ជាតិ
ព្រះ​បរម​រតន​កោដ្ឋ​៖«​យើង​មិន​ចង់​ធ្វើ​មហាអំណាច​ទេ តែ​ចង់​ឲ្យ​ពិភពលោក​ដឹងថា​យើង​រួមគ្នា​»
15, Oct 2022 , 10:52 am        
រូបភាព
​ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​យាង​ចូល​៩០​ព្រះវស្សា​នៃ​សម្តេច​តា នរោត្តម សីហនុ នា​ឆ្នាំ​២០១១ កម្ពុជា​បានរៀបចំ​ព្រះរាជ​ពិធី​យ៉ាង​អធិកអធម នៅមុខ​ព្រះបរមរាជវាំង ដោយមាន​ទាំង​ព្រះរាជ​វត្តមាន​សម្តេច​តា សម្តេច​យាយ និង​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី​ផង​។ ព្រះរាជបន្ទូល​ជាង​២០​នាទី នា​វេលា​នោះ គឺជា​ព្រះរាជបន្ទូល​ចុងក្រោយ​នៃ​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​កាន់​ជនរួមជាតិ​របស់​ព្រះអង្គ​។​



​សូម​ស្តាប់​ព្រះរាជឱង្ការ​របស់​ព្រះ​បរម​រតន​កោដ្ឋ​




​នា​ចុងខែ​តុលា​ក្នុង​ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​ព្រះរាជ​ពិធី​ពីរ​រួមគ្នា​។ ទីមួយ​គឺ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​អតីតព្រះមហាក្សត្រ​នរោត្តម សីហនុ ៨៩​យាង​ចូល​៩០​ព្រះវស្សា និង​ទី​ពីរ គឺ​ព្រះ​រាជពិធី​ខួប​២០​ឆ្នាំ​នៃ​ការយាង​និវត្ត​របស់​សម្តេចឪ នរោត្តម សីហនុ មក​ព្រះរាជណាចក្រ​កម្ពុ​ជាទី​២​វិញ​។​

​ពីលើ​ព្រះទីន័ង​ច័ន្ទ​ឆាយា ដែល​អមដោយ​សម្តេចព្រះ​មហាក្សត្រី​យ៍ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ សម្តេចឪ នរោត្តម សីហនុ បាន​មាន​ព្រះរាជឱង្ការ​ច្រើន​សរសើរ ព្រះករុណា រដ្ឋាភិបាល រដ្ឋសភា និង​ប្រជាពលរដ្ឋ​ដែល​បាន​រួមគ្នា​កសាង​កម្ពុជា​។​

​សម្រាប់​ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​ចង់តែ​បង្ហាញ​ឲ្យ​ពិភពលោក​បានដឹង​អំពី​ការរួបរួម​គ្នា​នៃ​ប្រជាជាតិ​ខ្មែរ ហើយ​ព្រះអង្គ​មាន​ព្រះរាជបន្ទូល​បញ្ជាក់ថា សាមគ្គី ជា​កម្លាំង។

១៥ តុលា ឆ្នាំ២០១២ ជាថ្ងៃដ៏សោកសង្រែងរបស់រាស្ត្រខ្មែរ ក្រោយដំណឹងនៃការសោយព្រះទិវង្គត ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះជន្ម៨៩ព្រះវស្សានៅទីក្រុងប៉េកាំង ប្រទេសចិន។

១០ឆ្នាំទៅហើយ តែស្នាព្រះហស្ត ព្រះរាជបណ្តាំ និងព្រះទ័យយកចិត្តទុករបស់ព្រះអង្គ ធ្វើឲ្យប្រជារាស្ត្រនៅតែចងចាំ និងនឹកដល់ព្រះវររាជបិតាជានិច្ច។


Tag:
 ព្រះ​បរម​រតន​កោដ្ឋ​
  ព្រះរាជ​បណ្តាំ​
  ព្រះ​នរោត្តម​សីហនុ​
  សម្តេច​តា​
© រក្សាសិទ្ធិដោយ thmeythmey.com