ជាតិ
សង្គមជាតិ
សុខភាព
ក្រសួងសុខាភិបាល៖ ក្មេង៣នាក់​កើតមកមិន​ប្រក្រតី ​​ដោយសារ​ឥទ្ធិពល​គ្រាប់បែក​គីមី
12, Oct 2017 , 9:23 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល បាន​អះអាងថា ឥទ្ធិពល​គ្រាប់បែក​គីមី​របស់​អាមេរិក ធ្វើ​ឲ្យក្មេង៣នាក់​នៅក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង កើតមក​មាន​ភាពមិន​ប្រក្រតី ។ សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែតុលា ឲ្យ​ដឹងថា ​ភាពមិនប្រក្រតី​ដែល​កើត​លើក្មេងៗទាំង៣នាក់​នោះ មាន​មាត់​វៀច ក្បាល​ធំ និង​កើត​រមាស់​លើ​ស្បែក​តាំងពី​ពួកគេ​កើតមក។


 
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​បាន​ដឹកនាំ​ក្រុមការងារ​ទៅ​ត្រួតពិនិត្យ​បញ្ហា​សុខភាព​ប្រជាពលរដ្ឋនៅក្នុង​តំបន់ ដែលមាន​ផ្ទុក​គ្រាប់បែក​គីមី​ក្នុង​ដី តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែម​ដូច្នេះ៖«តាម​ការពិត​និត្យ ខ្ញុំ​ជឿថា ភាពមិនប្រក្រតី​របស់​ក្មេង​ទាំងនេះ ដោយសារ​ឥទ្ធិពល​គ្រាប់បែក​គីមី​របស់​អាមេរិក​នេះ​តែម្តង»។ លោក​រដ្ឋមន្ត្រី បាន​សន្និដ្ឋាន​ទៀតថា អាចមាន​កូនចៅ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​គគីរ និង​ទីតាំង​ជាច្រើន រងគ្រោះ​ព្រោះ​ឥទ្ធិពល​គ្រាប់​បែ​គីមី​នេះ មុននឹង​អះអាង​ពី​ការបន្ត​ស្រាវជ្រាវ និង​ពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ដែល​ប៉ះពាល់​ដោយ​គ្រាប់​គីមី​ដែល​បន្សល់ទុក​ពី​សង្គ្រាម។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏​ណែនាំ​ពលរដ្ឋ​ដែល​រស់នៅក្នុង​ទីតាំង​ដែលមាន​គ្រាប់បែក​គីមី​នោះ នាំ​កុមារ​ដែល​កើតមាន​មាន​រូបរាង ឬ​រោគសញ្ញា​មិន​ប្រក្រតី ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ពិនិត្យ​ឲ្យ​បាន​ច្បាស់។ ទន្ទឹមនឹងនោះ​ប្រជាពលរដ្ឋ​ក៏ត្រូវ​ស្តាប់​ការណែនាំ​របស់​មន្ត្រី​ជំនាញ ដោយ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ទីតាំង​គ្រាប់បែក​គីមី និង​ប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ​កុំ​ឲ្យ​ទៅ​រើស​គ្រាប់បែក​គីមី​លេង។ 
 
មន្ត្រី​ជំនាញ​បាន​រកឃើញ​អាវុធ​គីមី​កប់​នៅក្នុង​ដី ដល់​ទៅ៩ទីតាំង នៅក្នុង​ខេត្តស្វាយរៀង និង​អាចមាន​ទំនង​អាចមាន​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឬ​ខេត្ត​ដទៃ​ទៀតផង។ នេះ​បើតាម​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី១១ ខែតុលា។ កន្លងមក ក៏មាន​ពលរដ្ឋ​ចំនួន៨នាក់​ដែរ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ បន្ទាប់ពី​ស្បែក​ពួកគេ រមាស់ ហើម និង​ក្អួតចង្អោរ  ដោយសារ​រង​ផលប៉ះពាល់​ពីសារ​ធាតុគីមី​នេះ។
 
គួរ​បញ្ជាក់ថា អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ប្រមាណ ២លាន ៧សែន​តោន ក្នុងអំឡុង​សង្គ្រាម​នា​ទសវត្ស១៩៧០ រវាង​កងទ័ព​សាធារណរដ្ឋ​កម្ពុជា ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​កងទ័ព​តស៊ូ​រប​ស់​ខ្មែរក្រហម ក្រោយពេល​ពួកគេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ នា​ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com