ជាតិ
សេដ្ឋកិច្ច
សភា បានអនុម័ត​ច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម ដែល​ធានា​ការពារ​ផលិតផល​ក្នុងស្រុក និង​អ្នកវិនិយោគ​
14, Oct 2017 , 1:41 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋសភា នៅ​ថ្ងៃទី​១២​ខែតុលា បានអនុម័ត​សេចក្ដីព្រាងច្បាប់ ស្ដីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម ដែល​នាំទៅដល់​កា​រកា​ពារ​ផលិតផល​ក្នុងស្រុក និង​ការវិនិយោគ​សុចរិត​។​



​សេចក្ដីព្រាងច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម ត្រូវបាន​បង្កើតឡើង ដើម្បី​ការពារ​ផលិតកម្ម និង​ឧស្សាហកម្ម​កម្ពុជា ពី​ផលប៉ះពាល់​នៃ​ការលក់​បន្ទាប​ថ្លៃ​ខុស​ប្រក្រតី នៃ​ទំនិញ​ដែល​នាំ​ចូលមក​លក់​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្ដីថ្លែងហេតុ​របស់រ​ដ្ឋា​ភិ​បាល​។

​សេចក្ដីព្រាងច្បាប់​នេះ​ក៏ត្រូវ​បានរៀបចំ​ឡើង ដើម្បី​ផ្ដល់​ទំនុកចិត្ត និង​ធ្វើជា​ខែល​ការពារ​វិនិយោគិន​ក្នុងស្រុក និង​បរទេស ដែល​បណ្ដាក់ទុន​នៅ​កម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​គោលការណ៍ យន្តការ និង​នីតិវិធី​នានា សម្រាប់​ជួយ​ធានា​ដល់​ប្រកួតប្រជែង​ដោយ​សុចរិត និង​ស្មោះត្រង់​។ សេចក្ដីព្រាងច្បាប់​នេះ នឹង​ជួយ​ការពារ​ផងដែរ ផលិតកម្ម និង​ឧស្សាហកម្ម​ក្នុងស្រុក ពី​ការហូរចូល​យ៉ាងគំហុក​នៃ​ផលិតផល​បរទេស​មក​កាន់​ទីផ្សារ​កម្ពុជា ដែល​គំរាមកំហែង​ដល់​ការរីកចម្រើន​នៃ​ឧស្សាហកម្ម​ក្នុងស្រុក​។

​តាមរយៈ​សេចក្ដីព្រាងច្បាប់​នេះ រដ្ឋាភិបាល​នឹងមាន​លទ្ធភាព​ក្នុង​ការដំឡើង​អត្រាពន្ធ​ឧបាស្រ័យ​ពាណិជ្ជកម្ម ទៅលើ​ផលិតផល​នាំចូល​ណា ដែល​អាច​បង្ក​មហន្តរាយ​ដល់​ផលិតកម្ម និង​ឧស្សាហកម្ម​កម្ពុជា ខ្ពស់ជាង​អត្រាពន្ធ​ដែល​កម្ពុជា​បាន​ចង និង​សន្យា​នៅក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុងករណី​ចាំបាច់​។

​លោក ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា ការអនុម័ត សេចក្ដីព្រាងច្បាប់​នេះ គឺជា​សញ្ញា​វិជ្ជមាន​ដល់​ការគាំទ្រ​កំណើនសេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​ការ​អនុ​វ​ច្បាប់​នេះ​នឹង​អាស្រ័យ​ការអនុវត្ត​ជាក់ស្ដែង​។ លោក ងួន ម៉េង តិច ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៣​ខែតុលា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ការអនុម័ត​ច្បាប់​នេះ​ល្អ ដែល​នឹង​ផ្ដល់​ការប្រកួតប្រជែង​ដោយ​ស្មើភាព​នៅលើ​ទីផ្សារ​នេះ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​មើលថា តើ​ការអនុវត្ត​របៀប​ណា​នឹងត្រូវ​ធ្វើឡើង​»​។

​លោក ងួន ម៉េង​តិច បន្ត​ថ្លែង​ដូចនេះ​ទៀតថា​៖«​ដូចដែល​យើង​ដឹងថា អតុល្យភាព​នៃ​ការអនុវត្ត​ពន្ធ និង​ផលិតផល​នាំចូល​ក្រៅផ្លូវការ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពាណិជ្ជករ​ត្រឹមត្រូវ​ជាច្រើន​»៕


Tag:
 ងួន ម៉េង​តិច​
 ​ច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com