កីឡាជាតិ
ជាតិ
Maycon ជួយឲ្យបឹងកេតឡើងចំណាត់ថ្នាក់ រីឯទ័ពទទួលបានលទ្ធផលដូចការរំពឹង
× ក្រុមបឹងកេតបានឡើងឈរលេខរៀងទី៣បណ្តោះអាសន្នក្នុងសប្តាហ៍ទី១៧នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ ក្រោយយកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ២-០ កាលពីល្ងាចថ្ងៃទី១៤ ខែតុលា។ ជាមួយគ្នានេះ ក្រសួងការពារជាតិ(ទ័ព)បានយកឈ្នះខេមបូឌានថាយហ្គឺរ ២-១ នៅលើទឹកដីរបស់ខ្លួនដូចការរំពឹងរបស់គ្រូបង្វឹក។ ចំណែកម្ចាស់ផ្ទះភ្នំពេញក្រោនបានត្រឹមវាយបកតាមស្មើ ១-១ ជាមួយក្រុមភ្ញៀវណាហ្គាវើល។
ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងខ្សែបម្រើជនជាតិប្រេស៊ីល Maycon Calijuri បានសម្រេចគ្រាប់បាល់ឲ្យបឹងកេតនាំមុខម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ១-០ នៅនាទីទី៦៧។ ការប្រកួតដំណើរការបាន៨នាទី Maycon បានសម្រេចគ្រាប់ទី២ឲ្យបឹងកេតបង្កើនការនាំមុខ ២-០។ ពីរគ្រាប់នេះ ក៏ជាគ្រាប់បាល់ជ័យជម្នះ ២-០ សម្រាប់បឹងកេតលើម្ចាស់ផ្ទះស្វាយរៀងផងដែរ។
ពីរគ្រាប់របស់ Maycon បាននាំឲ្យបឹងកេតដែលឈរលេខរៀងទី៤ក្នុងសប្តាហ៍ទី១៦ឡើងទៅឈរលេខរៀងទី៣បណ្តោះអាសន្នក្នុងសប្តាហ៍ទី១៧ដោយមាន៣៣ពិន្ទុ។ ព្រះខ័នរាជស្វាយរៀងទោះបីធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តនៅក្រោមដំណក់ភ្លៀងរលឹមក៏ដោយ តែក្រុមនេះបានបន្តឈរកំពូលតារាងដោយរក្សា៣៧ពិន្ទុ។
ងាកទៅមើលការប្រកួតនៅកីឡដ្ឋានស្តាតចាស់ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិបានយកឈ្នះក្រុមមិនស្គាល់ចាញ់៩ប្រកួតជាប់គ្នាខេមបូឌានថាយហ្គឺរក្នុងលទ្ធផល ២-១។ ជ័យជម្នះដូចការរំពឹងទុករបស់លោក ពេទ ឡុងរចនា គ្រូបង្វឹកក្រុមទ័ពនេះបានជួយឲ្យក្រុមនេះរំកិលចំណាត់ថ្នាក់ពីលេខ៦ទៅលេខ៥ជាមួយ៣០ពិន្ទុ។ ការបរាជ័យលើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹក Oriol Mohedano បានធ្វើឲ្យខេមបូឌាថាយហ្គឺរធ្លាក់ពីលេខរៀងទី៥មកឈរលេខទី៦ដោយរក្សា២៨ពិន្ទុ។
ដោយឡែក ការប្រកួតនៅកីឡដ្ឋាន RSN ម្ចាស់ផ្ទះភ្នំពេញក្រោនបានវាយបកតាមស្មើក្រុមភ្ញៀវណាហ្គាវើលយ៉ាងត្រដាបត្រដួសក្នុងលទ្ធផល ១-១។ លទ្ធផលនេះបានធ្វើឲ្យម្ចាស់ផ្ទះភ្នំពេញធ្លាក់ចំណាត់ថ្នាក់ពីលេខ៣ទៅលេខ៤ដោយមាន៣២ពិន្ទុ ខណៈណាហ្គាវើលបានបន្តឈរលេខរៀងទី២ដោយមាន៣៣ពិន្ទុ៕
Tag:
Cambodian League 2017
បឹងកេត
ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com