អន្តរជាតិ
អ៊ីរ៉ង់​ព្រមាន​អាមេរិក «​ប្រយ័ត្ន​បាក់មុខ​» បើ​ហ៊ាន​ដើរ​ចេញពី​កិច្ច​ព្រម​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥
12, Oct 2017 , 9:39 pm        
រូបភាព
ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ឈរអមដោយមន្រ្តីយោធាជាន់ខ្ពស់ (រូបភាព៖ Xinhua)
ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី ឈរអមដោយមន្រ្តីយោធាជាន់ខ្ពស់ (រូបភាព៖ Xinhua)
​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី បាន​ចេញមុខ​ព្រមាន​អាមេរិក​ម្ដងទៀត ខណៈដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គ្មាន​បំណង​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ រវាង​អ៊ីរ៉ង់ ជាមួយ​មហាអំណាច​៦​ទៀត​មាន​អាមេរិក​ដែរនោះ​។ លោក ត្រាំ ចាត់ទុក​កិច្ចព្រមព្រៀង​បន្សល់ទុក​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​កិច្ចព្រមព្រៀង​អាក្រក់​បំផុត ប៉ុន្តែ​លោក រូ​ហា​នី ព្រមាន​ថា ជំហរ​របស់​អាមេរិក នឹងធ្វើ​ឲ្យ​មហាអំណាច​មួយ​នេះ​បាក់មុខ​លើ​ឆាក​អន្តរជាតិ​មិន​ខាន​។​



​ការ​គំរាម​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ពី​សំណាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើ​ឲ្យ​អ៊ីរ៉ង់​ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង​។ ក្រុង​តេ​ហេ​រ៉ង់ បាន​គំរាម​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​ពិចារណា​ម្ដងទៀត​ជុំវិញ​បញ្ហា​នេះ ព្រោះ​ការលុបចោល​កិច្ចព្រមព្រៀង​នេះ​នឹងធ្វើ​ឲ្យ​អាមេរិក​ផ្ទាល់​ជា​អ្នកចាញ់​។ ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី និយាយថា បើ​អាមេរិក​បង្កកំហុស​បែប​នេះ អាមេរិក​នឹង​ប្រឈមមុខ​ការរិះគន់​របស់​អន្តរជាតិ​មិន​ខាន​។​

​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១១ ខែតុលា លោក រូ​ហា​នី និយាយ​ដែរ​ថា អ៊ីរ៉ង់​មិន​ខ្លាច​វិធានការ​របស់​អាមេរិក​ឡើយ ប៉ុន្តែ​ទង្វើ​របស់​អាមេរិក​នឹងធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដឹងថា អ្នកណា​មិនគួរ​ឲ្យ​ទុកចិត្ត និង​អ្នកណា​កុហក​គេឯង​។ បើតាម​សម្ដី​មេដឹកនាំ​អ៊ីរ៉ង់ មិនមាន​ប្រទេស​ច្រើន​ឡើយ​ដែល​គាំទ្រ​សកម្មភាព​របស់​អាមេរិក ខណៈ​ប្រទេស​ហត្ថលេខី​ខ្លះ​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ក៏មាន​ជំហរ​ប្រឆាំង​អាមេរិក​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​

​ក្នុងចំណោម​ប្រទេស​ចរចា​ទាំងអស់ អាល្លឺម៉ង់ រុស្ស៊ី និង​ចិន សុទ្ធតែ​អំពាវនាវ​ឲ្យ​រដ្ឋបាល​លោក ត្រាំ ផ្ដល់​តម្លៃ​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​យ៉ាង​លំបាក​កាលពី​ខែកក្កដា ពីរ​ឆ្នាំមុន ខណៈ​បារាំង និង​អង់គ្លេស​មិនទាន់​បញ្ចេញ​គំនិត​អ្វី​ទាំងអស់​។ លោក​ប្រធានាធិបតី រូ​ហា​នី អះអាងថា ហត្ថលេខី​ដែល​ជំទាស់​គំនិត​អាមេរិក មាន​គោលដៅ​ការពារ​មុខមាត់​របស់​ពួកគេ​លើ​ឆាក​អន្តរជាតិ ដ្បិត​បើ​ភាគី​ណាមួយ​បរាជ័យ​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ កេរ្តិ៍ឈ្មោះ​ពួកគេ​ក៏​អាប់ឱន​ដូចគ្នា​ដែរ​។​

​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែលមាន​ឈ្មោះ​ផ្លូវការ​ថា ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​រួម (JCPOA) គឺជា​កិច្ចព្រមព្រៀង​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​បញ្ចប់​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ជួយ​ពង្រឹង​ចលនា​ទប់ស្កាត់​ការរីក​សាយភាយ​នុយក្លេអ៊ែរ​នៅ​ទូទាំង​ពិភពលោក​។ នៅក្រោម​កិច្ចព្រមព្រៀង​នេះ អ៊ីរ៉ង់​សម្រេចចិត្ត​ផ្អាក​កម្មវិធី​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់ខ្លួន ជា​ថ្នូរ​នឹង​ការលើកលែង ឬ​លុបចោល​ទណ្ឌកម្ម​របស់​អន្តរជាតិ​។​

​ការដកខ្លួន​ចេញ​របស់​អាមេរិក នឹងធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​រលាយ ហើយ​គេ​បារម្ភ​ថា អ៊ីរ៉ង់​នឹង​ក្លាយជា​កូរ៉េខាងជើង​ទី​ពីរ​មិន​ខាន​។ ប៉ុន្តែ​លោក ត្រាំ អះអាងថា កិច្ចព្រមព្រៀង​ធ្វើឡើង​ដើម្បី​ប្រយោជន៍​អ៊ីរ៉ង់ ហើយ​អ៊ីរ៉ង់​នៅតែ​អាច​បន្ត​កម្មវិធី​មី​ស៊ី​ល​របស់ខ្លួន​ដដែល​។ កាលពី​សប្ដាហ៍​មុន លោក ត្រាំ បាន​ជួប​ជាមួយ​មន្ត្រី​កងទ័ព​កំពូលៗ​ដើម្បី​ពិភាក្សា​រក​វិធីសាស្ត្រ​ថ្មី​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​៕   

Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ហាសាន់ រូ​ហា​នី
© រក្សាសិទ្ធិដោយ thmeythmey.com