អន្តរជាតិ
ក្នុង​មួយឆ្នាំ មាស​ទម្ងន់​៤៣​គីឡូក្រាម​ហូរ​ក្នុង​ប្រព័ន្ធ​លូ​នៅ​ស្វ៊ី​ស​
12, Oct 2017 , 10:19 pm         9280
រូបភាព
​ប្រព័ន្ធ​លូ​ក្រោម​ផ្លូវ​ធ្វើដំណើរ​នៅ​ស្វ៊ី​ស​អាច​ក្លាយជា​កន្លែង​រុករក​រ៉ែ​មាស​ថ្មី ក្រោយ​ការសិក្សា​មួយ​បង្ហាញថា មាស​ទម្ងន់​យ៉ាងហោចណាស់​៤៣​គីឡូក្រាម ធ្វើ​ចរាចរណ៍​តាម​ប្រព័ន្ធ​លូ​ជា​រៀងរាល់ឆ្នាំ​។ យ៉ាងណាក្ដី វត្តមាន​រ៉ែ​លោហធាតុ​មួយ​ប្រភេទ​នេះ មិន​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន​ឡើយ ហើយក៏​មិនទាន់​ដល់​ថ្នាក់​ត្រូវ​ប្រើ​ប្រព័ន្ធ​ចម្រាញ់​ឡើងវិញ​ដែរ​។


​ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​មកពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទឹក​នៃ​សហព័ន្ធ​ស្វ៊ី​ស (EAWAG)  បាន​សិក្សា​រោងចក្រ​ចម្រោះ​ទឹកស្អាត​ចំនួន​៦៤​នៅ​ទូទាំងប្រទេស​។ ក្រោយ​ការ​ស្រង់​ទិន្នន័យ​នានា ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​នេះ​ប៉ាន់​ស្មានថា ក្នុង​មួយឆ្នាំ មាន​មាស​ទម្ងន់​៤៣​គីឡូក្រាម​ហូរ​ក្នុង​ប្រព័ន្ធ​លូ​ក្រោម​ដី ដែលមាន​តម្លៃ​ដល់​ទៅ​១,៨​លាន​ដុល្លារ​។ យ៉ាងណាមិញ ភាព​ខាប់​នៃ​លោហៈ​នេះ​មិនមាន​ច្រើន​ដែល​អាច​ផ្ដល់​ចំណេញ​ទេ​។

​បើតាម​សារព័ត៌មាន CNN នៅ​តំបន់​ខ្លះ​ដូចជា Ticino ដែល​នៅ​ភាគ​ត្បូង​ប្រទេស អត្រា​កំហាប់​នៃ​មាស​ក្នុង​ប្រព័ន្ធ​បង្ហូរទឹក​មាន​កម្រិត​ខ្ពស់ ដែល​អាច​ឲ្យ​គេ​ចម្រាញ់​យក​មាស​ឡើងវិញ​បាន​។ នេះ​ក៏​ដោយសារតែ​តំបន់​នេះ សម្បូរ​ដោយ​រោងចក្រ​ចម្រាញ់​មាស​។ មិន​ត្រឹមតែ​មាស​ឡើយ ការសិក្សា​ដដែល​បង្ហាញថា ក្នុង​ប្រព័ន្ធ​លូ​ទាំង​៦៤ គេ​ក៏​ឃើញ​មាន​ប្រាក់​ទម្ងន់​៣​ពាន់​គីឡូក្រាម ដែលមាន​តម្លៃ​ចំនួន​១,៧​លាន​ដុល្លារ​ផងដែរ​។​

​យ៉ាងណាមិញ បើតាម​ក្រុម​អ្នកស្រាវជ្រាវ​មកពី EAWAG ការ​ចម្រាញ់​យក​មាស​ពី​ប្រព័ន្ធ​ចម្រោះ​ឡើងវិញ មិនមែនជា​រឿង​ចាំបាច់​ឡើយ ដ្បិត​ការចំណាយ​លើ​ប្រតិបត្តិការ​នេះ​ចំណាយ​ថ្លៃ​ខ្ពស់ ហើយ​បរិមាណ​មាស​ដែល​ចម្រាញ់​បាន​ក៏​មិនមាន​ចំនួន​ច្រើន​ដែរ បើ​ប្រៀបធៀប​នឹង​ចំនួន​មាស​ដែល​ស្វ៊ី​ស​អាច​ផលិត​បាន​ក្នុង​មួយឆ្នាំៗ​។ ស្វ៊ី​ស​ជា​ផលិតករ​មាស​ដ៏​ធំ​លើ​ពិភពលោក ដែល​អាច​ផលិតកម្ម​មាស​សរុប​ស្មើនឹង​៧០​ភាគរយ​នៃ​ផលិតកម្ម​មាស​ពិភពលោក​។

​លើសពីនោះ ក្រុម​ស្រាវជ្រាវ​ក៏​រកឃើញ​វត្ថុ​ធាតុ​កម្រ​ជាច្រើន​ទៀត​នៅក្នុង​ប្រព័ន្ធ​លូ​ក្រោម​ដី ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ផលិត​សម្ភា​អេ​ឡិច​ត្រូ​និ​ច​។ ជាមួយ​វត្តមាន​លោហធាតុ​ជាច្រើន​មុខ​ក្នុង​ប្រព័ន្ធ​លូ​នេះ អ្នកវិទ្យាសាស្ត្រ​ដដែល​នេះ ក៏បាន​វាយតម្លៃ​ពី​ផលប៉ះពាល់​នានា​ចំពោះ​បរិស្ថាន ប៉ុន្តែ​ករណី​ជាច្រើន​បង្ហាញថា ការ​ចម្រាញ់​យក​លោហធាតុ នឹងមិន​បង្កបញ្ហា​ដល់​បរិស្ថាន​ទេ​៕

Tag:
 ​អឺរ៉ុប​
  EAWAG
  ស្វ៊ី​ស​
  មាស
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next