អន្តរជាតិ
ក្នុងមួយឆ្នាំ មាសទម្ងន់៤៣គីឡូក្រាមហូរក្នុងប្រព័ន្ធលូនៅស្វ៊ីស
× ប្រព័ន្ធលូក្រោមផ្លូវធ្វើដំណើរនៅស្វ៊ីសអាចក្លាយជាកន្លែងរុករករ៉ែមាសថ្មី ក្រោយការសិក្សាមួយបង្ហាញថា មាសទម្ងន់យ៉ាងហោចណាស់៤៣គីឡូក្រាម ធ្វើចរាចរណ៍តាមប្រព័ន្ធលូជារៀងរាល់ឆ្នាំ។ យ៉ាងណាក្ដី វត្តមានរ៉ែលោហធាតុមួយប្រភេទនេះ មិនបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថានឡើយ ហើយក៏មិនទាន់ដល់ថ្នាក់ត្រូវប្រើប្រព័ន្ធចម្រាញ់ឡើងវិញដែរ។
ក្រុមអ្នកស្រាវជ្រាវមួយក្រុមមកពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទឹកនៃសហព័ន្ធស្វ៊ីស (EAWAG) បានសិក្សារោងចក្រចម្រោះទឹកស្អាតចំនួន៦៤នៅទូទាំងប្រទេស។ ក្រោយការស្រង់ទិន្នន័យនានា ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមនេះប៉ាន់ស្មានថា ក្នុងមួយឆ្នាំ មានមាសទម្ងន់៤៣គីឡូក្រាមហូរក្នុងប្រព័ន្ធលូក្រោមដី ដែលមានតម្លៃដល់ទៅ១,៨លានដុល្លារ។ យ៉ាងណាមិញ ភាពខាប់នៃលោហៈនេះមិនមានច្រើនដែលអាចផ្ដល់ចំណេញទេ។
បើតាមសារព័ត៌មាន CNN នៅតំបន់ខ្លះដូចជា Ticino ដែលនៅភាគត្បូងប្រទេស អត្រាកំហាប់នៃមាសក្នុងប្រព័ន្ធបង្ហូរទឹកមានកម្រិតខ្ពស់ ដែលអាចឲ្យគេចម្រាញ់យកមាសឡើងវិញបាន។ នេះក៏ដោយសារតែតំបន់នេះ សម្បូរដោយរោងចក្រចម្រាញ់មាស។ មិនត្រឹមតែមាសឡើយ ការសិក្សាដដែលបង្ហាញថា ក្នុងប្រព័ន្ធលូទាំង៦៤ គេក៏ឃើញមានប្រាក់ទម្ងន់៣ពាន់គីឡូក្រាម ដែលមានតម្លៃចំនួន១,៧លានដុល្លារផងដែរ។
យ៉ាងណាមិញ បើតាមក្រុមអ្នកស្រាវជ្រាវមកពី EAWAG ការចម្រាញ់យកមាសពីប្រព័ន្ធចម្រោះឡើងវិញ មិនមែនជារឿងចាំបាច់ឡើយ ដ្បិតការចំណាយលើប្រតិបត្តិការនេះចំណាយថ្លៃខ្ពស់ ហើយបរិមាណមាសដែលចម្រាញ់បានក៏មិនមានចំនួនច្រើនដែរ បើប្រៀបធៀបនឹងចំនួនមាសដែលស្វ៊ីសអាចផលិតបានក្នុងមួយឆ្នាំៗ។ ស្វ៊ីសជាផលិតករមាសដ៏ធំលើពិភពលោក ដែលអាចផលិតកម្មមាសសរុបស្មើនឹង៧០ភាគរយនៃផលិតកម្មមាសពិភពលោក។
លើសពីនោះ ក្រុមស្រាវជ្រាវក៏រកឃើញវត្ថុធាតុកម្រជាច្រើនទៀតនៅក្នុងប្រព័ន្ធលូក្រោមដី ដែលត្រូវបានប្រើប្រាស់ក្នុងការផលិតសម្ភាអេឡិចត្រូនិច។ ជាមួយវត្តមានលោហធាតុជាច្រើនមុខក្នុងប្រព័ន្ធលូនេះ អ្នកវិទ្យាសាស្ត្រដដែលនេះ ក៏បានវាយតម្លៃពីផលប៉ះពាល់នានាចំពោះបរិស្ថាន ប៉ុន្តែករណីជាច្រើនបង្ហាញថា ការចម្រាញ់យកលោហធាតុ នឹងមិនបង្កបញ្ហាដល់បរិស្ថានទេ៕
Tag:
អឺរ៉ុប
EAWAG
ស្វ៊ីស
មាស
© រក្សាសិទ្ធិដោយ thmeythmey.com