កីឡាជាតិ
ជាតិ
កីឡាករ​ត្រៀម​ប្រកួត​យុវជន​អូឡាំពិក​នៅ​អា​ហ្ស​ង់​ទីន​ចំនួន​១០​រូប​ឆ្លង​ផុត​ដំណាក់កាល​ទី​១
13, Oct 2017 , 7:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាចំបាប់កម្ពុជា
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាចំបាប់កម្ពុជា
ដោយ:
​អត្ត​ព​លិ​ក​ជា​យុវជន​កីឡា​ចំបាប់​ចំនួន​១០​រូប​បាន​ឆ្លង​ផុត​ការប្រកួត​តេស្ត​សមត្ថភាព​ដំណាក់កាល​ទី​១​យ៉ាង​ជោគជ័យ ក្រោយ​ឆ្លងកាត់​ការប្រកួត​មួយ​រសៀល​កាលពី​ថ្ងៃទី​១១ ខែតុលា នៅ​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ យុវជន​ទាំង​១០​រូបនេះ​នឹង​ប្រកួត​ដំណាក់​ទី​២ ដើម្បី​ចម្រាញ់​យក​កីឡាករ​ខ្លាំងជាងគេ​ពីររូប​ត្រៀម​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អូឡាំពិក​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ក្នុង​ឆ្នាំ​២០១៨ ខាងមុខ​។



​ក្រោយ​ឆ្លងកាត់​ការប្រកួត​កាលពី​រសៀល​ថ្ងៃទី​១១ ខែតុលា នៅ​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ បេសកកម្ម​ចម្រាញ់​យុវជន​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ប្រកួត​ព្រឹត្តិការណ៍​យុវជន​អូឡាំពិក​នៅ​អា​ហ្ស​ង់​ទីន​ឆ្នាំ​២០១៨ របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​រកឃើញ​យុវជន​ដែល​សមត្ថភាព​ខ្ពស់​ចំនួន​១០​នាក់​។ យុវជន​ទាំងនេះ ត្រូវបាន​ចម្រាញ់​ចេញពី​យុវជន​៣០​នាក់​មកពី​ខេត្តកណ្តាល កំពង់ធំ កំពង់ឆ្នាំង និង​ខេត្តតាកែវ ដែល​បាន​ចូលរួម​ប្រកួត​តេស្ត​សមត្ថភាព​ដំណាក់កាល​ទី​១​។

​បើ​យោងតាម លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា យុវជន​ទាំង​១០​រូប​នឹងដាក់​ឲ្យ​ហ្វឹកហាត់​ជាមួយ​ក្រុមយុវជន​ថ្នាល​របស់​សហព័ន្ធ​រយៈ​ពេល​៣​ខែ ដើម្បី​ត្រៀម​ប្រកួត​តេស្ត​សមត្ថភាព​ដំណាក់កាល​ទី​២ ដែលជា​ដំណាក់កាល​ចម្រាញ់​យក​កីឡាករ​ជើង​ខ្លាំង​ពីររូប​ចុងក្រោយ​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​។ 

​យុវជន​ដែល​បាន​ឆ្លង​ផុត​ដំណាក់​ទី​១​ទាំងនោះ​រួមមាន​កីឡាករ ធា វាសនា​, ចាប សុខលី​, ច្រាយ ប្រុស​, ថាច សុជាតិ កីឡាការិនី វ​ថ្ថា លក្ខិណា​, យ៉ុ​ន ដា​ណេ​, អាង ស៊ី​ថូ​, ជា កញ្ញា​, ម៉េង សេរី​រចនា និង លឹម សុខ​លាង​៕


Tag:
 ចំបាប់​
  ធិ​ន វិចិត្រ​
  យុវជន​អូឡាំពិក​
  អា​ហ្ស​ង់​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com