អន្តរជាតិ
បក្ស​កុម្មុយនីស្ត​ចិន​នឹង​កែ​រដ្ឋធម្មនុញ្ញ អាច​នឹង​បញ្ចូល​«​គំនិត​នយោបាយ​លោក​ ស៊ី ជិន​ភីង»
15, Oct 2017 , 8:19 pm        
រូបភាព
​គណបក្ស​ក​ម្មុយ​នី​ស្ត​ចិន​បានប្រកាសថា ខ្លួន​ឯកភាព​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បក្ស ក្នុង​សមាជ​បក្ស​លើក​ទី ១៩ ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំ​ម្តង​នៅ​សប្តាហ៍​ក្រោយនេះ​។ គេ​រំពឹងថា ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​វា​នឹងមាន​បញ្ចូល​«​គំនិត​នយោបាយ​»​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង ផងដែរ​។​



​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​រយៈពេល​ប្រាំ​ឆ្នាំ​ម្តង​នឹងត្រូវ​រៀបចំឡើង​នៅ​ចាប់​ពីថ្ងៃ ១៨ ខែតុលា សប្តាហ៍​ក្រោយនេះ​។ ក្នុង​សមាជ​នេះ គេ​រំពឹងថា រដ្ឋធម្មនុញ្ញ​បក្ស​នឹង​ត្រូវធ្វើ​វិសោធនកម្ម​ដោយមាន​ការបញ្ចូល​គំនិត​ន​យោ​យ​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង ផងដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​ថា គណបក្ស​ក​ម្មុយ​នី​ស្ត​ចិន​បានទទួល​ស្គាល់​រួចហើយ​ថា ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​នឹងត្រូវ​ធ្វើឡើង​ក្នុង​សមាជ​ខាងមុខ និង​សម្រេច​ទទួលស្គាល់​ដោយ​អង្គសមាជ​ទាំងមូល​។

​ថ្ងៃ​សៅរ៍​ទី ១៤ តុលា ម្សិលមិញ គណៈកម្មការ​មជ្ឈិមបក្ស​កុម្ម​នី​ស្ត​បានសម្រេច​អនុម័ត​សំណើសុំ​វិសោធនកម្ម​រួចហើយ ហើយ​សំណើ​នេះ​នឹង​ត្រូវដាក់​ឆ្លង​សមាជិក​ជា​ផ្លូវការ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​អនុម័ត​ជា​ផ្លូវការ​។​

​បើតាម​សំណើរ​របស់​បក្ស​កុម្មុយនីស្ត​ដែល​ទើប​ចេញ​នេះ វា​មានការ​កោតសរសើរ​ស្នា​ដៃ​និង​ការដឹកនាំ​របស់លោក ស៊ី ជិន​ភីង ប្រាំ​ឆ្នាំកន្លងមក​ជាពិសេស​ជោគជ័យ​ធំធេង​ក្នុងការ​បោសសម្អាត​អំពើពុករលួយ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​វា​មិនមាន​ការបញ្ជាក់​ពី​ការឈាន​ទៅ​ប​ញ្ជូ​ល​ឈ្មោះ ឬ​គំនិត​នយោបាយ​របស់​លោ​ល ស៊ី ជិន​ភីង​ក្នុង​រដ្ឋធម្មនុញ្ញ​បក្ស​ឡើយ​។​

​យ៉ាងណាមិញ គេ​ដឹង​ច្បាស់​ថា យុទ្ធសាស្ត្រ​សំខាន់​របស់លោក ស៊ី ជីន​ភីង ក្នុងការ​ពង្រឹង​អំណាច​គឺ​លទ្ធភាព​ក្នុងការ​បញ្ចូល​ឈ្មោះ​ខ្លួន​ក្នុង​រដ្ឋធម្មនុញ្ញ​បក្ស​នេះឯង​។ វា​នឹងធ្វើ​ឲ្យ​លោក​ស្ថិតក្នុង​ឋានៈ​ដែល​ស្មើមុខស្មើមាត់​ស្ថាបនិក និង​ជា​អ្នក​កសាង​ប្រទេស​ចិន​កន្លងមក​ដូចជា​លោក ម៉ៅ សេទុង និង​លោក តេង ស៊ា​វ​ភីង​ផងដែរ​។  ទាំង​ម៉ៅ សេទុង និង តេង ស៊ា​វ​ភីង​សុទ្ធ​តែមាន​ទ្រឹស្តី​នយោបាយ​និង​ឈ្មោះ​របស់ខ្លួន​ក្នុង​រដ្ឋធម្មនុញ្ញ​បក្ស​។​

​ចំណែក​មេ​ដឹក​ចិន​ពីរ​នាក់​ផ្សេងទៀត​ដូចជា​លោក ហ៊ូ ជិន​តាវ និង​លោក ជៀង ស៊ី​មិន (Jiang Zemin) មាន​ត្រឹម​ទ្រឹស្តី​និង​គំនិត​នយោបាយ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ តែ​មិនមាន​ឈ្មោះ​នោះឡើយ​។​

​បច្ចុប្បន្ននេះ​បក្ស​កុ​ម្មុនី​ស្ត​ចិន​កំពុង​ត្រៀម​បញ្ចូល​«​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ​បួន​»​ដែល​សំដៅ​ដល់​ការព្យាយាម​របស់​ចិន​ក្នុង​កសាង​សង្គម​ដែលមាន​វិបុលភាព ពង្រឹង​ការកែទម្រង់ នីតិរដ្ឋ និង​វិន័យ​របស់​បក្ស​ផង​។ មួយទៀត​គឺ ភាព​អស្ចារ្យ​ទាំង​បួន ដែល​សម្តៅ​ដល់​ការកសាង​បក្ស​កុម្មុយនីស្ត និង ផ្លាស់ប្តូរ​សង្គមជាតិ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​


Tag:
 បក្ស​កុម្មុយនីស្ត​ចិន​
 ​ ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com