កីឡាជាតិ
ជាតិ
លោក ណ​យ ផា​ណា ជំរុញ​ឲ្យ​ខេត្ត​មាន​កីឡា​កាយសម្ព័ន្ធ​បង្កើន​ការយកចិត្តទុកដាក់​និង​គាំទ្រ​
15, Oct 2017 , 8:09 am        
រូបភាព
ដោយ:
​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណ​យ ផា​ណា ជំរុញ​ឲ្យ​បណ្តា​ខេត្ត​ដែលមាន​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​បង្កើន​ការយកចិត្តទុកដាក់ និង​ជួយ​គាំទ្រ​ឧបត្ថម្ភ​បន្ថែមទៀត​។ ការជំរុញ​បែបនេះ ក្នុងន័យ​ចូលរួមចំណែក​អភិវឌ្ឍន៍​កីឡា​កាយសម្ព័ន្ធ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​៨ តុលា កន្លងទៅ សហព័ន្ធ​បានធ្វើ​តេស្ត​សមត្ថភាព​កីឡាករ​៣០​នាក់​មកពី​ខេត្ត​ចំនួន​៣ ដើម្បី​ចម្រាញ់​យក​កីឡាករ​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​ត្រៀម​ការប្រកួត​នេះ​ផងដែរ​។​



​ដើម្បី​អភិវឌ្ឍន៍​កីឡា​កាយសម្ព័ន្ធ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ជំរុញ​ឲ្យ​បណ្តា​ខេត្ត​មាន​កីឡា​កាយសម្ព័ន្ធ​បង្កើន​ការយកចិត្តទុកដាក់ និង​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​លើ​អ្វីដែល​កំពុង​ធ្វើ​នាពេល​បច្ចុប្បន្ន​។ ការជំរុញ​នេះ សំដៅលើ​ខេត្ត​មួយចំនួន​តូច​តែប៉ុណ្ណោះ ព្រោះ​បច្ចុប្បន្ន​មាន​ខេត្ត​មួយចំនួនធំ​ទទួលបាន​ការយកចិត្តទុកដាក់ និង​ឧបត្ថម្ភ​យ៉ាង​ពេញទំហឹង​ពី​ថ្នាក់ដឹកនាំ​ខេត្ត​។ 



​អគ្គលេខាធិការ​រូបនេះ​បាន​លើកឡើងថា ការខ្វះខាត​សម្ភារ​ដែល​បម្រើ​ឲ្យ​ការហ្វឹកហាត់​របស់​កីឡាករ​បាន​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​ក្លិប​-​សមាគម​នៅតាម​បណ្តា​ខេត្ត​នាពេល​បច្ចុប្បន្ន​។ តែ​លោក​ជឿជាក់ថា បញ្ហា​នេះ​នឹង​អាច​ដោះស្រាយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ព្រោះ​បច្ចុប្បន្ន​លោក​បាននិងកំពុង​ខិតខំ​ស្វែងរក​ដៃគូ​សហការ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ 

​ក្រោម​គម្រោង​របស់​អង្គ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​តាមរយៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ ខែតុលា កន្លងទៅ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានរៀបចំ​កម្មវិធី​ប្រកួត​តេស្ត​សមត្ថភាព ដើម្បី​ស្វែងរក​កីឡាករ​កម្រិត​មូលដ្ឋាន និង​កីឡាករ​យុវជន​ថ្នាល​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការប្រកួត​តេស្ត​នេះ មាន​កីឡាករ​អាយុ​ក្រោម​១៥​ឆ្នាំ​ចំនួន​៣០​រូប​មកពី​ខេត្តក្រចេះ តាកែវ និង​កំពង់ឆ្នាំង​ចូលរួម​។ យុវជន​ទាំងនេះ ប្រកួតប្រជែង​លើ​៦​វិញ្ញាសា​រួមមាន កម្រាល សេះ​លោត របា​ស្រប សេះ​កង កង និង​របា​នឹង​។​



​លោក ណ​យ ផា​ណា បានចាត់ទុក​ការ​តេស្ត​សមត្ថភាព​នេះ​ជាការ​ប្រកួត​មួយ​ដ៏​ល្អ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​របស់​យុវជន​។ លើសពីនេះ​វា​កម្មវិធី​មួយ​ដែល​បាន​ផ្ត​ស់​ឱកាស​ឲ្យ​យុវជន​មកពី​តាម​ខេត្ត​បាន​បញ្ចេញ​សមត្ថភាព ដើម្បី​ស្វែងរក​កំហុស​មក​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។ បន្ថែម​ពីនេះ លោក​នឹង​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​រៀបចំ​កម្មវិធី​នេះ​ឲ្យ​មាន​ជា​រៀងរាល់ឆ្នាំ​៕


Tag:
 ​កាយសម្ព័ន្ធ​
  ណ​យ ផា​ណា​
  NOCC
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com