ជាតិ
សង្គមជាតិ
គុណភាព​នៃ​ការនិពន្ធ​នៅមានកម្រិត ក្រសួង​លើកទឹកចិត្ត​ឲ្យ​បន្ត​ការប្រឡង​ស្នាដៃ​
14, Oct 2017 , 12:03 pm        
រូបភាព
ដោយ:
​នាយកដ្ឋាន​សៀវភៅ និង​ការអាន បាន​រកឃើញ​ជ័យលាភី​នៃ​ការប្រឡង​តែង​និពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង​ពានរង្វាន់​លោក ហង្ស ធុន​ហាក់​ឆ្នាំ​២០១៧​ហើយ​។ ជ័យលាភី​ភាគច្រើន​ជា​ស្ត្រី​មកពី​តាម​បណ្ដា​ខេត្ត​នានា​។ ពានរង្វាន់​មាន​២​ផ្នែក​។ ផ្នែក​និពន្ធ​ប្រលោមលោក មាន​៥​រង្វាន់ និង​ផ្នែក​កំណាព្យ​រឿង​មាន​២​រង្វាន់​។​



​សម្រាប់​ផ្នែក​និពន្ធ​ប្រលោមលោក ជ័យលាភី​លេខ​មួយ​បាន​ទៅលើ​ស្នាដៃ​រឿង ផ្កា​រីក​ក្នុង​ចិត្ត របស់លោក​អ្នកស្រី និ​ន្ទ ប៊ុន​នី ដែល​មកពី​ខេត្តស្ទឹងត្រែង​។ ជ័យលាភី​លេខ​២ ជា​ប្រលោមលោក​រឿង «​គ្មាន​ថ្ងៃ​បំភ្លេច​» និពន្ធ​ដោយ កញ្ញា អ៊ួ​ច ជា​សុភា​រី មកពី​ភ្នំពេញ​។ ជ័យលាភី​លេខ​៣ ជា​ប្រលោមលោក​រឿង «​កូន​សត្វ​បាត់​មេ​» និពន្ធ​ដោយ លោក ច​ន ស៊ី​លីន មកពី​ខេត្តកណ្ដាល​។ ជ័យលាភី​លេខ​៤ គឺ​លោកស្រី សួន សុខ​នាង​មកពី​ខេត្តកណ្តាល​ដែល​បាន​តែងរឿង «​ក្លិន​ម្អម​ខ្ទម​ស្នេហ៍​» និង​ជ័យលាភី​លេខ​៥ ត្រូវបាន​ទៅលើ​កញ្ញា យ៉ា​ត ម៉េង​លាភ រស់នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​តែង​ស្នាដៃ​រឿង «​ទឹកដោះ​ម្តាយ​ថ្លៃ​»​។



​សម្រាប់​ផ្នែក​និពន្ធ​កំណាព្យ​វិញ ជ័យលាភី​លេខ​មួយ​ត្រូវបាន​ដល់ដៃ​លោកស្រី ចាន់ មណី មកពី​រាជធានី ដែល​បាន​និពន្ធ​កំណាព្យ​រឿង​«​គូ​ភក្តី​»​។ រីឯ​ជ័យលាភី​លេខ​២ គឺ​ស្នាដៃ​របស់លោក​ស្រី និ​ន្ទ ម៉ដ្ឋ​កុ​ណ្ឌ​លីន មកពី​ខេត្តស្ទឹងត្រែង ដែល​បាន​និពន្ធ​កំណាព្យ​រឿង «​ផ្កា​ក្រោម​សន្លឹក​»​។​

​តាំងពី​ឆ្នាំ​១៩៩៩​មក នាក​យក​ដ្ឋា​ន​សៀវភៅ និង​ការអាន​នៃ​ក្រសួង​វប្បធម៌ បានរៀបចំ​ការប្រឡង​បែបនេះ​ជា​រៀងរាល់ឆ្នាំ ជាមួយនឹង​ប្រធានបទ​ផ្សេងៗ​គ្នា​។ ប៉ុន្តែ​ឆ្នាំនេះ ការប្រឡង​ត្រូវបាន​រៀបចំ​ខុសប្លែក​ពី​សព្វដង​ជាមួយនឹង​ប្រធានបទ​សេរី ដែល​បាន​ទាក់ទាញ​បេក្ខជន​បាន​ច្រើន​។​

​បើទោះជា​ការប្រឡង​និពន្ធ​ត្រូវបាន​រៀបចំ​ធ្វើ​១៨​ឆ្នាំ​មកហើយ ប៉ុន្តែ​បើតាម​ការអត្ថាធិប្បាយរ​បស់​ប្រធាន​នាយកដ្ឋាន​សៀវភៅ​និង​ការអាន លោកស្រី រស់ សារូ ស្នាដៃ​មួយចំនួន​នៅមានកម្រិត ហើយ​នៅមាន​ភាពស្រពិចស្រពិល មិន​ច្បាស់លាស់ មិន​ឆ្លើយតប​ទៅនឹង​តថភាព​សង្គម​បច្ចុប្បន្ន​។ អ្នកស្រី​បាន​ពន្យល់​ដូច្នេះ​ថា​៖«​អ្នកនិពន្ធ​គួរ​យល់ថា ស្នាដៃ​របស់ខ្លួន គឺជា​ការបង្ហាញ​«​ពុទ្ធិ​» ទៅដល់​មនុស្ស​គ្រប់​ជំនាន់​ក្រោយ ដើម្បី​ជា​ប្រភព​បញ្ញា​ប្រកបទៅដោយ គិ​តិ​បណ្ឌិត ក្នុង​បំណង​ថែរក្សា​នូវ​ឧត្តមភាព តថភាព នៃ​អក្សរសាស្ត្រ​ខ្មែរ​»​។​

​អនុគណៈកម្មការ​មេ​ប្រយោគ និង​ជាទី​ប្រឹក្សា​សមាគម​អ្នកនិពន្ធ​ខ្មែរ លោក វ៉ែន សុន បានលើកឡើង​បន្ថែម​អំពី​ភាពខ្វះខាត និង​ចំណុចខ្សោយ​មួយចំនួន​របស់​បេក្ខជន​ដែល​ទាក់ទង​នឹង​ការសរសេរ​មិន​ដកឃ្លា ខ្វះ​សញ្ញា​ខណ្ឌ ខុស​អក្ខរាវិរុទ្ធ ហើយ​អ្នកនិពន្ធ​មិនអាច​បែក​ចែក​ភាសា​របស់​តួអង្គ និង​អ្នកនិពន្ធ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ ជាដើម​។

​បើទោះជា​គុណភាព​នៃ​ការនិពន្ធ​នៅ​មិនទាន់​រីកចម្រើន​ខ្លាំង​ក៏ដោយ លោក ថៃ នរៈ​សត្យា ដែលមាន​វត្តមាន​ជា​អធិបតី​តំណាង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​នោះ នៅតែ​សរសើរ និង​លើកទឹកចិត្ត​ដល់​ការរៀបចំ​ការប្រឡង​បែបនេះ ដើម្បី​គេ​អាច​រកឃើញ​អ្នក​ពូកែ​តែង​និពន្ធ​៕




Tag:
 រស់​សារូ​
  វ៉ែន​សុន​
  ថៃ នរៈ​សត្យា​
© រក្សាសិទ្ធិដោយ thmeythmey.com