ជាតិ
សេដ្ឋកិច្ច
USAID អនុវត្ត​គម្រោង​ទឹកស្អាត​សម្រាប់​តំបន់​ជនបទ ក្នុង​ទឹកប្រាក់ ៣​លាន​ដុល្លារ​
13, Oct 2017 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) បាន​លើក​គម្រោង​មួយ ដែលមាន​ឈ្នោះ​ថា​គម្រោង Wash-Fin ដែលមាន​តម្លៃ​ទឹកប្រាក់ ៣​លាន​ដុល្លារ សម្រាប់​រយៈពេល ៣​ឆ្នាំ​។ គម្រោង​នេះ​មានបំណង​ពង្រីក​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីជនបទ​របស់​កម្ពុជា​។​



​លោក មីន មុន្នី ទីប្រឹក្សា​របស់​គម្រោង​មួយ​នេះ បាន​ឲ្យ​ដឹងថា ថវិកា​របស់​គម្រោង​នេះ​នឹងត្រូវ​ប្រើប្រាស់ ដើម្បី​ពង្រឹងសមត្ថភាព​បច្ចេកទេស​ដល់​ប្រតិបត្តិ​ករ​ឯកជន​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​តំបន់​ជនបទ ដែល​គ្មាន​បណ្ដា​ណ​ទឹកស្អាត​របស់​រដ្ឋ​ទៅដល់​តំបន់​ទាំងនោះ​។ លោក មីន មុន្នី បាន​ថ្លែង​ដូចនេះ នៅក្នុង​សិក្ខាសាលា​ស្ដីពី​ការរៀបចំ​ផែនការ​គម្រោង Wash-Fin នៅ​ថ្ងៃទី​១២​ខែតុលា​។​



​លោក មីន មុន្នី បន្ថែមថា គម្រោង​នេះ​ក៏​នឹង​ជួយ​អ្នកផ្គត់ផ្គង់​ទឹកស្អាត​ទ្រង់ទ្រាយ​តូចៗ​ទាំងនោះ ឲ្យ​មានលទ្ធភាព​ពង្រីក​វិសាលភាព​បណ្ដាញទឹក​របស់ខ្លួន តាមរយៈ​ការសម្របសម្រួល​អ្នក​ទាំ​ង​និង​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ក្នុងការ​ទទួលបាន​ប្រាក់កម្ចី​ការប្រាក់​ទាប​។​

​លោក មីន មុន្នី បញ្ជាក់ថា គម្រោង​នេះ​មានបំណង​ធ្វើ​ឲ្យ​មានការ​ផ្គត់​ទឹកស្អាត​ប្រកបដោយ​និរន្តរភាព និង​តម្លៃ​ទាប នៅ​ទីជនបទ​។ បើតាម​ទីប្រឹក្សា​គម្រោង Wash-Fin រូបនេះ គម្រោង​មិនទាន់​កំណត់​តំបន់​អនុវត្ត​នៅឡើយ ប៉ុន្តែ​គម្រោង​នេះ​នឹងមិន​អនុវត្ត​នៅ​ទីប្រជុំជន​ធំៗ​ឡើយ​។ ហើយ​គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ ៕


Tag:
 ទឹកស្អាត​
© រក្សាសិទ្ធិដោយ thmeythmey.com