ជាតិ
ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិដើម​ភាគតិច កំពុង​យាយី​ដោយ​សម្ភារ​និយម
12, Oct 2017 , 10:39 pm        
រូបភាព
ជនជាតិភាគតិច
ជនជាតិភាគតិច
ដោយ:
​ភ្នំពេញ​៖ ជនជាតិដើម​ភាគតិច តែងមាន​ប្រពៃណី និង​អត្តសញ្ញាណ​មួយ​ប្លែក​ពី​ពលរដ្ឋ​ខ្មែរ​ទូទៅ តាមរយៈ​ការគោរព​ចាស់ទុំ អ្នកតា ព្រៃភ្នំ សម្លៀកបំពាក់ ភាសា និង​វប្បធម៌​ប្រពៃណី​ជាច្រើន​។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជនជាតិដើម​ភាគតិច​ជាច្រើន បាន​ផ្លាស់ប្តូរ​ឥរិយាបថ លែង​សូវ​ប្រកាន់​ប្រពៃណី​ទំនៀមទម្លាប់​ដូនតា បន្ទាប់ពី​មាន​អ្នក​ចំណូលស្រុក​ចូលទៅ​រស់នៅក្នុង​សហគមន៍ និង​បាន​នាំ​សម្ភារ​និយម ទៅ​ប​ង្វ​ក់​ស្មារតី​ពួកគេ ឲ្យ​គ្រវាត់ចោល​ទម្លាប់​ចាស់ និង​ចាប់យក​ទម្លាប់​ថ្មី ស្របតាម​សម័យ​សាកលភាវូបនីយកម្ម​។

  
  
​លោក ទឺ​យ ធិ អាយុ​៥៥​ឆ្នាំ  ជា​ជនជាតិដើម​ភាគតិច​ព្នង នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​អះអាងថា សហគមន៍​របស់ខ្លួន បាន​បាត់បង់​ព្រៃ​ជំនឿ និង​ដីធ្លី ព្រោះ​តែមាន​ឈ្នួ​ញ និង​ក្រុមហ៊ុន​រំលោភ​យក​។ បើតាម​លោក ទឺ​យ ធិ ការបាត់​ព្រៃឈើ​ដែល​ក្នុងនោះ​មានព្រៃ​កប់ខ្មោច ព្រៃ​អារក្ស និង​ដីចម្ការ​វិលជុំ គឺជា​ការបាត់បង់​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ព្នង​។    

«​លក្ខណៈពិសេស​របស់​ជ​ន​ជាតិ​ដើម​ភាព​តិច​ព្នង មានការ​សែនព្រេន ជំនឿ ភាសា អារក្សអ្នកតា និង​ធ្វើ​ផ្ទះ​ខ្ពស់ៗ​ជាដើម​»​។ នេះ​បើតាម​ការពន្យល់​របស់ លោក ទឺ​យ ធិ ដោយ​បន្ត​អះអាងថា បច្ចុប្បន្ន ប្រពៃណី​មួយចំនួន ក៏បាន​បាត់បង់​បណ្តើរៗ​ផងដែរ​។ លោក​បន្ថែមថា នៅមាន​ចាស់ៗ​មួយចំនួន បាន​បន្ត​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី ដោយ​យុវជន​វិញ ពួកគេ​បាន​ស្លៀកពាក់​ដូច​បងប្អូន​ខ្មែរ​។  ក្រៅពី​ការ​ស្លៀកពាក់ ការសង់​ផ្ទះ​តាម​ទម្លាប់​ជនជាតិដើម​ភាគតិច​ព្នង ក៏​មិនសូវ​ពេញនិយម​ទៀត​ដែរ​។ លោក​ទឺ​យ ធិ បញ្ជាក់​យ៉ាង​ដូច្នេះ​ប្រាប់​ព័ត៌មាន​ថ្មីៗ​ថា​៖«​ជនជាតិ​ព្នង​នៅ​សហគមន៍​របស់ខ្ញុំ លែង​សូវ​សង់ផ្ទះ​ខ្ពង់ៗ​ដូច​ដូនតា​ទៀតហើយ តែ​ពួកគេ ដោយ​បែរមក​សង់ផ្ទះ​ដូច​ខ្មែរ​ដែរ​។ តែបើ​ភាសា និង​ម្ហូបអាហារ​របស់​ជន​ជាដើម​ភាគតិច​ព្នង​វិញ គឺ​នៅ​រក្សា​បានល្អ​»​។    

​បញ្ហា​នេះ ត្រូវបាន លោក ម៉​ង វិចិត្រ នាយករង​សមាគម​ខ្មែរលើ បាន​អះអាងថា ជនជាតិដើម​ភាគតិច​ព្នង មាន​ភាពប្រែប្រួល​ច្រើន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ក្មេងៗ​បច្ចុប្បន្ន ពួកគាត់​និយម​ភ្លេង​បទ​ថ្មី ដោយ​លែង​សូវ​ស្តាប់ភ្លេង​ប្រពៃណី​ទៀតហើយ​»​។ 

​ដោយឡែក ការប្រែប្រួល​វិជ្ជមាន គឺមាន​យុវជន​ជាច្រើន​បាន​រៀន​ចប់​មហាវិទ្យាល័យ​។ បើតាម លោក ម៉​ង វិចិត្រ មាន​យុវជន​ដែលជា​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្តរតនគិរី រៀន​ចប់​មហាវិទ្យាល័យ​ប្រមាណ​ជាង​៥០​នាក់ ដោយ​ពួកគេ​បានធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន ប្រឡង​ចូលធ្វើការ​ដ្ឋ និង​ខ្លះទៀត បានធ្វើការ​នៅ​អង្គការក្រៅរដ្ឋាភិបាល ដោយបាន​ត្រឡប់​មកជួយ​សហគម​ន៍​របស់​ពួកគេ​វិញ​។   

​មិនមែន​តែ​ជនជាតិដើម​ភាគតិច​ព្នង​នោះទេ ដែល​ផ្លាស់ប្តូរ​ឥរិយាបថ​នោះ ប៉ុន្តែ សូម្បីតែ​ជន​ជាដើម​ភាគតិច​គ្រឹ​ង ក៏​លែង​សូវ​ប្រកាន់​ប្រពៃណី​ទំនៀមទម្លាប់​ទៀត​ដែរ​។ អ្នកស្រី ឡា​ត់ សុខ​ឯម ជា​ជនជាតិ​គ្រឹ​ង​នៅ​ខេត្តរតនគិរី និង​គណៈ​គ្រប់គ្រង​អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា បាន​អះអាងថា ទោះបី​អ្នកស្រី​មាន​ស្វាមី​ជា​ជនជាតិខ្មែរ ប៉ុន្តែ ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិ​របស់ខ្លួន អ្នកស្រី​នៅតែ​ប្រកាន់ខ្ជាប់​ដដែល​។ បើតាម​អ្នកស្រី ឡា​ត់ សុខ​ឯម ជនជាតិ​គ្រឹ​ង​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្តរតនគិរី​នៅ​ប្រកាន់​ប្រពៃណី​ច្រើន ប៉ុន្តែ ប្រសិនបើ​ជនជាតិ​គ្រឹ​ង​នៅក្បែរ​ទី​រួម​ខេត្ត គឺ​បាន​លង់​នឹង​សម្ភារ​និយម ដែល​ធ្វើ​ឲ្យ​ពួកគេ​បោះបង់​ប្រពៃណី​ជនជាតិ​គ្រឹ​ង​ចោល ដោយ​ចាប់យក​ឥរិយាបថ​ថ្មី និង​ផ្លាស់ប្តូរ​តាម​ជនជាតិខ្មែរ​។    

​អ្នកស្រី ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​សម្ភារ​និយម​ហូរ​ចូលទៅ បាន​បើក​គំនិត​គាត់​ឲ្យ​ចង់​ស្អាត ពីមុន​អត់​ចេះ​ប្រើ​ទូរស័ព្ទ ឥឡូវ​ចេះ​ប្រើ​ទូរស័ព្ទ ពួកគាត់​ទទួល​បច្ចេកវិទ្យា​ថ្មី ធ្វើ​ឲ្យ​ពួកគាត់​ស្រឡាញ់​រូបភាព​ខាងក្រៅ​»​។ 

