កីឡាជាតិ
ជាតិ
លី​ក​លំដាប់​ទី​២៖ វិសាខា​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​យុវជន​សាលា​បាល់ទាត់​ជាតិ​នៅ​ល្ងាច​នេះ​
15, Oct 2017 , 10:39 am        
រូបភាព
ដោយ:
​ក្រោយ​ប្រកួត​អស់​រយៈពេល​ជាង​៧​ខែ​កន្លងមក ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​លី​ក​លំដាប់​ទី​២​កម្ពុជា​(Cambodian League 2)​ប្រចាំឆ្នាំ​២០១៧ បាន​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៥ ខែតុលា​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ត្រូវ​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​ក្រុម​វិសាខា​ដែលជា​ក្រុម​លេខ​១​ប្រចាំ​វគ្គ​ជម្រុះ​។​



​ក្រុម​កីឡាករ​សាលា​បាល់ទាត់​ជាតិ​បាទី​ត្រូវ​ប្រជែង​ដណ្តើម​ជើងឯក​ជាមួយ​ក្រុម​វិសាខា​ក្នុង​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​២​នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៥ ខែតុលា​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​បាន​យកឈ្នះ​ក្រុមយុវជន​ក្រសួងការពារជាតិ ៥-៣ នៅ​វគ្គ​ជម្រុះ Play off ដែលជា​វគ្គ​ប្រកួត​រវាង​ក្រុម​ឈ្នះ​នា​ការប្រកួត​រវាង​ក្រុម​លេខ​៣ និង​លេខ​៤ ជាមួយ​ក្រុម​លេខ​២​ដែល​បាន​ឈរ​ចាំ​។

​សម្រាប់​រូបមន្ត​ប្រកួត​នៃ​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​២ គឺ​ដូចគ្នា​នឹង​រូបមន្ត​ប្រកួត​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា ពោលគឺ​យក​ក្រុម​ទាំង​៤​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​វគ្គ​ជម្រុះ​ទាំងពីរ​ជើង​ឡើង​ទៅលេង​វគ្គ Play off ដំណាក់កាល​ផ្តាច់ព្រ័ត្រ​។ នៅក្នុង​វគ្គ​នេះ​ក្រុម​ឈរ​លេខ​រៀង​ទី​៤​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ឈរ​លេខ​រៀង​ទី​៣​ដើម្បី​រក​ក្រុម​ឈ្នះ​ឡើងទៅ​ប្រកួត​ជាមួយ​ក្រុម​ឈរ​លេខ​រៀង​ទី​២​។ ក្រុម​ឈ្នះ​ក្នុង​វគ្គ​នេះ​ត្រូវ​ឡើងទៅ​ប្រកួត​ជាមួយ​ក្រុម​ឈរ​លេខ​រៀង​ទី​១​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ជើងឯក​តែម្តង​។​

​ដូច្នេះ​ក្រុមយុវជន​ក្រសួងការពារជាតិ​ដែល​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ ៥-០ នា​ការប្រកួត​រវាង​ក្រុម​លេខ​៣ និង​លេខ​៤ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ប្រចាំ​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​២​ឆ្នាំ​២០១៧ ខណៈ​សូល​ទី​ឡូ​បាន​ចំណាត់ថ្នាក់​លេខ​៤៕  


Tag:
 Cambodian League 2
  វិសាខា​
  យុវជន​សាលា​បាល់ទាត់​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com