អន្តរជាតិ
ចិនអាចបង្ខំអារ៉ាប៊ីសាអូឌីតឲ្យចោលលុយ«ដុល្លារ»មកប្រើលុយ«យន់»ដើម្បីធ្វើពាណិជ្ជកម្មប្រេង
× អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ចិននឹងដាក់សម្ពាធឲ្យអារ៉ាប៊ីសាអូឌីតប្រើលុយយន់ដើម្បីធ្វើពាណិជ្ជកម្មប្រេងនៅពេលខាងមុខ ហើយជាបន្តបន្ទាប់លុយយន់នេះនឹងត្រូវប្រើប្រាស់ក្នុងទីផ្សារប្រេងពិភពលោកទាំងមូលដូចគ្នា។ មហាយក្សចិនបានដណ្តើមតំណែងអាមេរិកក្លាយជាប្រទេសដែលនាំចូលប្រេងឆៅធំជាងគេនៅលើពិភពលោករួចទៅហើយ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC លោក Carl Weinberg សេដ្ឋវិទូ និងនាយកគ្រប់គ្រង់ស្ថាប័នស្រាវជ្រាវ High Frequency Economics បានលើកឡើងថា ចិននៅបន្តជាមហាអំណាចដែលមានឥទ្ធិពលខ្លាំងពិសេសក្នុងទីផ្សារប្រេង ហើយលុយ«យន់»ដែលរូបីយវត្ថុរបស់ចិននោះនឹងក្លាយជាមធ្យោបាយប្រើប្រាស់សម្រាប់ពាណិជ្ជកម្មប្រេងផងនៅពេលអនាគត។
លោកបញ្ជាក់ថា៖« វាជារឿងចាំបាច់បំផុតដែលសេដ្ឋីប្រេង អារ៉ាប៊ីសាអូឌីតត្រូវយកចិត្តទុកដាក់ព្រោះក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំទៅមុខ តម្រូវការប្រេងនៅចិនវានឹងធំជាងតម្រូវការប្រេងនៅអាមេរិក»។
អ្នកជំនាញរូបនេះបន្តដូច្នេះ៖« ខ្ញុំជឿថា ប្រើប្រាស់លុយយន់ដើម្បីធ្វើពាណិជ្ជកម្មប្រេងនឹងកើតឡើងនៅពេលដែលអារ៉ាប៊ីសាអូឌីតព្រមទទួលលុយយន់នេះ។ អាចថា ចិននឹងជំរុញឲ្យអារ៉ាប៊ីសារអូឌីតប្រើប្រាស់លុយរបស់ខ្លួន ហើយបន្ទាប់មកទីផ្សារប្រេងពិភពលោកទាំងមូលនឹងចាប់ផ្តើមប្រើប្រាស់ដូចគ្នា»។
តាមពិតទៅ អារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាជាមួយក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំ ១៩៧៤ ដោយកំណត់ថា រាល់ការទិញដូរប្រេងរវាងអារ៉ាប៊ីសាអូឌីតត្រូវប្រើប្រាស់លុយដុល្លារ។ ប៉ុន្តែគ្រប់យ៉ាងមិនដូចពីមុនឡើយ ព្រោះចិនឯណោះបានក្លាយខ្លួនជាប្រទេសដែលនាំប្រេងចូលច្រើនជាងគេលើលោកនេះនាពេលបច្ចុប្បន្ន។ ដូច្នេះជារឿងចៀសមិនរួចឡើយដែលពាណិជ្ជកម្មប្រេងនៅពេលអនាគតច្បាស់ជានឹងត្រូវប្រើប្រាស់លុយរបស់ចិន។
ពេលសាកសួរថា បើមានការផ្លាស់ប្តូរទៅប្រើលុយយន់របស់ចិនមែន តើវាមានឥទ្ធិពលបែបម៉េចលើលុយដុល្លារ លោក Carl Weinberg ប៉ាន់ស្មានថា ភាគហ៊ុនអាមេរិកនិងធ្លាក់ចុះ ហើយទំហំលុយចន្លោះពី ៦០០ ទៅ ៨០០ ពាន់លានុដល្លារនឹងត្រូវផាត់ចេញពីចរន្តទីផ្សារថែមទៀត។ រីឯ តម្រូវការភាគហ៊ុន ទំនិញ និងសេវារបស់ចិនទាំងអស់នឹងកាន់តែមានកំណើនខ្លាំងវិញ។
កន្លងមកប្រទេសជាច្រើនក៏ចង់បញ្ឈប់ការប្រើប្រាស់លុយដុល្លារអាមេរិកជារូបីយបណ្ណបម្រុងដែរ។ ក្នុងនោះរុស្ស៊ី និងចិនក៏បានសហការគ្នាជំរុញឲ្យមានការផ្លាស់ប្តូររូបីយបណ្ណផ្សេងដើម្បីធ្វើពាណិជ្ជកម្មប្រេងផងដែរ។ អ្វីដែលសំខាន់នោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិនក៏ព្យាយាមជំរុញ និងដាក់សម្ពាធឲ្យអារ៉ាប៊ីសាអូឌីតផ្លាស់ប្តូររូបីយបណ្ណសម្រាប់ការធ្វើពាណិជ្ជកម្មប្រេងនេះផងដែរ។ ដើម្បីសម្រេចគោលបំណងរបស់ខ្លួន ចិនក៏បន្តបន្ថយបរិមាណប្រេងឆៅដែលខ្លួនទិញពីអារ៉ាប៊ីសាអូឌីតថែមទៀត៕
Tag:
អាមេរិក
ចិន
អារ៉ាប៊ីសាអូឌីត
ប្រេង
Carl Weinberg
© រក្សាសិទ្ធិដោយ thmeythmey.com