កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​សូ​ហ្វ​តិ​ន្នី​ស​១០១​នាក់​ប្រជែង​គ្នា​ដណ្តើមពាន​រង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៧
14, Oct 2017 , 4:39 pm        
រូបភាព
ដោយ:
​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ចំនួន​១០១​នាក់​មកពី​៧​ក្លិប​-​សមាគម ត្រូវ​ប្រជែង​គ្នា​ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង ប្រចាំឆ្នាំ​២០១៧ ចន្លោះ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៥ ខែតុលា នៅ​មជ្ឈមណ្ឌល​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​នេះ ជា​ការវាស់ស្ទង់​សមត្ថភាព​កីឡាករ​ដែល​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ហ្វីលីពីន​នា​ខែវិច្ឆិកា ខាងមុខនេះ​។​



​បើ​យោងតាម​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡា​សូ​ហ្វ​តិ​ន្នី​ស លោក យី សារិន អត្ត​ពលិកម​ក​ពី​៧​ក្លិប​-​សមាគម​ចំនួន​១០១​នាក់​ត្រូវ​ប្រជែង​គ្នា​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែតុលា ដើម្បី​ដណ្តើម​ជើងឯក​ប្រចាំ​ពានរង្វាន់​សម្តេច ស ខេង លើក​ទី​៤​។ ការប្រកួត​នេះ​ធ្វើឡើង​នៅលើ​ទីលាន​នៃ​មជ្ឈមណ្ឌល​កីឡា​សូ​ហ្វ​តិ​ន្នី​ស និង​វាយ​កូន​បាល់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។

​លោក​បន្ថែមទៀតថា អត្ត​ព​លិ​ក​ទាំងនេះ​ត្រូវ​ប្រកួតប្រជែង​គ្នា​លើ​៩​ប្រភេទ​វិញ្ញាសា​ដោយ​បែង​ចែង​ជា​ពីរ​ក្របខណ្ឌ​គឺ​ក្របខណ្ឌ​ក​១ និង​ក​២​។ ពានរង្វាន់​សម្តេច ស ខេង នៅ​ឆ្នាំនេះ​មិន​ត្រឹមតែ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​តាម​បណ្តា​ក្លិប​សមាគម​បាន​បញ្ចេញ​សមត្ថភាព​នោះទេ តែ​ជា​ការវាស់ស្ទង់​សមត្ថភាព​កីឡាករ​ដែល​ត្រៀម​ចេញទៅ​ប្រកួត​ជើងឯក​ក្របខណ្ឌ​អាស៊ាន​នៅ​ហ្វីលីពីន​ផងដែរ​។ ជើងឯក​អាស៊ាន​ដែល​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​ចំនួន​១៦​នាក់​ឲ្យ​ចូលរួម​។​



​ក្លិប​-​សមាគម​ទាំង​៧​ដែល​ចូលរួម​ពានរង្វាន់​សម្តេច ស ខេង នៅ​ឆ្នាំនេះ​រួមមាន សមាគម​កីឡា​ក្រសួងមហាផ្ទៃ​, ក្លិប​អគ្គស្នងការ​នគរបាល​ជាតិ​, កងយោធពល​ខេមរភូមិន្ទ​, ខេត្តកណ្តាល​, អង្គការ​មិត្តសម្លាញ់ និង​រាជធានី​ភ្នំពេញ​។ លោក យី សារិន បាន​គូសបញ្ជាក់ថា កីឡាករ​កីឡាការិនី​ចូលរួម​ឆ្នាំនេះ​មានការ​កើនឡើង​ទាំង​ចំនួន និង​បច្ចេកទេស​បើ​ធៀប​នឹង​ឆ្នាំមុនៗ​។ តែ​យ៉ាងណា លោក​មិនបាន​បញ្ជាក់​លម្អិត​ពី​ចំនួន​អ្នកចូលរួម​កាលពី​ឆ្នាំមុន​នោះឡើយ​។       

​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បាន​បង្កើតឡើង​ក្នុងអំឡុង​ឆ្នាំ​២០១៤ បច្ចុប្បន្នកំពុង​ឈរ​លេខ​រៀង​ទី​១០​ក្នុង​ចំណាត់ថ្នាក់​ពិភពលោក​(World Ranking)​ក្នុងចំណោម​៤៥​ប្រទេស​។ អ្វីដែល​គួរកត់សម្គាល់​ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ​កន្លងមកនេះ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ទទួលបាន​ជោគជ័យ​ខ្លាំង​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​ឈ្នះ​មេដាយ​ជា​បន្តបន្ទាប់​សម្រាប់​ការចូលរួម​ប្រកួត​នៅក្រៅ​ប្រទេស​របស់ខ្លួន​៕






Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com