ជាតិ
សង្គមជាតិ
រយៈពេល​៩​ខែ គ្រោះមហន្តរាយ សម្រាប់​មនុស្ស​៧៦​នាក់ និង​១១២​នាក់​របួស​
14, Oct 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​រយៈពេល​៩​ខែ នៅ​ឆ្នាំ​២០១៧​នេះ គ្រោះមហន្តរាយធម្មជាតិ បាន​កើតឡើង​ចំនួន ១៥៩​លើក នៅ​២៣​រាជធានី​-​ខេត្ត និង​បាន​បណ្ដាល​ឲ្យ​មនុស្ស ចំនួន​៧៦​នាក់​ស្លាប់ និង​របួស​ចំនួន​១១២​នាក់ និង​មាន​គោ គ្របី​ងាប់​ចំនួន​៥៩​ក្បាល​។ សាលារៀន​ចំនួន​៣៧​អគារ អគារ​ផ្សេងទៀត​ចំនួន​២៨ និង​ផ្ទះ​ជាង​៤​ពាន់​ខ្នង  ក៏បាន​រង​ផលប៉ះពាល់ និង​ខូចខាត​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​នេះដែរ​។​



​លោក ញឹម វណ្ណដា ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថា ខេត្ត​ចំនួន​៥ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​។ នេះ​បើតាម សារព័ត៌មាន​ជាតិ​កម្ពុជា​(AKP)​ចុះផ្សាយ​នៅ​ថ្ងៃទី​៩ ខែតុលា​កន្លងទៅ​។​

AKP បាន​ស្រង់​សម្តី លោក ញឹម វណ្ណា​ដា បន្តថា​វិធានការ​ចម្បង​ដើម្បី​ទប់ទល់​បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​អង្គការ​PIN ដាក់​ដំណើរការ​ប្រព័ន្ធ​ប្រកាស​ជា​សំឡេង ពី​គ្រោះមហន្តរាយ​តាម​ទូរស័ព្ទដៃ នៅ​ខេត្ត​ចំនួន​៧ គឺ​បន្ទាយមានជ័យ កំពង់ធំ បាត់ដំបង សៀមរាប ខេត្តពោធិ៍សាត់ កំពត និង​ខេត្តកំពង់ឆ្នាំង​។ សម្រាប់​ការជូនដំណឹង​មុន ពេល​កម្ពស់​ទឹក​មានការ​ជន់​ខ្លាំង  គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានដាក់​ឧបករណ៍​វាស់កម្ពស់​ទឹក​ស្វ័យប្រវត្តិ​ចំនួន​២​កន្លែង គឺ​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត និង​នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​៕
 ប្រភព​៖AKP


Tag:
 ញឹម វណ្ណដា​
  ​គ្រោះមហន្តរាយ​
  ​ស្លាប់​
  ​របួស​
© រក្សាសិទ្ធិដោយ thmeythmey.com