រថយន្ត
អន្តរជាតិ
នាយករដ្ឋមន្ត្រី​កាណាដា បន្ត​ប្រើប្រាស់​រថយន្ត​ថ្លៃ​កប់​ពពក​ដែលជា​មរតក​របស់​ឪពុក​
16, Oct 2017 , 8:19 pm        
រូបភាព
ដោយ: ធីតា
​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau តែងតែ​ធ្វើដំណើរ​ផ្លូវការ​ជាមួយ​រថយន្ត​ទំនើប​លី​ម៉ូ​ស៊ីន Cadillac DTS ហើយ​សម្រាប់​ដំណើរ​ជាមួយ​គ្រួសារ​លោក​ប្រើប្រាស់​រថយន្ត Toyota Sienna ពណ៌​ខ្មៅ​។ ប៉ុន្តែ​នៅក្នុង​កម្មវិធី​ធំៗ មេដឹកនាំ​វ័យក្មេង​រូបនេះ តែងតែ​បង្អួត​រថយន្ត 1960 Mercedes-Benz 300SL ដែលជា​កេរ​របស់​ឪពុក​ខ្លួន​។​



​រថយន្ត Mercedes-Benz 300SL ផលិត​នៅ​ឆ្នាំ​១៩៦០ គឺជា​រថយន្ត​ដ៏​ប្រណីត និង​ថ្លៃ​បំផុត​ដែល​លោក Pierre Elliott Trudeau អតីត​នាយករដ្ឋមន្ត្រី​កាណាដា បន្សល់ទុក​សម្រាប់​កូនប្រុស​ច្បង​របស់ខ្លួន គឺ​លោក Justin Trudeau ដែលជា​នាយករដ្ឋមន្ត្រី​កាណាដា នាពេល​បច្ចុប្បន្ន​។​



​កាសែត​ជំនាញ​ទីផ្សា SL Market Letter បាន​កត់សម្គាល់ថា 1960 Mercedes-Benz 300SL ជា​ប្រភេទ​រថយន្ត​ដ៏​ទំនើប លឿន និង​មានតម្លៃ​បំផុត​មួយ​ក្នុង​សម័យកាល​របស់ខ្លួន​។ នា​រយៈពេល​ជិត​៦០​ឆ្នាំ​កន្លងមកនេះ វា​នៅតែ​មានតម្លៃ​ខ្ពស់​ដដែល​នៅលើ​ផ្សា​ដេញថ្លៃ ដោយ​វា​ស្ថិតក្នុង​តម្លៃ​ចន្លោះ​ពី​១​លាន ទៅ​២.៥​លាន​ដុល្លារ​អាមេរិក​។​

​ម៉ូ​ដែល Mercedes-Benz 300SL ត្រូវបាន​ដាក់លក់​នៅ​ចន្លោះ​ឆ្នាំ​១៩៥៧ ដល់​ឆ្នាំ​១៩៦៣ ហើយ​លោក Justin Trudeau ទទួលបាន​មរតក​នេះ បន្ទាប់​ឪពុក​ខ្លួន លោក Pierre Elliott Trudeau ទទួលមរណភាព​នៅ​ឆ្នាំ​២០០០​។

​ទោះបីជា​វា​មាន​ចំណាស់​ជិត​៦០​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​វា​នៅតែ​ជា​រថយន្ត​ដ៏​ទាក់ទាញ ហើយ​លោក Justin Trudeau បាន​ប្រើប្រាស់​វា​នា​ពិធីមង្គលការ​របស់លោក​ជាមួយ​លោកស្រី Sophie Grégoire  កាលពី​ខែឧសភា ឆ្នាំ​២០០៥ កន្លងមក​ដែរ​។​



​កាលពី​ឆ្នាំមុន រថយន្ត​ប្រហាក់ប្រហែល​នេះ ត្រូវបាន​លក់​ក្នុងតម្លៃ ១ ៩៤២ ០០០​ដុល្លារ​អាមេរិក នា​អំឡុង​នៃ​ព្រឹត្តិការណ៍​យានយន្ត​មួយ​ដែលមាន​ឈ្មោះថា Amelia Island Concours d’Élégence ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​៕





Tag:
 Justin Trudeau
© រក្សាសិទ្ធិដោយ thmeythmey.com