កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ​ឈ្នះ Pacquiao ធ្វើ​ឲ្យ Horn ក្លាយជា​អត្ត​ព​លិ​ក​គួរ​ឲ្យ​សរសើរ​ជាងគេ​នៅ​អូស្ត្រាលី​
17, Oct 2017 , 8:19 am        
រូបភាព
​អ្នក​ប្រដាល់ Jeff Horn ទទួលបាន​កិត្តិយស​ជា​កំពូល​អត្ត​ព​លិ​ក​ឆ្នើម​ជាងគេ​បំផុត​ប្រចាំឆ្នាំ​នៅ​អូស្ត្រាលី ដោយសារ​ការ​ផ្តួល Manny Pacquiao ដែលជា​កំពូល​អ្នក​ប្រដាល់​ដ៏​ល្បីល្បាញ​លើ​លោក​។​



​អ្នក​ប្រដាល់​សញ្ជាតិ​អូស្ត្រាលី វ័យ​២៩​ឆ្នាំ Jeff Horn បានធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារ​អាច​យកឈ្នះ​លើ​ស្តេច​ប្រដាល់​អាស៊ី Pacquiao បាន​នា​ការប្រកួត​លើស​ង្វៀន​ក្នុង​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​២ ខែកក្កដា​កន្លងទៅ​។​

​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​រូបគេ​ក្លាយជា​អត្ត​ព​លិ​ក​ដែល​«​បំផុសគំនិត​»​និង​មានការ​ចាប់អារម្មណ៍​ជាងគេ​បំផុត​នៅ​អូស្ត្រាលី​ប្រចាំ​ឆ្នាំនេះ​។​

​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Rappler អ្នក​ប្រដាល់​អតីត​គ្រូបង្រៀន​នេះ​បានឈ្នះ​ពាន «The Don» នៅក្នុង​កម្មវិធី Sport Australia Hall of Fame Awards ដែលជា​កម្មវិធី​ផ្តល់​ពានរង្វាន់​ដល់​អត្ត​ព​លិ​ក​របស់​អូស្ត្រាលី​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​កន្លងទៅ​នៅ​ទីក្រុង​មែ​ល​ប៊​ន​។ ក្រោយ​ទទួលពាន​នេះ អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​បាន​និយាយថា​៖«​វា​ជា​កិត្តិយស​ដ៏​ធំ​។ ខ្ញុំ​អាច​ចាំ​ថា​មាន​អ្នកឈ្នះ​ពាន​នេះ​ពីមុនមក​ដូចជា​កី​ឡ​ការិនី Cathy Freeman និង​កីឡាករ​ហែល​ទឹក Ian Thorpe​។ ខ្ញុំ​បាន​ក្លាយជា​អត្ត​ព​លិ​ក​ដែល​បំផុសគំនិត​ដ៏​មាន​សក្តានុពល​សម្រាប់​អត្ត​ព​លិ​ក​ជំនាន់​ក្រោយ​ដូចជា​អ្នក​ទាំងពីរ​នេះ​គឺជា​អារម្មណ៍​ដែល​មិនគួរ​ឲ្យ​ជឿ​»​។​

​អ្នក​ប្រដាល់​ដែល​ធ្លាប់​ឡើង​វាយ​១៧​លើក ឈ្នះ​១៦​ដង​មិនដែល​ចាញ់​រូបនេះ​បន្ថែមទៀតថា ជួនកាល​រូបគេ​នៅតែ​មិន​ជឿ​លើ​ខ្លួនឯង​ថា​អាច​យកឈ្នះ​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ​បំផុត​ម្នាក់​របស់​ពិភពលោក និង​ជា​ម្ចាស់​ខ្សែក្រវាត់​៨​ស្ថា​ប័ណ​ផ្សេងគ្នា​នោះ​។​

Horn អាច​នឹង​ជួប​អ្នក​ប្រដាល់​សញ្ជាតិ​អង់គ្លេស Gary Corcoran ទីក្រុង Brisbane ដដែល​ក្នុង​ខែធ្នូ​ខាងមុខនេះ បន្ទាប់ពី​ជំនួប​សងសឹក​រវាង​រូបគេ​ជាមួយ Pacquiao ត្រូវបាន​ច្រានចោល​៕


Tag:
 ប្រដាល់​
  Jeff Horn
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com