អន្តរជាតិ
អ៊ីរ៉ង់ព្រមានអាមេរិក «ប្រយ័ត្នបាក់មុខ» បើហ៊ានដើរចេញពីកិច្ចព្រមនុយក្លេអ៊ែរឆ្នាំ២០១៥ ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ឈរអមដោយមន្រ្តីយោធាជាន់ខ្ពស់ (រូបភាព៖ Xinhua)
× ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី បានចេញមុខព្រមានអាមេរិកម្ដងទៀត ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ គ្មានបំណងស្ថិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ ជាមួយមហាអំណាច៦ទៀតមានអាមេរិកដែរនោះ។ លោក ត្រាំ ចាត់ទុកកិច្ចព្រមព្រៀងបន្សល់ទុកដោយលោក បារ៉ាក់ អូបាម៉ា ជាកិច្ចព្រមព្រៀងអាក្រក់បំផុត ប៉ុន្តែលោក រូហានី ព្រមានថា ជំហររបស់អាមេរិក នឹងធ្វើឲ្យមហាអំណាចមួយនេះបាក់មុខលើឆាកអន្តរជាតិមិនខាន។
ការគំរាមដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើឲ្យអ៊ីរ៉ង់ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ ក្រុងតេហេរ៉ង់ បានគំរាមក្រុងវ៉ាស៊ីនតោនឲ្យពិចារណាម្ដងទៀតជុំវិញបញ្ហានេះ ព្រោះការលុបចោលកិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យអាមេរិកផ្ទាល់ជាអ្នកចាញ់។ ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី និយាយថា បើអាមេរិកបង្កកំហុសបែបនេះ អាមេរិកនឹងប្រឈមមុខការរិះគន់របស់អន្តរជាតិមិនខាន។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១ ខែតុលា លោក រូហានី និយាយដែរថា អ៊ីរ៉ង់មិនខ្លាចវិធានការរបស់អាមេរិកឡើយ ប៉ុន្តែទង្វើរបស់អាមេរិកនឹងធ្វើឲ្យសហគមន៍អន្តរជាតិដឹងថា អ្នកណាមិនគួរឲ្យទុកចិត្ត និងអ្នកណាកុហកគេឯង។ បើតាមសម្ដីមេដឹកនាំអ៊ីរ៉ង់ មិនមានប្រទេសច្រើនឡើយដែលគាំទ្រសកម្មភាពរបស់អាមេរិក ខណៈប្រទេសហត្ថលេខីខ្លះនៃកិច្ចព្រមព្រៀងអន្តរជាតិនេះ ក៏មានជំហរប្រឆាំងអាមេរិកដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។
ក្នុងចំណោមប្រទេសចរចាទាំងអស់ អាល្លឺម៉ង់ រុស្ស៊ី និងចិន សុទ្ធតែអំពាវនាវឲ្យរដ្ឋបាលលោក ត្រាំ ផ្ដល់តម្លៃកិច្ចព្រមព្រៀងដែលសម្រេចបានយ៉ាងលំបាកកាលពីខែកក្កដា ពីរឆ្នាំមុន ខណៈបារាំង និងអង់គ្លេសមិនទាន់បញ្ចេញគំនិតអ្វីទាំងអស់។ លោកប្រធានាធិបតី រូហានី អះអាងថា ហត្ថលេខីដែលជំទាស់គំនិតអាមេរិក មានគោលដៅការពារមុខមាត់របស់ពួកគេលើឆាកអន្តរជាតិ ដ្បិតបើភាគីណាមួយបរាជ័យអនុវត្តតាមកិច្ចព្រមព្រៀងនេះ កេរ្តិ៍ឈ្មោះពួកគេក៏អាប់ឱនដូចគ្នាដែរ។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមានឈ្មោះផ្លូវការថា ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) គឺជាកិច្ចព្រមព្រៀងគួរឲ្យកត់សម្គាល់ក្នុងការបញ្ចប់បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងជួយពង្រឹងចលនាទប់ស្កាត់ការរីកសាយភាយនុយក្លេអ៊ែរនៅទូទាំងពិភពលោក។ នៅក្រោមកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់សម្រេចចិត្តផ្អាកកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការលើកលែង ឬលុបចោលទណ្ឌកម្មរបស់អន្តរជាតិ។
ការដកខ្លួនចេញរបស់អាមេរិក នឹងធ្វើឲ្យកិច្ចព្រមព្រៀងនេះត្រូវរលាយ ហើយគេបារម្ភថា អ៊ីរ៉ង់នឹងក្លាយជាកូរ៉េខាងជើងទីពីរមិនខាន។ ប៉ុន្តែលោក ត្រាំ អះអាងថា កិច្ចព្រមព្រៀងធ្វើឡើងដើម្បីប្រយោជន៍អ៊ីរ៉ង់ ហើយអ៊ីរ៉ង់នៅតែអាចបន្តកម្មវិធីមីស៊ីលរបស់ខ្លួនដដែល។ កាលពីសប្ដាហ៍មុន លោក ត្រាំ បានជួបជាមួយមន្ត្រីកងទ័ពកំពូលៗដើម្បីពិភាក្សារកវិធីសាស្ត្រថ្មីក្នុងការដោះស្រាយបញ្ហានេះជាមួយរដ្ឋាភិបាលអ៊ីរ៉ង់៕
Tag:
អ៊ីរ៉ង់
អាមេរិក
ដូណាល់ ត្រាំ
ហាសាន់ រូហានី
© រក្សាសិទ្ធិដោយ thmeythmey.com