ជាតិ
សង្គមជាតិ
សុខភាព
ក្រសួងសុខាភិបាល៖ ក្មេង៣នាក់កើតមកមិនប្រក្រតី ដោយសារឥទ្ធិពលគ្រាប់បែកគីមី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
× ក្រសួងសុខាភិបាល បានអះអាងថា ឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិក ធ្វើឲ្យក្មេង៣នាក់នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កើតមកមានភាពមិនប្រក្រតី ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែតុលា ឲ្យដឹងថា ភាពមិនប្រក្រតីដែលកើតលើក្មេងៗទាំង៣នាក់នោះ មានមាត់វៀច ក្បាលធំ និងកើតរមាស់លើស្បែកតាំងពីពួកគេកើតមក។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានដឹកនាំក្រុមការងារទៅត្រួតពិនិត្យបញ្ហាសុខភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលមានផ្ទុកគ្រាប់បែកគីមីក្នុងដី តាមបញ្ជារបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមដូច្នេះ៖«តាមការពិតនិត្យ ខ្ញុំជឿថា ភាពមិនប្រក្រតីរបស់ក្មេងទាំងនេះ ដោយសារឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិកនេះតែម្តង»។ លោករដ្ឋមន្ត្រី បានសន្និដ្ឋានទៀតថា អាចមានកូនចៅប្រជាពលរដ្ឋនៅក្នុងឃុំគគីរ និងទីតាំងជាច្រើន រងគ្រោះព្រោះឥទ្ធិពលគ្រាប់បែគីមីនេះ មុននឹងអះអាងពីការបន្តស្រាវជ្រាវ និងពិនិត្យសុខភាពប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលប៉ះពាល់ដោយគ្រាប់គីមីដែលបន្សល់ទុកពីសង្គ្រាម។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏ណែនាំពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលមានគ្រាប់បែកគីមីនោះ នាំកុមារដែលកើតមានមានរូបរាង ឬរោគសញ្ញាមិនប្រក្រតី ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់ ដើម្បីពិនិត្យឲ្យបានច្បាស់។ ទន្ទឹមនឹងនោះប្រជាពលរដ្ឋក៏ត្រូវស្តាប់ការណែនាំរបស់មន្ត្រីជំនាញ ដោយត្រូវនៅឲ្យឆ្ងាយពីទីតាំងគ្រាប់បែកគីមី និងប្រុងប្រយ័ត្នចំពោះកូនចៅកុំឲ្យទៅរើសគ្រាប់បែកគីមីលេង។
មន្ត្រីជំនាញបានរកឃើញអាវុធគីមីកប់នៅក្នុងដី ដល់ទៅ៩ទីតាំង នៅក្នុងខេត្តស្វាយរៀង និងអាចមានទំនងអាចមានស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឬខេត្តដទៃទៀតផង។ នេះបើតាមការប្រកាសរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា។ កន្លងមក ក៏មានពលរដ្ឋចំនួន៨នាក់ដែរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីស្បែកពួកគេ រមាស់ ហើម និងក្អួតចង្អោរ ដោយសាររងផលប៉ះពាល់ពីសារធាតុគីមីនេះ។
គួរបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ ២លាន ៧សែនតោន ក្នុងអំឡុងសង្គ្រាមនាទសវត្ស១៩៧០ រវាងកងទ័ពសាធារណរដ្ឋកម្ពុជា ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងកងទ័ពតស៊ូរបស់ខ្មែរក្រហម ក្រោយពេលពួកគេធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០៕
© រក្សាសិទ្ធិដោយ thmeythmey.com