កីឡាជាតិ
ជាតិ
ទោះបីគូប្រជែងមានសមត្ថភាពខ្លាំងតែគ្រូទ័ពនិងណាហ្គាវើលសុទ្ធតែរំពឹងជោគជ័យខ្ពស់ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល
× ទាំងគ្រូបង្វឹកក្រុមណាហ្គាវើល និងក្រសួងការពារជាតិ(ទ័ព)សុទ្ធតែមានទំនុកចិត្តទទួលបានជោគជ័យខ្ពស់ សម្រាប់ការវិលមកជួបដៃគូចាស់នៅថ្ងៃសៅរ៍ ទី១៤ តុលា ចុងសប្តាហ៍នេះ។ ក្នុងនោះណាហ្គាវើលតទល់ជាមួយភ្នំពេញក្រោននៅកីឡដ្ឋាន RSN រីឯទ័ពស្វាគមន៍ខេមបូឌានថាយហ្គឺរនៅកីឡដ្ឋានស្តាតចាស់ ខណៈព្រះខ័នរាជស្វាយរៀងទទួលក្រុមភ្ញៀវបឹងកេងនៅកីឡដ្ឋានខេត្តស្វាយរៀងនាវេលាម៉ោង៦ល្ងាចដូចគ្នា។
គ្រូបង្វឹកក្រុមទ័ព លោក ទេព ឡុងរចនា បានចាត់ទុកការជួបក្រុមកំពុងឡើងជើងខេមបូឌានថាយហ្គឺរម៉ោង៦ល្ងាចនៅកីឡដ្ឋានស្តាតចាស់ ជាជំនួបមួយដ៏សំខាន់ក្នុងការកំណត់ជោគវាសនាឡើងទៅតំបន់ Top4 សម្រាប់ក្រុមរបស់លោក។ ក្នុងករណីទ័ពបញ្ចប់លទ្ធផលស្មើ ឬចាញ់ថាយហ្គឺរ លោក ឡុងរចនា ជឿជាក់ថា ឱកាសឡើងទៅវគ្គបន្តអាចនឹងបាត់បង់។ បច្ចុប្បន្នទ័ពបានធ្លាក់ទៅឈរលេខរៀងទី៦ដោយរក្សា២៧ពិន្ទុក្រោយចាញ់ស្វាយរៀង ៣-២, ណាហ្គាវើល ៣-០ និងបឹងកេត ៣-១។
សម្រាប់ការជួបគ្នានៅជើងទី១ក្រុមទាំងពីរបានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ តែអ្វីដែលគួរឲ្យកត់សម្គាល់ក្រុមខេមបូឌានថាយហ្គឺរក្រោមការដឹកនាំរបស់លោក Oriol Mohedano កំពុងឡើងជើងយ៉ាងខ្លាំង ពោលគឺ៩ប្រកួតកន្លងមកក្រុមនេះមិនដែលស្គាល់បរាជ័យឡើយដោយឈ្នះ៦ និងស្មើ៣។ ជាក់ស្តែងសម្រាប់ការជួបក្រុមឈរកំពូលតារាងព្រះខ័នរាជស្វាយរៀងក្រុមនេះបានរក្សាលទ្ធផលស្មើទាំងពីរជើងក្នុងលទ្ធផល ១-១ និង ២-២។
ទោះបីយ៉ាងនេះក្តីលោក ទេព ឡុងរចនា ប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះខេមបូឌានថាយហ្គឺរឲ្យបាននៅល្ងាចនេះ។ ហើយលោកអះអាងថា ក្រុមខ្លាំងមិនមែនល្អ១០០ភាគរយនោះឡើយ ដ្បិតភាពខ្វះចន្លោះ និងចំណុចមិនល្អតែងតែកើតមានសម្រាប់ក្រុមនីមួយៗ។ តែគ្រូបង្វឹករូបនេះទទួលស្គាល់ថា កូនក្រុមខេមបូឌានថាយហ្គឺរមានឆន្ទៈប្រកួតខ្ពស់ និងមានការសហការក្នុងក្រុមល្អ តែសមត្ថភាពមិនលើសក្រុមរបស់លោកឡើយ។
ទន្ទឹមនឹងនេះ ក្រុមឈរលេខរៀងទី២ណាហ្គាវើលត្រូវប្រជែងដណ្តើមឈរលេខរៀងទី២ជាមួយក្រុមភ្នំពេញក្រោននាវេលាម៉ោង៦ល្ងាចនៅកីឡដ្ឋាន RSN។ សម្រាប់ការវិលមកជួបគ្នាក្នុងជើងទី២នេះ វាជាឱកាសសងសឹកសម្រាប់ក្រុមណាហ្គាវើលដែលបានរងបរាជ័យ ១-០ កាលពីជើងទី១នៅលើទឹកដីរបស់ខ្លួនផងដែរ។
គ្រូបង្វឹកក្រុមណាហ្គាវើលលោក មាស ចាន់ណា បានលើកឡើងថា ការជួបភ្នំពេញក្រោននៅក្រៅទឹកដីលើកនេះកត្តាទីលានអាចជាបញ្ហាប្រឈម១០ភាគសម្រាប់ណាហ្គាវើល។ តែតាមរយៈការលេងប្រកបដោយការសហការក្នុងក្រុម និងកត្តាគ្មានរបួសរបស់កូនក្រុមបានធ្វើឲ្យគ្រូបង្វឹករូបនេះមានទំនុកចិត្តទទួលបានជោគជ័យខ្ពស់សម្រាប់ជំនួបក្រៅទឹកដីមួយនេះ។ ទន្ទឹមនឹងការប្តេជ្ញាខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព លោក ចាន់ណា ទទួលស្គាល់ថា ភ្នំពេញក្រោនជាក្រុមមានទម្រង់លេងល្អ និងសម្បូរកីឡាករវ័យក្មេងប្រកបដោយគុណភាពច្រើន។
ក្រៅពីជំនួបដ៏ជក់ចិត្តទាំងពីរគូខាងលើ ក៏មានការប្រកួតដ៏ចាប់អារម្មណ៍មួយគូទៀតផងដែរ គឺរវាងក្រុមឈរកំពូលតារាងព្រះខ័នរាជស្វាយរៀងជាមួយក្រុមឈរលេខរៀងទី៤បឹងកេតដែលធ្វើឡើងនៅម៉ោង៦ល្ងាចនាកីឡដ្ឋានខេត្តស្វាយរៀង។ សម្រាប់ការប្រកួតកាលពីជើងទី១នៅពហុកីឡដ្ឋានជាតិក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២៕
Tag:
Cambodian League 2017
ទេព ឡុងរចនា
មាស ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com