចិន ជាពិសេសជំនួញសូត្រ ដែលតភ្ជាប់បណ្តាប្រទេសនានានៅអាស៊ី រហូតដល់អឺរ៉ុប និងអាហ្វ្រិក តាំងពីសតវត្សទីពីរមុនគ្រឹស្តសករាជ។ អនុវត្តតាមគន្លងពាណិជ្ជកម្មបុរាណរបស់ខ្លួន ប្រមុខរដ្ឋចិន លោក ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ បានដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ វិថីមួយ (OBOR) ឬវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និង គំនិតផ្តួចផ្តើមផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ (The Silk Road Economic Belt and the 21st Century Maritime Road Initiative) ដើម្បីពង្រីកពាណិជ្ជកម្មឡើងវិញជាមួយបណ្តាប្រទេសនានាលើពិភពលោក។ ចំណុចនេះហើយ ដែល កញ្ញា ពន្លឺ ផ្តល់តម្លៃជាពិសេសលើការចាប់ផ្តើម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជីវព័ត៌មាន
គន់ ពន្លឺ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
11 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម