ជាតិ
ប្រពៃណីទំនៀមទម្លាប់ជនជាតិដើមភាគតិច កំពុងយាយីដោយសម្ភារនិយម ជនជាតិភាគតិច
× ភ្នំពេញ៖ ជនជាតិដើមភាគតិច តែងមានប្រពៃណី និងអត្តសញ្ញាណមួយប្លែកពីពលរដ្ឋខ្មែរទូទៅ តាមរយៈការគោរពចាស់ទុំ អ្នកតា ព្រៃភ្នំ សម្លៀកបំពាក់ ភាសា និងវប្បធម៌ប្រពៃណីជាច្រើន។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិដើមភាគតិចជាច្រើន បានផ្លាស់ប្តូរឥរិយាបថ លែងសូវប្រកាន់ប្រពៃណីទំនៀមទម្លាប់ដូនតា បន្ទាប់ពីមានអ្នកចំណូលស្រុកចូលទៅរស់នៅក្នុងសហគមន៍ និងបាននាំសម្ភារនិយម ទៅបង្វក់ស្មារតីពួកគេ ឲ្យគ្រវាត់ចោលទម្លាប់ចាស់ និងចាប់យកទម្លាប់ថ្មី ស្របតាមសម័យសាកលភាវូបនីយកម្ម។
លោក ទឺយ ធិ អាយុ៥៥ឆ្នាំ ជាជនជាតិដើមភាគតិចព្នង នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានអះអាងថា សហគមន៍របស់ខ្លួន បានបាត់បង់ព្រៃជំនឿ និងដីធ្លី ព្រោះតែមានឈ្នួញ និងក្រុមហ៊ុនរំលោភយក។ បើតាមលោក ទឺយ ធិ ការបាត់ព្រៃឈើដែលក្នុងនោះមានព្រៃកប់ខ្មោច ព្រៃអារក្ស និងដីចម្ការវិលជុំ គឺជាការបាត់បង់ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិព្នង។
«លក្ខណៈពិសេសរបស់ជនជាតិដើមភាពតិចព្នង មានការសែនព្រេន ជំនឿ ភាសា អារក្សអ្នកតា និងធ្វើផ្ទះខ្ពស់ៗជាដើម»។ នេះបើតាមការពន្យល់របស់ លោក ទឺយ ធិ ដោយបន្តអះអាងថា បច្ចុប្បន្ន ប្រពៃណីមួយចំនួន ក៏បានបាត់បង់បណ្តើរៗផងដែរ។ លោកបន្ថែមថា នៅមានចាស់ៗមួយចំនួន បានបន្តស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ដោយយុវជនវិញ ពួកគេបានស្លៀកពាក់ដូចបងប្អូនខ្មែរ។ ក្រៅពីការស្លៀកពាក់ ការសង់ផ្ទះតាមទម្លាប់ជនជាតិដើមភាគតិចព្នង ក៏មិនសូវពេញនិយមទៀតដែរ។ លោកទឺយ ធិ បញ្ជាក់យ៉ាងដូច្នេះប្រាប់ព័ត៌មានថ្មីៗថា៖«ជនជាតិព្នងនៅសហគមន៍របស់ខ្ញុំ លែងសូវសង់ផ្ទះខ្ពង់ៗដូចដូនតាទៀតហើយ តែពួកគេ ដោយបែរមកសង់ផ្ទះដូចខ្មែរដែរ។ តែបើភាសា និងម្ហូបអាហាររបស់ជនជាដើមភាគតិចព្នងវិញ គឺនៅរក្សាបានល្អ»។
បញ្ហានេះ ត្រូវបាន លោក ម៉ង វិចិត្រ នាយករងសមាគមខ្មែរលើ បានអះអាងថា ជនជាតិដើមភាគតិចព្នង មានភាពប្រែប្រួលច្រើនទាំងវិជ្ជមាន និងអវិជ្ជមាន។ លោកបញ្ជាក់យ៉ាងដូច្នេះថា ៖«ក្មេងៗបច្ចុប្បន្ន ពួកគាត់និយមភ្លេងបទថ្មី ដោយលែងសូវស្តាប់ភ្លេងប្រពៃណីទៀតហើយ»។
ដោយឡែក ការប្រែប្រួលវិជ្ជមាន គឺមានយុវជនជាច្រើនបានរៀនចប់មហាវិទ្យាល័យ។ បើតាម លោក ម៉ង វិចិត្រ មានយុវជនដែលជាជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី រៀនចប់មហាវិទ្យាល័យប្រមាណជាង៥០នាក់ ដោយពួកគេបានធ្វើការនៅក្រុមហ៊ុនឯកជន ប្រឡងចូលធ្វើការដ្ឋ និងខ្លះទៀត បានធ្វើការនៅអង្គការក្រៅរដ្ឋាភិបាល ដោយបានត្រឡប់មកជួយសហគមន៍របស់ពួកគេវិញ។
មិនមែនតែជនជាតិដើមភាគតិចព្នងនោះទេ ដែលផ្លាស់ប្តូរឥរិយាបថនោះ ប៉ុន្តែ សូម្បីតែជនជាដើមភាគតិចគ្រឹង ក៏លែងសូវប្រកាន់ប្រពៃណីទំនៀមទម្លាប់ទៀតដែរ។ អ្នកស្រី ឡាត់ សុខឯម ជាជនជាតិគ្រឹងនៅខេត្តរតនគិរី និងគណៈគ្រប់គ្រងអង្គការជនជាតិដើមភាគតិចកម្ពុជា បានអះអាងថា ទោះបីអ្នកស្រីមានស្វាមីជាជនជាតិខ្មែរ ប៉ុន្តែ ប្រពៃណីទំនៀមទម្លាប់ជនជាតិរបស់ខ្លួន អ្នកស្រីនៅតែប្រកាន់ខ្ជាប់ដដែល។ បើតាមអ្នកស្រី ឡាត់ សុខឯម ជនជាតិគ្រឹងនៅឆ្ងាយពីទីរួមខេត្តរតនគិរីនៅប្រកាន់ប្រពៃណីច្រើន ប៉ុន្តែ ប្រសិនបើជនជាតិគ្រឹងនៅក្បែរទីរួមខេត្ត គឺបានលង់នឹងសម្ភារនិយម ដែលធ្វើឲ្យពួកគេបោះបង់ប្រពៃណីជនជាតិគ្រឹងចោល ដោយចាប់យកឥរិយាបថថ្មី និងផ្លាស់ប្តូរតាមជនជាតិខ្មែរ។
អ្នកស្រី ថ្លែងយ៉ាងដូច្នេះថា៖ «សម្ភារនិយមហូរចូលទៅ បានបើកគំនិតគាត់ឲ្យចង់ស្អាត ពីមុនអត់ចេះប្រើទូរស័ព្ទ ឥឡូវចេះប្រើទូរស័ព្ទ ពួកគាត់ទទួលបច្ចេកវិទ្យាថ្មី ធ្វើឲ្យពួកគាត់ស្រឡាញ់រូបភាពខាងក្រៅ»។
អ្នកស្រី អះអាងថា ការអភិវឌ្ឍន៍នៅតំបន់ជនជាតិដើមភាគតិចគ្រឹង បានបានធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ប៉ុន្តែ ទន្ទឹមគ្នានេះ ការអភិវឌ្ឍន៍នេះ បានបង្កការលំបាកដល់ការអភិរក្សប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច។ «ការអភិវឌ្ឍន៍ហូរចូលទៅ វាល្អសម្រាប់ធ្វើពួកគាត់រីកចម្រើនសេដ្ឋកិច្ច ប៉ុន្តែ យើងពិបាកបណ្តុះគំនិត ឲ្យពួកគេចេះអភិវឌ្ឍន៍ហើយចេះអភិរក្ស ព្រោះអ្នកខ្លះ ពួកគាត់បែកគំនិតលែងចង់ប្រកាន់យកវប្បធម៌ និងប្រពៃណី»។ នេះជាការពន្យល់របស់អ្នកស្រី ឡាត់ សុខឯម ដោយបន្តបញ្ជាក់ថា បច្ចុប្បន្ន ជនជាតិដើមភាគតិចនៅកម្ពុជា មានរស់នៅក្នុងខេត្តចំនួន១៥ ដូចជា៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងកោះកុងជាដើម ដោយមានជាង៥០០សហគមន៍ និង២៤ជនជាតិ។
ទំនាក់ទនងបញ្ហានេះ លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានរម្លឹកថា កាលលោកទៅក្រៅប្រទេសដែលមានជនជាតិដើមភាគតិច គឺប្រជាជនគេបានផ្តល់តម្លៃ និងផ្តល់អាទិភាពដល់ជនជាតិដើមភាគតិចក្នុងការថែរក្សាអត្តសញ្ញាណរបស់ខ្លួន។
លោកថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំឃើញនៅស្រុកគេ គេថែរក្សាប្រពៃណីនិងអត្តសញ្ញាណរបស់ជនជាតិដើមគេណាស់ គ្រាន់តែពួកគេឡើងជិះឡានក្រុង គឺគេស្គាល់ភ្លាមថា គឺជាជនជាដើមភាគតិច ព្រោះ ពួកគេរក្សាបាននូវប្រពៃណីទំនៀមទម្លាប់។ ដូច្នេះ យើងក៏ត្រូវថែរក្សាអត្តសញ្ញាណពួកគាត់ ដោយកុំអភិវឌ្ឍន៍លឿនពេក ហើយក៏កុំអភិរក្សយឺតពេក»។
សូមបញ្ជាក់ថា បច្ចុប្បន្ន សហគមន៍ជនជាតិដើមភាគតិចមានចំនួន១៥សហគមន៍ ដែលបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និង៩សហគមន៍ទៀត ក្រសួងកំពុងត្រួតពិនិត្យដើម្បីចុះបញ្ជីស្របច្បាប់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃដែលបានបង្ហាញក្នុង សិក្ខាសាលាមួយស្តីពី៖ «ការផ្សព្វផ្សាយវិធានប្រពៃណី គោលនយោបាយ និងច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធសិទ្ធិជនជាតិដើមភាគតិច»នៅអាគាររដ្ឋសភា នៅថ្ងៃទី១១ ខែតុលា៕
Tag:
ជនជាតិដើមភាគតិច
ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com