​អ្នកស្រី អះអាងថា ការអភិវឌ្ឍន៍​នៅ​តំបន់​ជនជាតិដើម​ភាគតិច​គ្រឹ​ង បាន​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន ប៉ុន្តែ ទន្ទឹមគ្នានេះ ការអភិវឌ្ឍន៍​នេះ បាន​បង្ក​ការលំបាក​ដល់​ការអភិរក្ស​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ដើម​ភាគតិច​។    «​ការអភិវឌ្ឍន៍​ហូរ​ចូលទៅ វា​ល្អ​សម្រាប់ធ្វើ​ពួកគាត់​រីកចម្រើន​សេដ្ឋកិច្ច ប៉ុន្តែ យើង​ពិបាក​បណ្តុះ​គំនិត ឲ្យ​ពួកគេ​ចេះ​អភិវឌ្ឍន៍​ហើយ​ចេះ​អភិរក្ស ព្រោះ​អ្នកខ្លះ ពួកគាត់​បែកគំនិត​លែង​ចង់​ប្រកាន់យក​វប្បធម៌ និង​ប្រពៃណី​»​។ នេះ​ជាការ​ពន្យល់​របស់​អ្នកស្រី ឡា​ត់ សុខ​ឯម ដោយ​បន្ត​បញ្ជាក់ថា    បច្ចុប្បន្ន ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា មាន​រស់នៅក្នុង​ខេត្ត​ចំនួន​១៥ ដូចជា​៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និង​កោះកុង​ជាដើម ដោយមាន​ជាង​៥០០​សហគមន៍ និង​២៤​ជនជាតិ​។ 

​ទំនាក់​ទ​នង​បញ្ហា​នេះ លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​រម្លឹកថា កាល​លោក​ទៅ​ក្រៅប្រទេស​ដែលមាន​ជនជាតិដើម​ភាគតិច គឺ​ប្រជាជន​គេ​បានផ្តល់​តម្លៃ និង​ផ្តល់​អាទិភាព​ដល់​ជនជាតិដើម​ភាគតិច​ក្នុងការ​ថែរក្សា​អត្តសញ្ញាណ​របស់ខ្លួន​។

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ឃើញ​នៅ​ស្រុក​គេ គេ​ថែរក្សា​ប្រពៃណី​និង​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​គេ​ណាស់ គ្រាន់តែ​ពួកគេ​ឡើង​ជិះឡាន​ក្រុង គឺ​គេ​ស្គាល់​ភ្លាម​ថា គឺជា​ជន​ជាដើម​ភាគតិច ព្រោះ ពួកគេ​រក្សាបាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់​។ ដូច្នេះ យើង​ក៏ត្រូវ​ថែរក្សា​អត្តសញ្ញាណ​ពួកគាត់ ដោយ​កុំ​អភិវឌ្ឍន៍​លឿន​ពេក ហើយក៏​កុំ​អភិរក្ស​យឺត​ពេក​»​។   

​សូមបញ្ជាក់ថា បច្ចុប្បន្ន សហគមន៍​ជនជាតិដើម​ភាគតិច​មាន​ចំនួន​១៥​សហគមន៍ ដែល​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ  និង​៩​សហគមន៍​ទៀត ក្រសួង​កំពុង​ត្រួតពិនិត្យ​ដើម្បី​ចុះបញ្ជី​ស្របច្បាប់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​ដែល​បានបង្ហាញ​ក្នុង សិក្ខាសាលា​មួយ​ស្តីពី​៖ «​ការផ្សព្វផ្សាយ​វិធាន​ប្រពៃណី គោលនយោបាយ និង​ច្បាប់​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ​សិទ្ធិ​ជនជាតិដើម​ភាគតិច​»​នៅ​អាគារ​រដ្ឋសភា នៅ​ថ្ងៃទី​១១ ខែតុលា​៕     


Tag:
 ជនជាតិដើម​ភាគតិច​
  ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com