ជាតិ
លោកស្រី រ៉ូណា ស្មីត ៖ «ប្រជាធិបតេយ្យ គឺនិយាយអំពីសំឡេងនិងការជ្រើសរើស» ហ្វេសប៊ុក (UNHR)៖រាប់់ពីឆ្វេងទៅ លោកស្រី រ៉ូណា ស្មីត នៅខាងស្ដាំ
× ភ្នំពេញ៖ មន្ត្រីរាយការណ៍ផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាននិយាយថា ប្រជាធិបតេយ្យកម្ពុជាកំពុងស្ថិតក្នុងការគំរាមកំហែង ដោយសារចលនាប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។ មន្ត្រីរាយការណ៍សិទ្ធិមនុស្ស ចាត់ទុកចលនាទាំងនេះ នឹងអាចឲ្យប្រជាជនកម្ពុជាជាច្រើន ត្រូវប្រឈមហានិភ័យនៃការមិនអាចទទួលបានទាំងសំឡេង និងការជ្រើសរើសគណបក្សនយោបាយឲ្យបានត្រឹមត្រូវស្របតាមឆន្ទៈរបស់ពួកគេឡើយ។
«ប្រជាធិបតេយ្យ គឺនិយាយអំពីសំឡេងនិងការជ្រើសរើស»។ នេះជាការលើកឡើងរបស់អ្នកជំនាញរាយការណ៍សិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ដែលចង់សំដៅទៅលើរបបប្រជាធិបតេយ្យ ដោយមានការជ្រើសរើសគណបក្សនយោបាយ ដឹកនាំប្រទេស តាមរយៈឆន្ទៈនឹងការគាំទ្រពីសំណាក់ពលរដ្ឋពិតប្រាកដ។
អ្នកស្រី រ៉ូណា ស្មីត បន្ថែមទៀតថា៖ «កម្ពុជាសម័យទំនើប ត្រូវបានបង្កើតឡើងទៅជាប្រទេសប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយគោរព និងការពារសិទិ្ធមនុស្ស។ រដ្ឋធម្មនុញ្ញកម្ពុជា បានព្យាយាមទប់ស្កាត់ការវិលត្រឡប់មកវិញនូវរដ្ឋឯកបក្ស។ អ្នកដែលបានព្រាងរដ្ឋធម្មនុញ្ញ សុទ្ធតែបានដឹងច្បាស់អំពីផលវិបាកដែលកើតចេញពីរបៀបគ្រប់គ្រងបែបឯកបក្ស។ សម្រាប់ប្រជាជនកម្ពុជាចូលរួមក្នុងការពិភាក្សាដេញដោលខាងនយោបាយដោយចំហនិងមុតមាំ។ ដូច្នេះគណបក្សប្រឆាំងត្រូវតែបានអនុញ្ញាតឲ្យមានអត្ថិភាពនិងដំណើរការដោយគ្មានការភ័យខ្លាច ឬការបំភិតបំភ័យ»។
បន្ថែមពីនេះលោកស្រី រ៉ូណា ស្មីត បានលើកឡើងថា នីតិរដ្ឋ គឺមិនត្រឹមគ្រាន់តែជាការអនុវត្តច្បាប់នោះទេ ប៉ុន្តែត្រូវមានការគោរពសិទ្ធិមនុស្ស ហើយឆ្លុះបញ្ចាំងពីគោលការណ៍នៃភាពត្រឹមត្រូវ យុត្តិធម៌ និងការចូលរួមជាសាធារណៈផងដែរ បើពុំនោះទេវាមិនមែនជានីតិរដ្ឋឡើយ។
តែយ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ច្រានចោលការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្សខាងលើ ដោយចាត់ទុកសំដីអ្នកសិទ្ធិមនុស្សនេះ កំពុងរំលោភឯករាជ្យភាព និងអធិបតេយ្យភាពកម្ពុជា។
លោក សុខ ឥសាន បានបញ្ជាក់ដូច្នេះថា៖« មន្ត្រីសិទ្ធិមនុស្សគួរតែស្វែងរកមូលហេតុដែលបណ្តាលឲ្យមានសភាពការណ៏ឈានទៅដល់ការរំលាយគណបក្សប្រឆាំងទើបត្រឹមត្រូវជាង ។ ម៉េចមិនមើលមូលហេតុ ថាមកពីមេបក្សប្រឆាំង និងគណបក្សប្រឆាំងប្រព្រឹត្តរំលោភច្បាប់និងរំលោភលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទើបត្រូវប្រឈមនឹងច្បាប់នេះឯង ។ បើគ្មានការរំលោភបំពានច្បាប់ទេ នោះនឹងគ្មានករណីដូចបច្ចុប្បន្ននេះដែរ ។កុំយកគណបក្សប្រជាជនកម្ពុធ្វើជាចណាប់ខ្មាំងរបស់គណបក្សប្រឆាំងឲ្យសោះ។ គណបក្សប្រជាជនកម្ពុជា មិនបានរួមចំណែកប្រព្រឹត្តខុសច្បាប់ជាមួយគណបក្សប្រឆាំងទេ»។
បណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ បានធ្លាក់ដល់ដៃតុលាការកំពូលហើយ ដើម្បីត្រួតពិនិត្យនឹងសម្រេចលើជោគវាសនាគណបក្សនេះ ខណៈសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤ របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា កំពុងស្ថិតនៅគណៈកម្មការជំនាញនីតិកម្មរបស់រដ្ឋសភា ដើម្បីសិក្សានិងពិនិត្យលម្អិត មុននឹងបន្តដំណើការដាក់ចូលទៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា អនុម័តជាផ្លូវការ៕
Tag:
រ៉ូណា ស្មីត
CNRP
© រក្សាសិទ្ធិដោយ thmeythmey.com